ជាតិ
នៅ​សម័យ​សង្គ្រាម បារាំង​ប្រើប្រាស់​ខ្លាញ់ត្រី​ពី​បឹង​ទន្លេសាប​របស់​ខ្មែរ ជា​ឥន្ធនៈ​
17, Dec 2018 , 3:56 pm        
រូបភាព
​រូបភាព​នៃ​ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី ដកស្រង់​ចេញពី​សៀវភៅ «​ការនេសាទ​នៅក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា​» (La Pêche Dans les eaux douces du Cambodge) បោះពុម្ព​ក្នុង​ឆ្នាំ ១៩៤០
​រូបភាព​នៃ​ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី ដកស្រង់​ចេញពី​សៀវភៅ «​ការនេសាទ​នៅក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា​» (La Pêche Dans les eaux douces du Cambodge) បោះពុម្ព​ក្នុង​ឆ្នាំ ១៩៤០
ដោយ:
​ឆ្នាំ ១៨៦៣ ព្រះបាទ​នរោត្តម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង ដើម្បី​បង្កើត​អាណាព្យាបាល​លើ​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​ខែតុលា ឆ្នាំ ១៨៨៧ បារាំង​បានប្រកាស​បង្កើត​សហភាព​ឥណ្ឌូចិន​។ ក្នុ្ង​ង​នោះ មាន​កម្ពុជា និង​តំបន់​ទាំងបី​ផ្សេងទៀត​នៅក្នុង​វៀតណាម មានដូចជា តំបន់​តុងកឹង អណ្ណាម និង​កូសាំងស៊ីន​។ ក្នុង​ឆ្នាំ ១៨៩៣ បារាំង​បាន​គំរាម​ស្ដេច​សៀម​ជូឡាឡុងកន​ដោយ​សង្គ្រាម ដើម្បី​បង្ខំ​ឲ្យ​ព្រះអង្គ​បោះបង់ចោល​ការកាន់កាប់​ទឹកដី​ឡាវ​។

 
​ឆ្នាំ ១៩៤៥ ប្រទេស​កម្ពុជា ទទួលបាន​ឯករាជ្យ​រយៈពេល​ខ្លី បន្ទាប់មក​បារាំង​ចូលមក​គ្រប់គ្រង​ឥណ្ឌូចិន​វិញ​។ ដោយ​ព្រះរាជ​ទេពកោសល្យ ព្រមទាំង​ការប្តេជ្ញា​ព្រះទ័យ​ដ៏​រឹងមាំ​របស់​ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ព្រះអង្គ​បានធ្វើ​បូជនីយកិច្ច​ទាមទា​ឯករាជ្យ​ពី​បារាំង ប្រទេស​កម្ពុជា​ទ​ទូល​បាន​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។ 
 
​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ ដល់​ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ១៩១៨ ជម្លោះ​ប្រដាប់អាវុធ​បានចាប់ផ្ដើម​ឡើង​នៅ​ទ្វីបអឺរ៉ុប តាម​ព្រំដែន​បារាំង និង​អាល្លឺម៉ង់​។ ជម្លោះ​នេះ ត្រូវបាន​គេ​ចាត់ទុកថា ជា​សង្គ្រាមលោកលើកទី ១​។ ពេលនោះ បារាំង​ក៏បាន​ធ្លាក់​ចូលក្នុង​សង្គ្រាមលោកលើកទី​១​។ ដោយសារ​តម្រូវការ​ឋា​ម​ពល​ឥន្ធនៈ​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​ខ្ពស់ អាណាព្យាបាល​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ចង្វាក់​ផលិតកម្ម ផលិត​ខ្លាញ់ត្រី​សម្រាប់​ធ្វើជា​ឥន្ធនៈ ពិសេស​ខ្លាញ់ត្រី​ដែល​ចម្រាញ់​ចេញពី​ត្រី​តូចៗ ដូចជា​ពពួក​ត្រី​រៀល (Gymnostomus spp.) និង​ត្រី​លេញ (Thynnichthys thynnoides) ជាដើម ដែល​ត្រី​រស់នៅ​ច្រើន​លើសលប់​ក្នុង​បឹង​ទន្លេសាប​។ ផលិតផល​ខ្លាញ់ត្រី ត្រូវបាន​អាណាព្យាបាល​បារាំង ចាត់ទុកថា​មាន​សារសំខាន់​ណាស់ សម្រាប់​ធ្វើជា​ឥន្ធនៈ​ប្រើប្រាស់​លើ​គ្រឿង​ម៉ាស៊ីន​ក្នុង​សង្គ្រាម​នោះ​។ ផលិតផល​ខ្លាញ់ត្រី​ទាំងនោះ ត្រូវបាន​អាជ្ញាធរ​បារាំង អនុញ្ញាតឱ្យ​ប្រជាជន​ខ្មែរ​ប្រើប្រាស់​សម្រាប់​ជា​ម្ហូបអាហារ​បាន ល្គឹកណា​ដែល​លើស​តម្រូវការ​ប្រើប្រាស់ ក្នុង​ផ្នែក​យោធា​របស់​ពួកគេ​តែប៉ុណ្ណោះ​។​
 
​ដោយសារ​តម្រូវការ​ខ្ពស់​នូវ​ផលិតផល​ខ្លាញ់ត្រី អាជ្ញាធរ​ក្នុងសម័យ​អាណានិគម​បារាំង បាន​លើកទឹកចិត្ត​ឲ្យ​អ្នកនេសាទ​ប្រើប្រាស់​ឧបករណ៍​នេសាទ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» នៅក្នុង​ប្រទេស​កម្ពុជា ព្រោះ​វា​អាច​ចាប់​ត្រី​បាន​ច្រើន​។ ឧបករណ៍​នេសាទ​នេះ ត្រូវបាន​នាំចូល​មក​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ ១៨៧៣-៨៩ ដោយ​អ្នកនេសាទ​ជនជាតិ​វៀតណាម ដែល​ធ្វើការ​ឲ្យ​ឈ្មួញ​ជនជាតិ​ចិន​។ នៅក្នុង​ភាសា​វៀតណាម ឧបករណ៍​នេសាទ  «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» នេះ ហៅថា «​ដៃ​»​។ 
 
«​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» គឺជា​ឧបករណ៍​នេសាទ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដែល​អាច​ចាប់​ត្រី​បាន​ច្រើន និង​គ្រប់​ប្រភេទ ពិសេស​ពពួក​ត្រី​រៀល ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ដល់​ផល​ចាប់​ត្រី​ទឹកសាប​ក្នុងប្រទេស​កម្ពុជា​។ សំណាញ់​ដាយ មាន​ប្រវែង​ពី ១០០-១២០​ម៉ែត្រ និង​ក្រឡា​សំណាញ់​ដាយ មាន​ទំហំ​ចាប់ពី​មាត់​ដាយ ១៥ សង់ទីម៉ែត្រ ដល់​កន្ទុយ​ដាយ មាន​ទំហំ ១ សង់ទីម៉ែត្រ​។ វា​ត្រូវបាន​ចងភ្ជាប់​នឹង​ក្បូន​ឬ​ស្សី​ពីរ និង​ទូក​ពីរ ដែល​បោះ​យុថ្កា​នៅ​ខាងលើ​ខ្សែទឹក ដើម្បី​បើក​មាត់​សំណាញ់​ដាយ​ឲ្យ​ត្រី​ចូល ព្រមទាំង​ផ្ទះ​ប​ណ្តែ​ក​ទឹក ឬ​ទូ​កនៅ​ខ្សែទឹក​ខាងក្រោម ជា​កន្លែង​លើក​ត្រី​ចេញ នៅ​ចុងកន្ទុយ​ដាយ ។ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» អាច​ប្រតិបត្តិការ​មួយ​មាត់​ដាយ​តែឯង ឬ​ចងភ្ជាប់​គ្នា​ជា​ជួរ​ច្រើន​មាត់​ដាយ​ក៏បាន ដូច​មាន​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ 
 
«​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ទន្លេសាប ចាប់ពី​ខាងជើង​ស្ពាន​ជ្រោយចង្វារ ច្រាំង​ចំរេះ រហូតដល់​ខាងជើង​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ព្រែក​តា​មាក់ ជិត​ព្រំប្រទល់​ខេត្តកណ្តាល​-​កំពង់ឆ្នាំង ។ ជា​រៀងរាល់ឆ្នាំ ចាប់ពី​ពាក់កណ្តាល​ខែតុលា រហូតដល់​ពាក់កណ្តាល​ខែមីនា ត្រី​ដ៏​ច្រើន​លើសលប់ ពិសេស​ពពួក​ត្រី​រៀល បានធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប និង​តំបន់​ទំនាប​លិច​ទឹក ចូលទៅ​ទន្លេមេគង្គ​ដើម្បី​លាក់ខ្លួន​ក្នុង​រដូវប្រាំង​។ ស្របពេលនោះ «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» ក៏​ចាប់​ប្រតិបត្តិការ​ដែរ​។ មាត់​ដាយ ត្រូវបាន​បើក ដើម្បី​ឲ្យ​ត្រី​គ្រប់​ប្រភេទ​ហែល​ចូល​។ នៅក្នុង​សប្ដាហ៍​មុន​ថ្ងៃពេញបូណ៌មី ក្នុង​ខែមករា គឺជា​ពេលដែល​ត្រី​គ្រប់​ប្រភេទ​ចុះ​ច្រើន​បំផុត​។ រៀងរាល់ ១៥ ទៅ ២០ នាទី​ម្តង «​ឡូត៍​ដាយ ឬ​ដាយ​ត្រី​» មួយ​មាត់ អាច​ចាប់​ត្រី​បាន​៥០០ គីឡូក្រាម ឬ​លើ​ល​ពីនេះ​។ 
 
​បច្ចុប្បន្ននេះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ ការកាប់ និង​ដុតបំផ្លាញ​ព្រៃឈើ​លិច​ទឹក ដើម្បី​យក​ដី​ធ្វើ​កសិកម្ម ការនេសាទ​ហួស​កម្រិត និង​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​បឹង​ទន្លេសាប និង​នៅតាម​ប្រព័ន្ធ​ដៃទន្លេ​ផ្សេងៗ ជាពិសេស​ក្នុង​រដូវ​ពង​-​កូន និង​ធំ​លូតលាស់​របស់​ត្រី បានធ្វើ​ឲ្យ​មានការ​ធ្លាក់ចុះ​កំណើន​ត្រី​គ្រប់​ប្រភេទ​។ ចូរ​រួម​ទាំងអស់គ្នា ដើម្បី​ការពារ​ធនធានធម្មជាតិ​ស្រុក​យើង​ឲ្យ​បាន​គង់វង្ស សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com