ជាតិ
ផ្លូវ ភ្លើង គ្រឿងញៀន ជាអ្វីដែលពលរដ្ឋខេត្តសៀមរាបចង់ឱ្យអភិបាលថ្មីធ្វើមុនគេ
× សៀមរាប៖ នៅព្រឹកថ្ងៃទី១៣ ធ្នូ ពិធីប្រកាសតែងតាំង និងផ្ទេរតំណែងអភិបាលខេត្តសៀមរាបថ្មី ត្រូវបានរៀបចំជាផ្លូវការក្រោមវត្តមានរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សម្ដេច ស ខេង ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប។ លោក ទៀ សីហា ពីអភិបាលរង ឡើងជាអភិបាលខេត្ត ជំនួសលោក ឃឹម ប៊ុនសុង ដែលដល់អាយុចូលនិវត្តន៍។ ប្រជាលរដ្ឋមួយចំនួនធំបានសាទរចំពោះវត្តមានលោក ទៀ សីហា ដែលជាយុវជន ហើយថានឹងអាចកែប្រែមុខមាត់ថ្មីដល់ខេត្តទេសចរណ៍សៀមរាប។ តើអ្វីខ្លះដែលពលរដ្ឋចង់ឃើញលោកអភិបាលខេត្តថ្មីធ្វើមុនគេ?
លោក គិម ប៊ុនថាន់ ពលរដ្ឋរស់នៅក្រុងសៀមរាប បានអត្ថាធិប្បាយខ្លីចំពោះសំណូមពរដែលចង់ឃើញអភិបាលខេត្តថ្មីធ្វើ នោះគឺកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានស្អាត ស័ក្ដិសមជាខេត្តទេសចរណ៍របស់កម្ពុជា។ ជាងនេះទៅទៀត លោកក៏ចង់ឱ្យមានការគិតគូរពីបញ្ហាបរិស្ថាន សំរាម និងកែលម្អប្រព័ន្ធលូក្នុងក្រុងឱ្យបានល្អប្រសើរជាងមុនផងដែរ។
ឯលោក ស៊ា សុផល វិញ ក៏ចាប់អារម្មណ៍ និងរីករាយចំពោះវត្តមានអភិបាលខេត្ដថ្មីនេះដែរ។ សម្រាប់លោក សុផល លោក ទៀ សីហា ជាយុវជន និងបានធ្វើការងារជាមួយសង្គមក៏ច្រើនជាមួយសកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ដែលលោកជាប្រធាន។ ក្នុងតំណែងថ្មីនេះ តាមការលើកឡើងរបស់លោក ស៊ា សុផល ចំណុចអទិភាពដែលអភិបាលថ្មីគួរធ្វើ ដូចជាកែលម្អផ្លូវថ្នល់ រៀបចំភ្លើងបំភ្លឺផ្លូវក្នុងក្រុង ពិសេសតាមផ្លូវដែលសម្បូរទេសចរដើរ និងបន្តបំផុសចលនាសៀមរាបផ្ទះខ្ញុំឱ្យកាន់តែទូលំទូលាយ មិនត្រូវធ្វើតែតំបន់មាត់ស្ទឹងតែមួយទេ គឺទៅតំបន់ខាងក្នុង ឬជាយក្រុងជាដើម។ល។
ក្រៅពីនេះលោក សុផល បានមើលឃើញពីចំណុចមួយចំនួនទៀតដែលនៅសេសសល់ពីអភិបាលចាស់ ហើយអភិបាលថ្មីគួរធ្វើដែរនោះ គឺបង្ក្រាបបទល្មើសថ្នាំញៀន និងដោះស្រាយទំនាស់ដីធ្លីជូនពលរដ្ឋដែលត្រូវបានរំលោភដោយអ្នកមានអំណាចតាមរយៈការធ្វើប្លង់កម្មសិទ្ធស្ទួនជាដើម។
សម្រាប់លោកស្រី ស៊ិនកេត អារុណ ឯណោះវិញ លោកស្រីចង់ឱ្យអភិបាលខេត្តថ្មី បន្តអភិវឌ្ឍន៍ផ្លូវក្នុងក្រុងសៀមរាបឱ្យបានស្អាត និងងាយស្រួលធ្វើចរាចរណ៍។ ជាមួយគ្នានេះដែរ លោកស្រីចង់ឃើញខេត្តសៀមរាបជាខេត្តទេសចរណ៍ពិតប្រាកដ មានទេសចរកាន់តែច្រើន ដែលនឹងជំរុញសេដ្ឋកិច្ចក្នុងខេត្តនេះឱ្យកាន់តែប្រសើរឡើង ហើយចង់ឃើញការប្រកួតប្រជែងរបស់អ្នករកស៊ីនៅលើទីផ្សារមានភាពស្មើគ្នាផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com