កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម​បាន​ជិត​៦០​ម៉ឺន​ដុល្លារ ក្រោយ​ឈ្នះ​ជើងឯក AFF Suzuki Cup 2018
17, Dec 2018 , 11:39 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​វៀតណាម​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ បន្ទាប់ពី​យកឈ្នះ​គូប្រជែង​ម៉ាឡេស៊ី​ដោយ​លទ្ធផល​ទាំងពីរ​ជើង ៣-២ (​ជើង​ទីមួយ ២-២ និង​ជើង​ជើង​ទី​ពីរ​វៀតណាម​ឈ្នះ ១-០)​។ សម្រាប់​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន Suzuki បានផ្តល់​ប្រាក់រង្វាន់​ដល់​ក្រុម​ជើងឯក​ដល់​ទៅ ៣០​ម៉ឺន​ដុល្លារ ហើយ​ក្រុម​ជើងឯក​រង ១០​ម៉ឺន​ដុល្លារ និង​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​បាន​៥​ម៉ឺន​ដុល្លារ​។​


 
​នេះ​គឺជា​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ប្រាក់រង្វាន់​ដែល​ផ្តល់​ឲ្យ​ដល់​ក្រុម​ជើងឯក​នៃ​ព្រឹត្តិការណ៍​តំបន់​អាស៊ាន​ដែលមាន​ការសហការ​រ​វាង​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី AFF ជាមួយ​ក្រុមហ៊ុន Suzuki Motors​។ ក្នុង​ឆ្នាំ ២០១២, ២០១៤ និង ២០១៦ ក្រុមហ៊ុន​យានយន្ត​របស់​ជប៉ុន​មួយ​នេះ​បានផ្តល់​ប្រាក់រង្វាន់​សម្រាប់​ក្រុម​ជើងឯក​ចំនួន ២០​ម៉ឺន​ដុល្លារ ខណៈ​កាលពី​ឆ្នាំ​២០០៨ និង​២០១០ ពួកគេ​ឧបត្ថម្ភ​ត្រឹមតែ​១០​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​មិន​ត្រឹមតែ​ប្រាក់រង្វាន់​៣០​ម៉ឺន​ដុល្លារ​ពី Suzuki នោះទេ សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម VFF ក៏បានផ្តល់​ប្រាក់​លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ​របស់ខ្លួន​ចំនួន ១៤៦០០០​ដុល្លារ​អាមេរិក​បន្ថែម រួមទាំង​ក្រុមហ៊ុន​ក្នុងស្រុក​បាន​ឧបត្ថម្ភ​ជាច្រើន​ទៀត​ប្រមាណ ៧៧៥០០​ម៉ឺន​ដុល្លារ​។ សរុប​ប្រាក់រង្វាន់​ទាំងអស់​ក្រុម​ជម្រើសជាតិ​វៀតណាម​ទទួលបាន ៥៦៦៥០០ ដុល្លារ​អាមេរិក​។​
 
​អ្វីដែល​ពិសេស​ជាងនេះទៅទៀត​ក្រុមហ៊ុន​មួយ​ក្នុងប្រទេស​វៀតណាម បានផ្តល់​ប្រាក់រង្វាន់​ដល់​គ្រូបង្វឹក​លោក Park Hang Seo ក្នុង​ការនាំ​ក្រុម​លើក​ពាន AFF Suzuki Cup ឆ្នាំ​២០១៨ និង​ជាការ​ឈ្នះ​លើក​ទី​២​សម្រាប់​ក្រុម​រហស្សនាម​ផ្កាយ​មាស​ផងដែរ​។​
 
​វៀតណាម​ឈ្នះ​ពាន​នេះ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៨ ហើយ​ក្រោយ​រយៈពេល​១០​ឆ្នាំ ពួកគេ​អាច​លើក​ពាន​នេះ​ម្តងទៀត​នៅ​ក្រុង​ទឹកដី​ខ្លួនឯង​តែម្តង​។​
 
​ចាប់តាំងពី​កកើត​ពាន AFF Championship នេះ​ពី​ឆ្នាំ​១៩៩៦​មក ថៃ​ជា​ក្រុម​ដែល​ឈ្នះ​ជើងឯក​ច្រើនជាង​រហូតដល់​ទៅ​៥​ដង (១៩៩៦, ២០០០, ២០០២, ២០១៤, ២០១៦) តាម​ពីក្រោយ​ដោយ​សិង្ហ​បុរី​ចំនួន​៤​ដង (១៩៩៨, ២០០៤/០៥, ២០០៧, ២០១២)​។ វៀតណាម​ឈ្នះ​២​លើក (២០០៨ និង​២០១៨) និង​ម៉ាឡេស៊ី​មួយ​លើក​កាលពី​ឆ្នាំ​២០១០៕
 
 
 

Tag:
 បាល់ទាត់​
  AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com