អន្តរជាតិ
កូរ៉េខាងជើង គំរាមត្រឡប់ទៅរកនុយក្លេអ៊ែរវិញ បើអាមេរិកចចេសដាក់ទណ្ឌកម្ម
× កូរ៉េខាងជើង នៅថ្ងៃទី១៦ ខែធ្នូ បានថ្កោលទោសអាមេរិកដែលបន្តដាក់ទណ្ឌកម្មលើខ្លួន និងបានព្រមានថា ចំណាត់ការរបៀបនេះ នឹងធ្វើឲ្យប្រទេសទាំងពីរវិលទៅរកស្ថានភាពដូចឆ្នាំ២០១៧ ហើយបិទផ្លូវរំសាយនុយក្លេអ៊ែរមិនខាន។ ការព្រមានរបស់កូរ៉េខាងជើង ធ្វើឡើងស្របពេលដែលការចរចារវាងអាមេរិក និងកូរ៉េខាងជើងជាប់គាំងគ្មានលទ្ធផលអ្វីទាំងអស់។
ទណ្ឌកម្មអាមេរិកលើមន្ត្រីកំពូលៗចំនួនបីរូប ធ្វើឲ្យកូរ៉េខាងជើងក្ដៅស្លឹកត្រចៀកខ្លាំង។ កូរ៉េខាងជើងបានគំរាមពីការធ្លាក់ចុះទំនាក់ទំនងដែលកំពុងធូរស្រាល និងការជាប់គាំងការរំសាយនុយក្លេអ៊ែរ ហើយអាចត្រឡប់ទៅកាន់ស្ថានភាពឆ្នាំ២០១៧ ដែលភាពតានតឹងកើនឡើងដល់ចំណុចគួរឲ្យបារម្ភ។ មេដឹកនាំកំពូលអាមេរិក និងកូរ៉េខាងជើង បានផ្លោងសម្ដីដាក់គ្នាទៅមក និងបានគំរាមកម្ទេចប្រទេសជាគូសត្រូវផង។
ក្រោយការវាយប្រហារគ្នាដោយពាក្យសម្ដី អាមេរិក និងកូរ៉េខាងជើងក៏ចាប់ផ្ដើមខិតជិតគ្នាវិញរហូតមានជំនួបប្រវត្តិសាស្ត្រមេដឹកនាំនៅខែមិថុនា ឆ្នាំ២០១៨ ។ ជំនួបរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នៅសិង្ហបុរី បានឈានដល់ការព្រមព្រៀងរំសាយនុយក្លេអ៊ែរ និងការបង្កើតសន្តិភាពអចិន្ត្រៃយ៍នៅឧបទ្វីបកូរ៉េ។ ប៉ុន្តែមកទល់ពេលនេះ ការជជែកគ្នាមិនមានលទ្ធផលអ្វីឡើយ។
ទោះជាទទួលស្គាល់បំណងរបស់លោក ត្រាំ ក្នុងការធ្វើឲ្យទំនាក់ទំនងទ្វេភាគីល្អប្រសើរក្ដី កូរ៉េខាងជើងបែរជារិះគន់ក្រសួងការបរទេសអាមេរិកដែលបន្តដាក់សម្ពាធលើខ្លួនដដែល។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ក្រសួងការបរទេសកូរ៉េខាងជើងអះអាងនៅថ្ងៃទី១៦ ខែធ្នូ ថា អាមេរិកបានដាក់ទណ្ឌកម្មច្រើនជាង៨ដងលើក្រុមហ៊ុន បុគ្គល និងកប៉ាល់របស់កូរ៉េខាងជើង ក៏ដូចជាប្រទេសផ្សេងទៀតដូចជា ចិន និងរុស្ស៊ី។
ក្រសួងការបរទេសកូរ៉េខាងជើងនៅថ្ងៃទី១៦ ខែធ្នូ បានចំអកឲ្យក្រុងវ៉ាស៊ីនតោនវិញថា វាជាការគណនាខុស បើអាមេរិកចង់ប្រើទណ្ឌកម្មដើម្បីបង្ខំឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរនោះ តែនឹងបិទផ្លូវការលុបបំបាត់នុយក្លេអ៊ែរជារៀងរហូតទៅវិញទេ។ នេះជាការព្រមានជាថ្មីរបស់ក្រុងព្យុងយ៉ាង ដែលមកទល់ពេលនេះ នៅមិនទាន់បានបិទបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដូចជាដែលបានសន្យាជាមួយអាមេរិកនៅឡើយ។
ការសន្យារវាងលោក ត្រាំ និងលោក គីម នៅសិង្ហបុរី ត្រូវបានមើលឃើញថា មិនមានភាពជាក់លាក់ឡើយ ដ្បិតមិននិយាយឲ្យច្បាស់ពីនិយមន័យ និងលក្ខខណ្ឌនៃការលុបបំបាត់នុយក្លេអ៊ែរអ្វីទេ។ ខណៈអាមេរិកចង់ឲ្យកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរនោះ កូរ៉េខាងជើងចង់ឃើញឧបទ្វីបកូរ៉េទាំងមូលគ្មាននុយក្លេអ៊ែរ។ លើសពីនោះ ក្រុងព្យុងយ៉ាងថែមទាំងចង់បានរង្វាន់លើកទឹកចិត្តសម្រាប់អ្វីដែលខ្លួនបានធ្វើ ប៉ុន្តែអាមេរិកមិនព្រមទៅទៀត៕
Tag:
កូរ៉េខាងជើង
អាមេរិក
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com