អន្តរជាតិ
មនុស្សជាច្រើននាក់រងរបួស និងអគារមួយចំនួនបាក់ស្រុតក្នុងហេតុការណ៍ផ្ទុះនៅជប៉ុន
× មានករណីផ្ទុះដ៏ខ្លាំងមួយនៅភោជនីយដ្ឋានមួយនៅភាគខាងជើងប្រទេសជប៉ុន កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែធ្នូ។ ក្នុងករណីផ្ទុះនេះ វាបានបង្កឲ្យមនុស្ស៤២នាក់រងរបួស និងបង្កជាភ្លើងឆាបឆេះរាប់ម៉ោង ដែលបណ្តាលឲ្យអគារនៅក្បែរៗនោះ បានបាក់ស្រុតផងដែរ។
រូបភាពមកពីកន្លែងកើតហេតុ បានបង្ហាញថា អណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់យ៉ាងខ្លាំង ត្រូវបានគេមើលឃើញនៅលើអាកាស ក្រោយពីការផ្ទុះនៅក្នុងទីក្រុង Sapporo ជប៉ុន។
បើតាមសម្តីរបស់មន្ត្រីប៉ូលីស មូលហេតុនៃការផ្ទុះនេះ គេពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ ហើយខណៈនេះសមត្ថកិច្ចកំពុងស៊ើបអង្កេតរកមើលមូលហេតុនៃការផ្ទុះនេះ។ យ៉ាងណាមិញ សាក្សីមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខ្លួនបានធុំក្លិនឧស្ម័នក្រោយពីការផ្ទុះនេះ។
ភ្លាមៗក្រោយកើតហេតុ សាលាក្រុង Sapporo បានផ្តល់ជម្រកបណ្តោះអាសន្នទៅដល់ពលរដ្ឋជប៉ុន ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញនៅក្នុងករណីផ្ទុះនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com