ភ្នំពេញ៖ បើទោះជាមានការព្រួយបារម្ភពីរឿងបាត់បង់ត្រីមួយចំនួននៅទន្លេសាសានក្រោម២ នាពេលអនាគត ដោយសារតែការសាងសង់ទំនប់វារីអគ្គិសនីក្តី ក៏សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនជឿថា នឹងមានរឿងនោះកើតឡើងដែរ។ នោះក៏ព្រោះតែសម្ដេច មិនជឿថា ត្រីក្នុងប្រទេសកម្ពុជា មករស់នៅប្រមូលផ្ដុំនៅក្នុងទន្លេសេសានក្រោម២នេះឡើយ។
មូលហេតុដែលសម្ដេច ហ៊ុន សែន មិនជឿថា កម្ពុជានឹងបាត់បង់ត្រី៧០ ភាគរយ ដូចការលើកឡើងនោះ ដោយសារតែសម្ដេច យល់ឃើញផ្ទុយពីមតិព្រួយបារម្ភវិញ ក្រោមហេតុផលថា ត្រីនៅក្នុងប្រទេសកម្ពុជា ភាគច្រើនគឺរស់នៅប្រមូលផ្ដុំគ្នា នៅក្នុងបឹងទន្លេសាប និងទន្លេមេគង្គ ដូច្នេះវាគ្មានហេតុផលអ្វីដែលធ្វើឲ្យកម្ពុជា បាត់បង់ត្រីដោយសារការសាងសង់វារីអគ្គិសនីនេះទេ។
ថ្លែងក្នុងពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ធ្នូនេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«ខ្ញុំសូមនិយាយដោយចំហរនៅថ្ងៃនេះ មានជនបរទេសម្នាក់ បានទៅជួបខ្ញុំដល់ផ្ទះ ដោយនិយាយថា បើសិនជាសាងសង់វារីអគ្គិសនីសេសាន កម្ពុជានឹងបាត់បង់ត្រីរហូតដល់៧០ភាគរយ ។ ពេលនោះខ្ញុំបានប្រាប់ទៅគាត់វិញថា ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ដោយសារត្រីនៅក្នុងប្រទេសយើងចេះឡើងភ្នំ ភ្ញាក់ផ្អើលត្រង់ថាប្រទេសយើង ត្រីចេះឡើងភ្នំទាំងអស់។ តាមពិតត្រីក្នុងប្រទេសយើង វាប្រមូលផ្ដុំគ្នានៅទន្លេសាប និងទន្លេមេគង្គ វាមិនគួរឡើងភ្នំមកនៅកន្លែង(ទន្លេសេសានក្រោម២)ហ្នឹងទេ។ ប៉ុន្តែដើម្បីជាការជំទាស់(តបទៅជនបរទេសនោះ) ហាក់ដូចជា ហ៊ុន សែន មិនស្គាល់បញ្ហា …ខ្ញុំបង្ហាញការភ្ញាក់ផ្អើលក៏ប្រដៅទៅជាមួយ ដើម្បីឲ្យភ្លឺភ្នែកថា ត្រីវានៅក្នុងទន្លេសាប ត្រីវានៅក្នុងទន្លេមេគង្គ ហេតុអ្វីបានជាត្រីយើងវាចេះឡើងភ្នំ»។
អមជាមួយការលើកឡើងខាងលើនេះ សម្ដេច ហ៊ុន សែន បាននិយាយការពារការសម្រេចចិត្តរបស់រដ្ឋាភិបាលថា ការសម្រេចឲ្យមានការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ មិនមែនជាការផ្ដល់ឱកាសឲ្យមានការវិនិយោគទាំងប្រថុយប្រថាន ដោយមិនមានការគិតគូរឲ្យច្បាស់នោះទេ ពោលគឺរដ្ឋាភិបាលបានឲ្យអ្នកជំនាញសិក្សាគ្រប់ជ្រុងជ្រោយហើយ មុននឹងសម្រេចឲ្យបង្កើតទំនប់វារីអគ្គិសនីមួយនេះ។
ប្រមុខរដ្ឋាភិបាល ថែមទាំងអះអាងថា ការកសាងទំនប់វារីអគ្គិសនីនៅទន្លេសេសានក្រោម២នេះ គឺមានការគាំទ្រច្រើនពីប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពលរដ្ឋខ្លះ នៅជឿលើការញុះញង់របស់ជនបរទេស ដែលមានបំណងរារាំងដល់ការអភិវឌ្ឍប្រទេសកម្ពុជា។«ត្រីខ្មែរវាឆ្លាតណាស់ វាឆ្លាតនៅពេលគេប្រឆាំងយើងប៉ុណ្ណោះ»។ នេះជាការយល់ឃើញរបស់សម្ដេច ហ៊ុន សែន។
ដោយចង់បង្ហាញពីភាពត្រឹមត្រូវខ្លួន ក្នុងការបើកផ្លូវឲ្យមានការវិនិយោគលើទំនប់វារីអគ្គិសនីសេសានក្រោម២នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្តលើកយកទំនប់វារីអគ្គិសនីណាំងឹម នៅក្នុងប្រទេសឡាវ និងអតីតសហភាពសូវៀត ដែលទប់ទំនប់កាត់ទន្លេវ៉ុលហ្កាក្រា បានក្លាយទៅជាតំបន់ទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត និងជាកន្លែងសម្រាប់ស្ទួចត្រីផងដែរ។
តាមរយៈបទពិសោធន៍នៃវារីអគ្គិសនីនៅប្រទេសទាំងពីរនេះហើយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់សម្ដេច ហ៊ុន សែន ពិចារណា ហើយឈានដល់ការសម្រេចចិត្ត ឲ្យមានការសាងសង់វារីអគ្គិសនីសេសានក្រោម២នេះឡើង។
វារីអគ្គិសនីសេសានក្រោម២ ដែលមានថាមពលអនុភាព៤០០មេហ្គាវ៉ាត់នេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ចំនួនបី រួមមានក្រុមហ៊ុន Hydrolancang International Energy របស់ចិន ៥១ភាគរយ ក្រុមហ៊ុន Royal Group របស់ខ្មែរ ៣៩ភាគរយ និងក្រុមហ៊ុន EVNI របស់វៀតណាម ១០ភាគរយ។
វារីអគ្គិសនីសេសានក្រោម២ ប្រើទុនវិនិយោគសរុបជិត ៨០០លានដុល្លារអាមេរិក។ ការវិនិយោគនេះតាមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ (BOT) មានរយៈពេលសម្បទាន៤៥ឆ្នាំ ដែលក្នុងនោះរយៈពេល៥ឆ្នាំសម្រាប់ដំណើរការសាងសង់ និង៤០ឆ្នាំ សម្រាប់ធ្វើអាជីវកម្ម៕