ជាតិ
សេដ្ឋកិច្ច
កម្ពុជា​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ឆ្ដោ​បាន​ច្រើន ខណៈ​ការចិញ្ចឹម​ក្នុងស្រុក​កើន​ដល់៦០​ពាន់​តោន​
16, Dec 2018 , 6:35 pm        
រូបភាព
លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក វេង​ សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ដោយ:
ភ្នំពេញ​៖ ក្រោយពី​រដ្ឋាភិបាល​អនុ​ញ្ញាត​បើក​ឲ្យ​ចិញ្ចឹម​ឡើងវិញ​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ការចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ​ក្នុងស្រុក កើន​ឡើងជា​លំដាប់ ដែល​អាច​កាត់បន្ថយ​ការនាំ​ចូល​ជា​បន្តបន្ទាប់​។​



​ត្រី​ឆ្ដោ​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវបាន​ប៉ាន់​ស្មានថា​មាន​បរិមាណ ៦០​ពាន់​តោន កើនឡើង​ពី​តួលេខ ៤០​ពាន់​តោន​កាលពី​ឆ្នាំ​២០១៧​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងឱកាស​លោក​ចុះ​ពិនិត្យមើល​កសិក​ដ្ឋា​ន​ចិញ្ចឹម​ត្រី​ឆ្ដោ​មួយកន្លែង​នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​១៣​ខែធ្នូ​។​

​លោក វេ​ង សាខុន មានប្រសាសន៍​ដូច្នេះ​ថា​៖«​នេះ​ជាការ​ចាក់​បំពេញតម្រូវកា​រ​ទីផ្សារ ដែលជា​ការគិតគូរ ពិសេស​ចាប់ពី​ខ្ញុំ​ចូល​បំពេញ​មុខងារ​នៅ​ក្រសួងកសិកម្ម​។ ពីមុនៗ​មក យើង​បណ្ដែតបណ្ដោយ​លើ​រឿង​ចិញ្ចឹម​ត្រី​រស់ ត្រី​ឆ្ដោ​នេះ ព្រោះ​ខ្លាច​បាត់បង់​ត្រី​ធម្មជាតិ (​បាត់បង់​កូន​ត្រី​សម្រាប់​ជា​ចំណី​)​។ តែ​ឥឡូវ​សំខាន់បំផុត​គឺ​យើង​ចៀសវាង​ការ​ខូចប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​យើង​ទិញ​តែ​របស់គេ ហើយ​យើង​មិនដឹងថា​គេ​ចិញ្ចឹម​យ៉ាងម៉េច​? ដល់ពេល​យើង​ចិញ្ចឹម​ខ្លួនឯង យើង​អាច​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​ចំពោះ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​»​។​

ខណៈ​ការចិញ្ចឹម​ក្នុងស្រុក​កើនឡើង ការនាំ​ចូល​ត្រី​ឆ្ដោ​ពី​ក្រៅប្រទេស​ត្រូវបាន​កាត់បន្ថយ​។ ការនាំ​ចូល​ត្រី​ឆ្ដោ​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​កាត់បន្ថយ​ម​ក​ត្រឹម ១៣​ពាន់​តោន ថយចុះ​ច្រើន​បើ​ធៀប​នឹង​ការនាំ​ចូល​ពី ៤០​ពាន់​តោន ទៅ​៦០​ពាន់​តោន​ក្នុង​ឆ្នាំមុនៗ​នោះ​៕


Tag:
 វេ​ង សាខុន​
  ត្រី​ឆ្ដោ​
© រក្សាសិទ្ធិដោយ thmeythmey.com