រថយន្ត
សេដ្ឋកិច្ច
អន្តរជាតិ
ឧស្សាហកម្ម​យានយន្ត​អឺ​រ៉ង់​បន្ត​ធ្លាក់ចុះ​ក្រោយ​អាមេរិក​ដកខ្លួន​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​
17, Dec 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
​បើ​គិត​ចាប់តាំងពី​សហរដ្ឋអាមេរិក​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​កាលពី​ខែឧសភា​កន្លងមក សេដ្ឋកិច្ច​អ៊ីរ៉ង់ ជាពិសេស​ឧស្សាហកម្ម​យានយន្ត រង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង ដោយ​សង្វាក់​ផលិតកម្ម​បន្ត​ធ្លាក់ចុះ​ជា​លំដាប់​។​

 
​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ​២០១៥ ដោយមាន អ៊ីរ៉ង់ អាល្លឺម៉ង់​បារាំង រុស្ស៊ី ចិន និង​សហរដ្ឋអាមេរិក ជា​ហត្ថលេខី​។ ការដកខ្លួន​ចេញ​របស់​អាមេរិក ត្រូវបាន​លោក ដូ​ណា​ល់ ត្រាំ អះអាងថា ជា​កិច្ចព្រមព្រៀង​ដែល​មិនគួរ​ឲ្យ​កើតមាន ពីព្រោះ​អ៊ីរ៉ង់​នៅតែ​ចចេស​បន្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​
 
​ក្រោយ​ការដកខ្លួន​ចេញ អាមេរិក បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់​ដល់​ទៅ​ពីរ ដោយ​លើកដំបូង​ចូល​ជា​ធរមាន​កាលពី​ខែកក្កដា និង​លើក​ទី​ពីរ​កាលពីដើម​ខែវិច្ឆិកា​។ យោងតាម​ការផ្សាយ​រប​ស់​វិទ្យុ​បារាំង RFI ទណ្ឌកម្ម​លើក​ទី​ពីរបាន​ប៉ះពាល់​យ៉ាងខ្លាំង​លើ​វិស័យ​សំខាន់ៗ​ដែលជា​បេះដូង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​លោក ហាសាន រ៉ូ​ហា​នី​។​
 
​ក្នុង​វិស័យ​ឧស្សាហកម្ម​យានយន្ត ក្រុមហ៊ុន​បរទេស​ដូចជា Renault និង Peugeot បាន​ដកខ្លួន​ជា​បន្តបន្ទាប់​សារជាថ្មី បន្ទាប់ពី​ពួកគេ​បាន​វិលត្រឡប់ ក្រោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ កាលពី​ឆ្នាំ​២០១៥​។​
 
RFI បាន​ផ្សាយ​ឲ្យ​ដឹងថា ផលិត​យានយន្ត​នៅ​អ៊ីរ៉ង់​កាលពី​វិច្ឆិកា បាន​ធ្លាក់ចុះ​៥៧​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ បើ​គិត​រយៈពេល​៨​ខែ​ចុងក្រោយ ផលិតផល​យានយន្ត​មានការ​ធ្លាក់ចុះ​យ៉ាងគំហុក ពោលគឺ​ដល់​ទៅ​២៧​ភាគរយ​។​
 
​ទណ្ឌកម្ម​របស់​អាមេរិក បាន​ប៉ះពាល់​ដល់​វិស័យ​ធនាគារ ដែល​បាន​បន្ត​ផ្តាច់ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក​។ ក្រសួង​ឧស្សាហកម្ម​អ៊ីរ៉ង់ បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ការធ្លាក់ចុះ​ផលិតផល​រថយន្ត Renault ជា​លក្ខណៈ​គ្រួសារ​ជាង​៦០​ភាគរយ និង Peugeot ជាង​៤០​ភាគរយ ក្នុង​រយៈពេល​៨​ខែ​ចុងក្រោយ​ដូចគ្នា​។​
 
​បច្ចុប្បន្ន ក្រុមហ៊ុន​បារាំង កំពុង​នាំមុខគេ​ក្នុង​ឧស្សាហកម្ម​យានយន្ត​នៅ​អឺរ៉ុប ប៉ុន្តែ​ភាគច្រើន​ដំណើរការ​ក្រោមរូបភាព​ជា​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក ដូចជា Khodro និង Saipa ជាដើម​។​
 
​ការធ្លាក់ចុះ​សង្វាក់​ផលិតកម្ម​ដោយ​តែ​ទណ្ឌកម្ម​អាមេរិក​នេះ នាំ​ឲ្យ​អ៊ីរ៉ង់​ពិបាក​យ៉ាងខ្លាំង​ក្នុង​ឈានដល់​គោលដៅ​ផលិត​យានយន្ត​២​លាន​គ្រឿង​រហូតដល់​ឆ្នាំ​២០២០ ៕
 

Tag:
 ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com