រថយន្ត
អន្តរជាតិ
ក្រុង​នានា​នៅ​អាល្លឺម៉ង់ ហាមឃាត់​រថយន្ត​ម៉ា​ស៊ូ​ត​ចាស់ៗ ជា​បន្តបន្ទាប់​
17, Dec 2018 , 7:39 pm        
រូបភាព
ដោយ: ធីតា
​បណ្តា​ទីក្រុង​នានា​នៅ​ប្រទេស​អាល្លឺម៉ង់ បានសម្រេច​ហាមឃាត់​ការប្រើប្រាស់​រថយន្ត​ចាក់​ម៉ា​ស៊ូ​ត​ចាស់ៗ ដែល​បំផ្លាញ​បរិស្ថាន​។ ក្រុង​ទាំងនេះ បាន​អនុវត្តតាម​សេចក្តីសម្រេច​របស់​តុលាការ​រដ្ឋបាល​ជាន់ខ្ពស់ កាលពី​ខែកុម្ភៈ​កន្លងមក​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​រ៉​យ​ទ័​រ​។​

 
​អស់​រយៈពេល​ជាច្រើន​ឆ្នាំ អាល្លឺម៉ង់​រង​ការរិះគន់​ពី​អ្នកជំនាញ​បរិស្ថាន ជាពិសេស​នៅ​អឺរ៉ុប ទាក់ទង​នឹង​ការបំពុល​ខ្យល់អាកាស​។ រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន ត្រូវបាន​ណែនាំ​ឲ្យ​យកចិត្ត​ទុក​លើ​បញ្ហា​បរិស្ថាន តាមរយៈ​ការកាត់បន្ថយ​ករណី​បំពុល​ដោយសារ​យានយន្ត​។ 
 
​ការលក់​រថយន្ត​ម៉ា​ស៊ូ​ត​នៅ​អាល្លឺម៉ង់ បាន​ធ្លាក់ចុះ ៣១,១​ភាគរយ​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៨ ខណៈដែល​ការលក់​នៅលើ​ទីផ្សារ​អឺរ៉ុប​ទាំងមូល​ក៏បាន​ធ្លាក់ចុះ​១៦​ភាគរយ​ផងដែរ​ក្នុង​រយៈពេល​ដូចគ្នា​។ Hamburg ជា​ក្រុង​ដំបូង​ដែល​ប្រកាស​ពី​ការហាម​ប្រើប្រាស់​រថយន្ត​ម៉ា​ស៊ូ​ត ចាប់ពី​ខែឧសភា​មក​។​
 
​កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា តុលាការ​អាល្លឺម៉ង់ បានបញ្ជាក់​ពី​ការហាម​បើកបរ​រថយន្ត​ម៉ា​ស៊ូ​ត​នៅ​តំបន់​មួយចំនួន​នៃ​រដ្ឋ North Rhine-Westphalia រដ្ឋ Hesse ជាដើម​។ អាជ្ញាធរ​ក្រុង Darmstadt នៃ​រដ្ឋ Hesse បានប្រកាស​ពី​គម្រោង​ហាមប្រាម​រថយន្ត​ម៉ា​ស៊ូ​ត និង​សាំង​ចាស់ៗ នៅ​ភូមិសាស្ត្រ​មួយចំនួន​ក្នុង​ក្រុង ខណៈ​ក្រុង Wiesbanden ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី​១៩ ខែធ្នូ​។​
 
​ជាមួយគ្នានេះ ក្រុង Essen និង Gelsenkirchen នៃ North Rhine-Westphalia ត្រូវបាន​តុលាការ​តម្រូវ​ឲ្យ​បញ្ឈប់​ចរាចរណ៍​យានយន្ត​បំពុលបរិស្ថាន​នៅ​តំបន់​ដែលមាន​ផ្លូវ​ខ្វាត់ខ្វែង​ច្រើន​។ ក្រុង​ផ្សេងទៀត​រួមមាន Bonn, Cologne, Mainz, Stuttgard, Aachen, Frankfurt, មុយ​និ​ច​, Duesseldorf និង​ក្រុង​ប៊ែ​រ​ឡាំង ដោយ​ទីតាំង​ដែល​ត្រូវ​ហាមឃាត់​មានការ​កំណត់​ច្បាស់លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​៕
 

Tag:
 ​ម៉ា​ស៊ូ​ត
© រក្សាសិទ្ធិដោយ thmeythmey.com