សៀមរាប៖ កន្លងមកធ្លាប់មានការស្រាវជ្រាវ និងបង្ហាញពីផលប៉ះពាល់ដល់សុខភាពស្ដ្រីជាខ្លាំង ពេលពួកគេប្រើប្រាស់សំឡីអនាម័យធ្វើពីប្លាស្ទិក។ សំឡីអនាម័យប្លាស្ទិក អាចបង្កជាមេរោគមហារីកស្បូន។ កម្មវិធីអប់រំសុខភាពមួយពីប្រទេសម៉ាឡេស៊ី បានបង្រៀនស្ដ្រីកម្ពុជាឱ្យរៀនដេរក្រណាត់ធ្វើទ្រនាប់សំឡី ជំនួសការប្រើសំឡីបច្ចុប្បន្នដែលធ្វើពីប្លាស្ទិក ព្រោះវាអាចបង្កជំងឺច្រើនយ៉ាងដោយស្ដ្រីដោយមិនដឹងខ្លួន។
កម្មវិធីអប់រំខ្លីស្ដីពីសុខភាពស្ដ្រី សុខភាពផ្លូវភេទ និងរបៀបដេរសំឡីអនាម័យពីក្រណាត់ ត្រូវបានបង្រៀនទៅកាន់ក្មេងស្រីក្នុងតំបន់មួយចំនួនក្នុងខេត្តសៀមរាប។ កម្មវិធីនេះ គឺបង្រៀនដោយអ្នកស្ម័គ្រចិត្តពីប្រទេសម៉ាឡេស៊ី ដោយគម្រោងបានអនុវត្តន៍ភាគច្រើននៅតំបន់ដែលមានការអប់រំតិចតួច។
កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៨ កម្មវិធីខាងលើត្រូវបានរៀបចំធ្វើនៅអង្គការ ផែបភី ដោយមានយុវជន និងយុវនារីប្រមាណ ៣០នាក់ចូលរួម ដែលភាគច្រើនកំពុងរៀននៅថ្នាក់វិទ្យាល័យ។ អ្នកគ្រូពេទ្យ ឡូរ៉ា គឺជាគិលានុបដ្ឋាយិកាមកពីប្រទេស អូស្រា្ដលី គឺជាគ្រូបង្រៀននៅក្នុងវគ្គអប់រំខ្លីខាងលើ។
សម្រាប់អ្នកគ្រូ ឡូរ៉ា ការអប់រំផ្លូវភេទពិតជាមានសារសំខាន់ណាស់សម្រាប់យុវវ័យ ដើម្បីឱ្យពួកគេត្រៀមខ្លួន និងយល់ដឹង ថាតើពេលណាពួកគេគួររួមភេទ និងមិនគួរ និងពេលណាគួរមានកូន ឬមិនគួរ។ យ៉ាងណា អ្នកគ្រូមើលឃើញថា ការអប់រំបែបនេះនៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ គឺមិនទាន់ទូលំទូលាយដូចនៅមជ្ឈឹមប្រទេសទេ ដោយសារបរិយាកាសសង្គមនៅមានភាពខ្មាសអៀនច្រើន។ អ្នកឯកទេសផ្នែកសុខភាពមកពីប្រទេសអូស្ដ្រាលី លើកទឹកចិត្តឱ្យពលរដ្ឋខ្មែរនិយាយរឿងសុខភាពផ្លូវភេទឱ្យបានច្រើន ព្រោះវាមានសារសំខាន់សម្រាប់ពួកគេ។
ក្រៅពីបង្រៀនពីការអប់រំផ្លូវភេទហើយនោះ កម្មវិធីអប់រំនៅពេលនោះក៏បង្ហាញពីវិធីសាស្ដ្រដេរសំឡីអនាម័យបែបបុរាណដល់ស្ដ្រីផងដែរ។ អ្នកជំនាញថា ក្រណាត់គឺជាទ្រនាប់ដ៏ប្រសើរបំផុតសម្រាប់ស្ដ្រីពេលមករដូវ ដ្បិតថា សំឡីអនាម័យដែលកំពុងចរាចរណ៍នៅលើទីផ្សារសព្វថ្ងៃ មានហានិភ័យខ្ពស់ដល់សុខភាពស្ដ្រី វាអាចបង្កជាជំងឺមហារីកផងដែរ។
លោក តាំង វុទ្ធី ជាអ្នកស្ម័គ្រចិត្តក្នុងគម្រោងសំឡីអនាម័យកម្ពុជា និងមិត្តភក្ដិជនជាតិម៉ាឡេស៊ី៤នាក់ទៀត បានផ្តើមគម្រោងនេះនៅកម្ពុជាតាំងពីឆ្នាំ ២០១៧។ លោកពន្យល់ថា ហេតុផលដែលក្រុមការងារលោករៀបចំគម្រោងនេះនៅខេត្តសៀមរាប ដោយសារបានឃើញតំបន់មួយចំនួនមានកង្វះការអប់រំទាក់ទងនឹងបញ្ហាអនាម័យ ហើយក្មេងស្រីមួយចំនួនបានបោះបង់ការសិក្សានៅពេលពួកគេគ្រប់អាយុមករដូវ។ លោកបន្ថែមថា៖« ការស្រាវជ្រាវរបស់ខ្ញុំរកឃើញថា ក្មេងស្រីដែលមករដូវ ពួកគេឈប់មកសាលា ដោយសារការខ្មាសអៀន និងមិនចេះសម្អាតជាដើម»។
ទាក់ទងនឹងការប្រើប្រាស់សំឡីអនាម័យពីក្រណាត់ តាមការពន្យល់របស់លោក តាំង វុទ្ធី វាបានជួយស្ដ្រីពីជំងីអាឡាក់ស៊ី ទប់ស្កាត់ការបង្កមេរោគមហារីក។ល។ លោកបន្ថែមថា បច្ចុប្បន្ននៅប្រទេសមួយចំនួនបានប្ដូរមកប្រើប្រាស់តាមបែបប្រពៃណីនេះវិញ ដោយបានយល់ពីផលប៉ះពាល់នៃសំឡីប្លាស្ទិក។
អ្នកគ្រូ ឡូរ៉ា បានពន្យល់ថា ការប្រើប្រាស់សំឡីបច្ចុប្បន្នប៉ះពាល់ដល់សុខភាព និងបរិស្ថានជាខ្លាំង។ អ្នកគ្រូគាំទ្រចំពោះការប្រើសំឡីពីក្រណាត់ ព្រោះវាមានសារសំខាន់ដល់សុខភាព រួមទាំងកាត់បន្ថយការចំណាយ តែអ្នកគ្រូរំឮកឱ្យមានការសម្អាតឱ្យបានត្រឹមត្រូវផងដែរ។
យុវតី ឡាដា អាយុ១៧ឆ្នាំ ដែលបានចូលរួមក្នុងកម្មវិធីអប់រំខាងលើបាននិយាយថា វាមានសារសំខាន់មែនទែនសម្រាប់ខ្លួននាង នៅពេលដឹងពីបញ្ហាសុខភាពបានច្រើនបែបនេះ។ ឡាដា បន្ថែមថា នាងគាំទ្រ និងទទួលយកវិធិសាស្ដ្រប្រើប្រាស់សំឡីអនាម័យពីក្រណាត់ ព្រោះវាអាចបង្ការោគមហារីកស្បូនពីការប្រើសំឡីប្លាស្ទិកដែលខ្លួននាងមើលមិនឃើញ។ ឡាដា អះអាងថា នឹងផ្តើមប្រើប្រាស់វិធីសាស្ដ្របុរាណនេះ ហើយនឹងណែនាំដល់បងប្អូន និងមិត្តភក្ដិឯទៀតយល់ពីបញ្ហា និងរបៀបប្រើនេះផងដែរ៕