កីឡាអន្តរជាតិ
អន្តរជាតិ
Suzuki Cup៖ មហាធៀ លួងលោមនិងលើកទឹកចិត្តកីឡាករម៉ាឡេស៊ី ក្រោយចាញ់វៀតណាម
× នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ាត់ បាននិយាយលើកទឹកចិត្តដល់ក្រុមកីឡាករម៉ាឡេស៊ីដោយប្រើពាក្យលួងលោម និងសរសើរពួកគេក្រោយទទួលបរាជ័យក្រោមថ្វីជើងវៀតណាមក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF Suzuki Cup 2018។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ីទទួលបានត្រឹមការខកចិត្តប៉ុណ្ណោះ ដោយការចាញ់វៀតណាមក្នុងលទ្ធផលទាំងពីរជើង ៣-២ សម្រាប់ការប្រកួតដណ្តើមពានប្រចាំតំបន់អាស៊ានឆ្នាំ២០១៨នេះ។
នាការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២ នៅកីឡដ្ឋាន MyDinh ក្នុងក្រុងហាណូយដែលម្ចាស់ផ្ទះបានយកឈ្នះម៉ាឡេស៊ី ១-០ បុរសវ័យ៩៣ឆ្នាំ ដែលទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីជាថ្មីនោះ ក៏បានអង្គុយទស្សនាការប្រកួតនៅមុខអេក្រុងទូរស្សន៍ក្នុងបន្ទប់មួយជាមួយក្រុមការងារ ៥០នាក់ផ្សេងទៀតផងដែរ បើទោះបីលោកកំពុងស្ថិតនៅក្រុងបាងកក ប្រទេសថៃ ដើម្បីធ្វើទស្សនកិច្ចជាផ្លូវការក៏ដោយ។
បើទោះជាបានលទ្ធផលយ៉ាងនេះក្តី ប៉ុន្តែលោកមហាធៀ នៅតែលើកទឹកចិត្តដល់កីឡាកររបស់លោកដោយប្រើពាក្យសរសើលួងលោម រួមជាមួយនឹងការគាំទ្ររបស់លោកយ៉ាងខ្លាំងក្លា។
លោក មហាធៀ ជួបកីឡាករម៉ាឡេស៊ីដើម្បីលើកទឹកចិត្ត មុនជំនួបផ្តាច់ព្រ័ត្រ AFF Suzuki Cup 2018
«កីឡាកររបស់យើងលេងបានល្អ។ ពួកគេបានខិតខំព្យាយាមស្ទើតែរកគ្រាប់បាល់ពីវៀតណាមបានទៅហើយ ប៉ុន្តែពួកគេមិនមានសំណាង។ ជាមួយនឹងទម្រង់លេងរបស់ក្រុមបែបនេះ យើងអាចមានលទ្ធភាពឈ្នះច្រើនសម្រាប់ការប្រកួតនាថ្ងៃអនាគត»។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ បន្ថែមថា លោកសង្ឃឹមយ៉ាងមុតមាំថាកីឡាកររបស់យើងមិនខកចិត្តនឹងលទ្ធផលនេះទេ ហើយយកបរាជ័យលើកនេះជាមេរៀន និងបទពិសោធដើម្បីបង្កើនជំនាញរបស់ពួកគេឲ្យកាន់តែល្អជាងមុខ៕
Tag:
បាល់ទាត់
AFF Suzuki Cup
© រក្សាសិទ្ធិដោយ thmeythmey.com