ជាតិ
រដ្ឋាភិបាល សម្រេច​បញ្ចុះតម្លៃ​អគ្គិសនី​នៅ​ឆ្នាំ​២០១៩ និង​២០២០
17, Dec 2018 , 11:13 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋាភិបាល សម្រេច​បញ្ចុះតម្លៃ​អគ្គិសនី នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ ប្រជាពលរដ្ឋ​។​


 
​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់​១​គីឡូវ៉ាត់​ដល់​១០​គីឡូវ៉ាត់​ក្នុង​មួយខែ ហើយ​ត្រូវ​បង់ថ្លៃ​៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម​៣៨០​រៀល ។ ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់​៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ​៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ នេះ​បើតាម​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។​

 
 
​សម្ដេច ហ៊ុន សែន ក៏បាន​កំណត់​តម្លៃ​អគ្គិសនី សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​៥១​គីឡូវ៉ាត់​ឡើងទៅ​ដល់​២០០​គីឡូវ៉ាត់ ដែល​បញ្ចុះ​ពី​តម្លៃ​៧៧០​រៀល​នោះ នឹងត្រូវ​ចុះមក​ត្រឹម​៦១០​រៀល​វិញ​។ រីឯ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​ចាប់ពី​២០១​គីឡូវ៉ាត់​ឡើងទៅ ដែល​បង់ថ្លៃ​៧៧០​រៀល នឹងត្រូវ​ចុះមក​បង់ថ្លៃ​ត្រឹម​៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង​តម្លៃ​៧៣០​រៀល នៅ​ឆ្នាំ​២០២០​។ 
 
​ថ្លែង​ក្នុង​ពិធី​បើកសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​នៅ​ខេត្តស្ទឹងត្រែង នៅ​ព្រឹក​នេះ សម្ដេច ហ៊ុន សែន បាន​និយាយថា ការបញ្ចុះ​តម្លៃ​អគ្គិសនី​នេះ នឹង​អាច​សម្រួល​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​មួយកម្រិត​ទៀត ដែល​ស្របតាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល ក្នុង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​


 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែលមាន​ថាមពល​អនុភាព​៤០០​មេ​ហ្គា​វ៉ា​ត់​នេះ  ជាការ​វិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន ចំនួន​បី រួមមាន​ក្រុមហ៊ុន Hydrolancang International Energy របស់​ចិន ៥១​ភាគរយ ក្រុមហ៊ុន Royal Group របស់​ខ្មែរ ៣៩​ភាគរយ និង​ក្រុមហ៊ុន EVNI របស់​វៀតណាម ១០​ភាគរយ​។ 
 
​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ប្រើ​ទុនវិនិយោគ​សរុប​ជិត ៨០០​លាន​ដុល្លារ​អាមេរិក​។ ការវិនិយោគ​នេះ​តាម​រូបភាព​សាងសង់​-​ដំណើរការ​-​ផ្ទេរ (BOT) មាន​រយៈពេល​សម្បទាន​៤៥​ឆ្នាំ ដែល​ក្នុងនោះ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ដំណើរការ​សាងសង់ និង​៤០​ឆ្នាំ សម្រាប់ធ្វើ​អាជីវកម្ម​៕

Tag:
 ​ហ៊ុន សែន​
  ភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com