ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ពលរដ្ឋ​កំពង់​ឃ្លាំង​ចង់ឱ្យ​សហគមន៍​ខ្លួន​ក្លាយជា​ភូមិ​គំរូ​ដែល​គ្មាន​សំរាម​
17, Dec 2018 , 8:19 am        
រូបភាព
​សៀមរាប​៖ ​សំរាម បាន​ក្លាយជា​បញ្ហាចម្បងមួយ ក្នុងចំណោមបញ្ហា​ធំៗដទៃទៀត នៅក្នុងកាលៈទេសៈដែល​ប្រទេសកំពុង​អភិវឌ្ឍ​ន៍​។ ពេលណា​មាន​មនុស្ស​ច្រើន ការ​ទុកដាក់​សំរាម​ក៏​មិនបាន​ត្រឹមត្រូវ​ដែរ​។ ឃុំ​កំពង់​ឃ្លាំង មាន​ភូមិសាស្ដ្រ​នៅជាប់​បឹង​ទន្លេសាប ហើយ​មាន​ប្រជាពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​កំពុង​រស់នៅ​។ ការលុបបំបាត់​សំរាម បានក្លាយ​ចំណុច​អាទិភាព​របស់​អាជ្ញាធរ​ឃុំ​កំពង់​ឃ្លាំង យកចិត្តទុកដាក់​ខ្ពស់ ដ្បិត​ពួក​គ​យល់ថា បើ​ចង់បាន​ការអភិវឌ្ឍ នោះគេ​ត្រូវ​គិតគូរ​ពី​បរិស្ថាន​ជាមុន​។ ពួកគេ​មាន​ក្ដី​ស្រមៃ​ចង់ឱ្យ​សហគមន៍​ដ៏​មាន​សក្កា​នុព​ល​ផ្នែក​ទេសចរណ៍​មួយ​នេះ គ្មាន​សំរាម និង​អាច​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​កម្សាន្ត បង្កើត​ចំណូល​ដល់​សហគមន៍​នាពេល​អនាគត​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​៖



 
​ឃុំ​កំពង់​ឃ្លាំង មាន​ភូមិសាស្ដ្រ​ជាប់​នឹង​បឹង​ទន្លេសាប ហើយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ជាង ៨០​ភាគរយ​ជា​អ្នកនេសាទ​។ ដោយសារ​រស់​នៅលើ​ផ្ទៃ​ទឹក ដូច្នេះ​ការ​ទុកដាក់​សំរាម​របស់​ពួកគេ​មិនសូវ​បាន​ត្រឹមត្រូវ​ឡើយ​។ ពួកគេ​តែង​ទម្លាប់​បោះចោល​ក្នុង​ទឹក ហើយ​វា​បាន​ក្លាយជា​ទម្លាប់​សម្រាប់​កូនចៅ​ពួកគេ​។​
 
​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫ​ស្សី បានចាប់ផ្តើម​គម្រោង​សម្អាត​បរិស្ថាន​​នៅ​តំបន់​កំពង់​ឃ្លាំង ដោយសារ​មើលឃើញ​ពី​ផលប៉ះពាល់ និង​ហានិភ័យ​ជាច្រើន​ ដែល​កើតចេញពី​សំរាម​។ ខុសពី​តំបន់​ដទៃ ការបំពុល​បរិស្ថាន​ដោយសារ​សំរាម បានធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​។​


 
​យុទ្ធនាការ​សម្អាត​បរិ​ស្ថាន​ដ៏​ធំ​មួយ ​ត្រូវបាន​ធ្វើឡើង​នៅ​ឃុំ​កំពង់​ឃ្លាំង​កាលពី​ដើមខែធ្នូ ដោយមាន​ការចូលរួម​ពី​អង្គការ​ជាតិ អន្ដរជាតិ អាជ្ញាធរ និង​ប្រជា​សហគមន៍​ដែល​សរុប​ជាង ៩០០​នាក់​។ យុទ្ធនាការ​ដោយ​ការ​ជិះទូក ​ដើម្បី​ការអប់រំ​ពលរដ្ឋ​ឱ្យ​យល់​ពី​ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ និង​ស្គាល់​តម្លៃរបស់​​សំរាម​។​
 
​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នងឫ​ស្សី ដែល​បានធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​កំពង់​ឃ្លាំង​កាលពី​ដើមខែធ្នូ​កន្លងទៅ បានឱ្យដឹងថា យុទ្ធនាការ​នេះ​រាង​ប្លែក​បន្ដិច ប៉ុន្តែវា​បាន​ធានា​និរន្តរភាព​ក្នុងការ​ទុកដាក់​សំរាម​ផងដែរ​។ សំរាម​ដែល​ប្រមូលបាន​ក៏ត្រូវ​បាន​បែង​ចែកជា​ពីរ​ផ្នែក ដោយ​ផ្នែក​មួយ​ត្រូវ​នាំយកទៅ​កែច្នៃ​ធ្វើ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ តាម​ដែល​អាចធ្វើ​ទៅបាន​។​
 
​ក្រុមហ៊ុន​អន្ដរជាតិ Pss Pl ជា​ក្រុមហ៊ុន​កែច្នៃ​សំរាម ​ក៏បាន​ចូលរួម​ក្នុង​យុទ្ធនាការ​ខាងលើ​នេះដែរ​។ ហេតុផល​ដែល​ក្រុមហ៊ុន​នេះ ​ចូលរួម​ជាមួយ​យុទ្ធនាការ​ខាងលើ ដោយសារ​មើលឃើញ​ពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​ការបំពុល​ប្រព័ន្ធ​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​។ ទឹក​ស្រក​មិនបាន​នាំ​ថង់​ប្លា​ស្ទិ​ក ឬ​សំរាម​ដទៃ​ជាច្រើន​ទៅជា​មួយ​ទេ ផ្ទុយទៅវិញ​វា​បាន​បង្ក​ផលប៉ះពាល់​ជាច្រើន ពិសេស​ការរស់នៅ​រប​ស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កំពង់​ឃ្លាំង​តែម្ដង​។​


 
​លោក ម៉ាក ហ្វី​ន​ស្ទឺ​លីន តំណាង​ក្រុមហ៊ុន Pss Pl បាន​លើកឡើងថា លោក​បាន​មកដល់​កំពង់​ឃ្លាំង​ក្នុងអំឡុង​ខែ វិច្ឆិកា និង​បានឃើញ​សំរាម​ជាច្រើន​ អណ្ដែត​នៅក្រោម​ផ្ទះ​ប្រជាពលរដ្ឋ​។ ពេលនោះ​លោក​ក៏បាន​គិតថា គួរ​ធ្វើ​អ្វីមួយ​ទាក់ទង​នឹង​រឿងនេះ និង​ក្រោយមក​ក៏បាន​ជួបពិភាក្សា​ជាមួយ​មិត្តភក្ដិ សហគមន៍ និង​អង្គការ​ក្នុងស្រុក​ដើម្បី​កំណត់​តំបន់​គ្មាន​សំរាម ក៏ដូចជា​បង្កើត​រចនា​សម្ព័ន្ធ​មួយ​ដើម្បី​ដោះស្រាយ​រឿង​សំរាម​នេះ​។​
 
​យុវ​សិស្ស អឿន សារ៉ូ​ន អ្នក​ឃុំ​កំពង់​ឃ្លាំង និង​ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅថ្ងៃនោះ​ដែរ បានបង្ហាញ​អារម្មណ៍​រីករាយ​ពេល​ឃើញ​អ្នកភូមិ​ទាំងអស់​មាន​ភាព​សហកា​រ​គ្នា និង​យកចិត្តទុកដាក់​លើ​បញ្ហា​សំរាម​ ក្នុង​សហគមន៍​របស់ខ្លួន​បែបនេះ​។ កន្លងមក សារ៉ូ​ន មើលឃើញថា ការ​ទុកដាក់​សំរាម​នៅ​មិនទាន់​ប្រសើរ​ឡើយ​សម្រាប់​សហគមន៍​រប​ស់​នាង តែ​នាង​ចាប់ផ្តើម​រីករាយ​ជាខ្លាំង​នៅពេល​អ្នកភូមិ​ចាប់ផ្តើម​យល់ ចេះ​ទុកដាក់​សំរាម យល់​ពី​តម្លៃ និង​ផលប៉ះពាល់​របស់​សំរាម​។​
 
​ជាមួយគ្នានេះដែរ សារ៉ូ​ន ចង់ឱ្យមាន​កម្មវិធី​អប់រំ​បរិស្ថាន​ដល់​សហគមន៍​ខ្លួន​កាន់តែច្រើន និង​ធ្វើជា​ញឹកញាប់ ដើម្បី​បន្ដ​ប​ញ្ជ្រ​ប​ចំណេះដឹង​ផ្នែក​បរិស្ថាន​ដល់​សហគមន៍​កំពង់​ឃ្លាំង​ឱ្យ​កាន់តែ​ទូលំទូលាយ​។ សម្រាប់ សារ៉ូ​ន សំរាម​ជា​បញ្ហាសំខាន់ បើ​គ្មាន​សំរាម​នោះ​កំពង់​ឃ្លាំង​នឹង​អាច​ទាក់ទាញ​ទេសចរ​កាន់តែច្រើន​ឱ្យទៅ​កម្សាន្ត​។​


 
​ចំណែកឯ​យុវ​សិស្ស គា ស្រីមុំ វិញ​ក៏​យល់​ដូច សារ៉ូ​ន ដែរ​។ ស្រីមុំ​ថា នាង​ចង់ឱ្យ​អង្គ​ការជំរុញ​ការអប់រំ​បរិស្ថាន​ ឱ្យបាន​ច្រើន​ក្នុង​សហគមន៍​នាង ដើម្បីឱ្យ​ពលរដ្ឋ​មានការ​យល់ដឹង​ផ្នែក​បរិស្ថាន​នេះ​កាន់តែច្រើន​។ សម្រាប់​ស្រីមុំ ពលរដ្ឋ​កំពង់​ឃ្លាំង​រកស៊ី​ពី​ផល​នេសាទ​បានតែ​ក្នុង​ខែវស្សា ហើយ​ខែប្រាំង​ពួកគេ​រកចំណូលបាន​តិចតួច​បំផុត។ ដូច្នេះ​ប្រសិនបើ​វិស័យ​ទេសចរណ៍​នៅ​តំបន់​នេះ​មានការ​រីកចម្រើន នោះ​ពលរដ្ឋ​លែង​បារម្ភ​ចំពោះ​បញ្ហា​ជីវភាព​ទៀត​ដែរ​។​
 
​សម្រាប់​ស្រីមុំ នាង​មាន​ក្ដី​ស្រមៃ​ចង់​បានឱ្យ​ពលរដ្ឋ​ក្នុង​សហគមន៍​នាង​មានចំណេះដឹង និង​យល់ដឹង​ពី​បញ្ហា​សំរាម​ឱ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​អភិវឌ្ឍន៍​សហគមន៍​នេះ​ក្លាយជា​គំរូ​ល្អ​ដល់​សហគមន៍​ឯទៀត​ដែល​រស់នៅ​ជាប់​បឹង​ទន្លេសាប​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com