ជាតិ
បទសម្ភាសន៍
វីដេអូ
របរលក់ត្រីងៀតនៅតែពេញនិយម និងធ្វើឲ្យខ្មែរឥស្លាម សាលី អាចចំណេញបាន៨ម៉ឺនរៀលក្នុង១ថ្ងៃ
17, Dec 2018 , 12:22 pm        
រូបភាព
ភ្នំពេញ៖ របរលក់ត្រីងៀតជាមុខរបរមួយដែលនៅតែពេញនិយមសម្រាប់ប្រជាពលរដ្ឋទូទៅ។ សម្រាប់គ្រួសារលោក សាលីវិញ អាចលក់ត្រីងៀតបានពី៥០ទៅ៦០គីឡូ ដោយចំណេញប្រាក់ពី៧ទៅ៨ម៉ឺនរៀលក្នុង១ថ្ងៃ។ បុរសខ្មែរឥស្លាមរូបនេះ និងគ្រួសារបានប្រកបរបរលក់ត្រីងៀតនេះ រយៈពេល៨ឆ្នាំ ហើយមុខរបរនេះបានធ្វើឲ្យជីវភាពរបស់លោកល្អប្រសើរ។



រស់នៅក្នុងតំបន់ប្រមូលផលនេសាទគីឡូលេខ៩ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ លោក សាលី ជាខ្មែរឥស្លាមម្នាក់ ដែលប្រកបរបរលក់ត្រីងៀត ក្នុងចំណោមបងប្អូនខ្មែរឥស្លាមជាច្រើននាតំបន់នោះ។ នៅជិតដងទន្លេនាតំបន់ប្រមូលផលនេសាទគីឡូលេខ៩ លោក សាលី និងគ្រួសារ ត្រូវក្រោកពីព្រឹកព្រលឹម ដើម្បីទៅទិញត្រីផ្ទក់ប្រមាណ៥០ ទៅ៦០គីឡូមកធ្វើត្រីងៀត សម្រាប់លក់ប្រចាំថ្ងៃ។ 

សូមអញ្ជើញទស្សនាវីដេអូរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក សាលី ខ្មែរឥស្លាមប្រកបរបរលក់ត្រីងៀតដូចតទៅ៖
 

បន្ទាប់ពីទិញត្រីបានគ្រប់ចំនួនហើយ បុរសខ្មែរឥស្លាមរូបនេះ និងគ្រួសារ ចាប់ផ្ដើមវះត្រី និងប្រឡាក់ជាមួយគ្រឿងទេស រួចហាលទុកដល់ម៉ោង២រសៀល ទើបអាចយកទៅលក់បាន។ ត្រីងៀតរបស់លោក សាលី ត្រូវបានហាលក្រោមកម្ដៅថ្ងៃធម្មជាតិ ដោយមិនបានដុតភ្លើងកម្ដៅពីក្រោមឡើយ។ ត្រីងៀតផ្អែមរបស់លោក សាលី ត្រូវបានលក់រាយ និងបោះដុំ ដោយលក់រាយក្នុង១គីឡូ ២ម៉ឺនរៀល។ 
  


ជារៀងរាល់ថ្ងៃ បុរសខ្មែរឥស្លាមរូបនេះ និងភរិយា ត្រូវធ្វើដំណើរទៅលក់ត្រីងៀតនៅម្ដុំពោធិ៍ចិនតុង ព្រោះនៅតំបន់នោះ មានរោងចក្រច្រើនដែលធ្វើឲ្យលោកលក់ត្រីងៀតដាច់។ បើនិយាយពីប្រាក់ចំណេញវិញ បុរសខ្មែរឥស្លាមរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា អាចចំណេញបានពី៧ទៅ៨ម៉ឺនរៀលឡើង ហើយមានថ្ងៃខ្លះរកបានតិចជាងនេះក៏មាន។ ខ្មែរឥស្លាមរូបនេះ បន្តថា ត្រី ដែលយកមកធ្វើត្រីងៀតនេះ មានថ្ងៃខ្លះទិញបានថោក និងថ្ងៃខ្លះមានតម្លៃថ្លៃ។ 
 


តាមរយៈមុខរបរនេះ បានធ្វើឲ្យជីវភាពរបស់គ្រួសារខ្មែរឥស្លាមរូបនេះ មានជីវភាពសមរម្យ។ ម៉្យាងទៀត មុខរបរប្រពៃណីនេះ នៅតែពេញនិយម ហើយឪពុកម្ដាយបងប្អូនរបស់លោក សាលី សុទ្ធតែប្រកបរបរនេះទាំងអស់៕
 


Tag:
 ត្រីងៀត
 ត្រីផ្ទក់
 ខ្មែរឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com