អន្តរជាតិ
មហា​ធៀ​ទទូច​ឲ្យ​អាស៊ាន​រក្សា​សាមគ្គី​ភាពជា​ធ្លុង​មួយ ដើម្បី​ភាពជោគជ័យ​និង​ស្ថិរភាព​តំបន់​
17, Dec 2018 , 10:19 pm        
រូបភាព
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ា់ត់ ថ្លែងសុន្ទរកថា អំឡុងទស្សនកិច្ចនៅប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០១៨  - AFP
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ មហាម៉ា់ត់ ថ្លែងសុន្ទរកថា អំឡុងទស្សនកិច្ចនៅប្រទេសថៃ កាលពីខែតុលា ឆ្នាំ២០១៨ - AFP
ដោយ:
​អាស៊ាន​ទទួលបាន​ភាពជោគជ័យ និង​ស្ថិរភាព​ក្នុង​តំបន់ អាស្រ័យ​លើ​ភាពជា​ធ្លុង​មួយ​នៃ​សមាជិក​ទាំង​១០​នៃ​អង្គការ​តំបន់​នេះ​។ នេះ​ជា​លើកឡើង​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នៅក្នុង​កម្មវិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​នៅ​សកល​វិទ្យាល័យ​មួយ​ក្នុងប្រទេស​ថៃ​។ ជាមួយគ្នានេះ លោក​ក៏បាន​លើកសរសើរ​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ម៉ាឡេស៊ី និង​ថៃ​ផងដែរ​។​

 
​ថ្លែង​ទៅមុខ​និស្សិត​ដែល​ទើប​បញ្ចប់​ការសិក្សា​នៅ​សកល​វិទ្យាល័យ Rangsit  របស់​ថៃ លោក មហា​ធៀ បាន​គូសបញ្ជាក់ថា ក្នុង​រយៈពេល​៥១​ឆ្នាំ​ចុង​ក្រោយនេះ  អាស៊ាន​ទទួលបាន​ជោគជ័យ​ក្នុង​ការរក្សា​សន្តិភាព​និង​ស្ថិរភាព ទោះបីជា​បណ្តា​សមាជិក​នៃ​អង្គការ​តំបន់​មួយ​នេះ​មាន​វប្បធម៌​, សេដ្ឋកិច្ច និង​នយោបាយ​ផ្សេងៗ​គ្នា​ក៏ដោយ​ក្តី​។​
 
​យោងតាម​ការចុះផ្សាយរ​បស់​សារព័ត៌មាន  Straits Times  មេដឹកនាំ​ម៉ាឡេស៊ី​វ័យ​៩៣​ឆ្នាំ​រូបនេះ បាន​និយាយ​បន្តថា​៖ «​ស្ថិរភាព​និង​វឌ្ឍនភាព​ក្នុង​តំបន់​របស់​យើង គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការស្រុះស្រួល​គ្នា​ជា​ធ្លុង​មួយ និង​ការធ្វើសមាហរណកម្ម​អាស៊ាន​»​។ ត្រង់នេះ លោក​ក៏បាន​ទទូច​ឲ្យ​សមាជិក​អាស៊ាន​ទាំងអស់​វិនិយោគ​ក្នុង​គម្រោង​និង​សេវាកម្ម​សំខាន់ៗ នៅក្នុង​តំបន់​។​
 
​ក្រៅពីនេះ លោក មហា​ធៀ មហាម៉ាត់ ក៏បាន​លើកសរសើរ​ពី​ភាពជា​ដៃគូ​ដ៏​រឹងមាំ​រវាង​ម៉ាឡេស៊ី និង​ថៃ​ថែម​ទៀតផង​។ ត្រង់នេះ លោក​បាន​បញ្ជាក់ថា​៖ « យើង​ធ្លាប់មាន​ភាពខុសគ្នា​ច្រើន​នៅក្នុង​អតីតកាល ប៉ុន្តែ​វា​ត្រូវបាន​ដោះស្រាយ​រួចរាល់ ដោយសារ​កិច្ចពិភាក្សា និង​ការស្វែងយល់​ពីគ្នា​ទៅវិញទៅមក​»​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ការលើកឡើង​របស់លោក​មហា​ធៀ​បានធ្វើ​ឡើង ក្នុងអំឡុងពេល​កម្មវិធី​ទទួល​សញ្ញាបត្រ​បណ្ឌិត​ក​ត្តិ​យស​មួយ ក្នុង​មុខជំនាញ ភាពជា​អ្នកដឹកនាំ​សង្គម​, សហគ្រិនភាព និង​នយោបាយ នៅឯ​សកល​វិទ្យាល័យ​ឯកជន​មួយកន្លែង​នៅ​ខេត្ត  Pathum Thani  ភាគ​ខាងជើង​ទីក្រុង បាងកក​។ អំឡុង​ទស្សនកិច្ច​ពីរ​ថ្ងៃ​របស់លោក​ដែល​បញ្ចប់​កាលពី​ថ្ងៃអាទិត្យ លោក​ត្រូវបាន​អមដំណើរ​ដោយ ភរិយា​របស់លោក គឺ​លោកស្រី Siti Hasmah Mohamad Ali, រដ្ឋមន្ត្រីការបរទេស Saifuddin Abdullah និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងៗ​ទៀត​៕
 

Tag:
 មហា​ធៀ មហាម៉ាត់​
  អាស៊ាន​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com