រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ឧស្សាហកម្មយានយន្តអឺរ៉ង់បន្តធ្លាក់ចុះក្រោយអាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ
× បើគិតចាប់តាំងពីសហរដ្ឋអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីខែឧសភាកន្លងមក សេដ្ឋកិច្ចអ៊ីរ៉ង់ ជាពិសេសឧស្សាហកម្មយានយន្ត រងនូវផលប៉ះពាល់យ៉ាងខ្លាំង ដោយសង្វាក់ផលិតកម្មបន្តធ្លាក់ចុះជាលំដាប់។
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ ដោយមាន អ៊ីរ៉ង់ អាល្លឺម៉ង់បារាំង រុស្ស៊ី ចិន និងសហរដ្ឋអាមេរិក ជាហត្ថលេខី។ ការដកខ្លួនចេញរបស់អាមេរិក ត្រូវបានលោក ដូណាល់ ត្រាំ អះអាងថា ជាកិច្ចព្រមព្រៀងដែលមិនគួរឲ្យកើតមាន ពីព្រោះអ៊ីរ៉ង់នៅតែចចេសបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ក្រោយការដកខ្លួនចេញ អាមេរិក បានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ដល់ទៅពីរ ដោយលើកដំបូងចូលជាធរមានកាលពីខែកក្កដា និងលើកទីពីរកាលពីដើមខែវិច្ឆិកា។ យោងតាមការផ្សាយរបស់វិទ្យុបារាំង RFI ទណ្ឌកម្មលើកទីពីរបានប៉ះពាល់យ៉ាងខ្លាំងលើវិស័យសំខាន់ៗដែលជាបេះដូងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលលោក ហាសាន រ៉ូហានី។
ក្នុងវិស័យឧស្សាហកម្មយានយន្ត ក្រុមហ៊ុនបរទេសដូចជា Renault និង Peugeot បានដកខ្លួនជាបន្តបន្ទាប់សារជាថ្មី បន្ទាប់ពីពួកគេបានវិលត្រឡប់ ក្រោយកិច្ចព្រមព្រៀងនុយក្លេអ៊ែរ កាលពីឆ្នាំ២០១៥។
RFI បានផ្សាយឲ្យដឹងថា ផលិតយានយន្តនៅអ៊ីរ៉ង់កាលពីវិច្ឆិកា បានធ្លាក់ចុះ៥៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើគិតរយៈពេល៨ខែចុងក្រោយ ផលិតផលយានយន្តមានការធ្លាក់ចុះយ៉ាងគំហុក ពោលគឺដល់ទៅ២៧ភាគរយ។
ទណ្ឌកម្មរបស់អាមេរិក បានប៉ះពាល់ដល់វិស័យធនាគារ ដែលបានបន្តផ្តាច់ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងបណ្តាប្រទេសនានាលើពិភពលោក។ ក្រសួងឧស្សាហកម្មអ៊ីរ៉ង់ បានបង្ហាញឲ្យឃើញនូវការធ្លាក់ចុះផលិតផលរថយន្ត Renault ជាលក្ខណៈគ្រួសារជាង៦០ភាគរយ និង Peugeot ជាង៤០ភាគរយ ក្នុងរយៈពេល៨ខែចុងក្រោយដូចគ្នា។
បច្ចុប្បន្ន ក្រុមហ៊ុនបារាំង កំពុងនាំមុខគេក្នុងឧស្សាហកម្មយានយន្តនៅអឺរ៉ុប ប៉ុន្តែភាគច្រើនដំណើរការក្រោមរូបភាពជាកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដូចជា Khodro និង Saipa ជាដើម។
ការធ្លាក់ចុះសង្វាក់ផលិតកម្មដោយតែទណ្ឌកម្មអាមេរិកនេះ នាំឲ្យអ៊ីរ៉ង់ពិបាកយ៉ាងខ្លាំងក្នុងឈានដល់គោលដៅផលិតយានយន្ត២លានគ្រឿងរហូតដល់ឆ្នាំ២០២០ ៕
Tag:
កិច្ចព្រមព្រៀងនុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com