ជាតិ
សង្គមជាតិ
ភរិយា​អ្នក​ផលិត​រឿង «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ដែលត្រូវចាប់ខ្លួន រក​អន្តរាគមន៍​ពី​ស្ថានទូត​រុស្ស៊ី
18, Dec 2018 , 1:22 pm        
រូបភាព
ក្រុមគ្រួសារ និង​សកម្មជន​ប្រមាណ​១០​នាក់ បាន​ជួបជុំគ្នា​នៅមុខ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដើម្បី​សុំ​ឲ្យ​ជួយ​លោក រ៉ាត់ រដ្ឋ​មុនី អ្នក​ផលិត​វីដេអូ​មួយ​ដែលមាន​ចំណងជើង​ថា «​ម្តាយ ខ្ញុំ​លក់​ខ្ញុំ​» ដែល​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ក្រោម​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​។ វីដេអូ​របស់លោក ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT  យកទៅ​ផ្សព្វផ្សាយ​។


  
​អ្នកស្រី ឡុង គឹម​ហ៊ាង ជា​ភរិយា ដែល​កំពុងកាន់​បដា​ទាមទារ​ក្នុង​ដៃ បាន​និយាយថា​៖«​ខ្ញុំ​ទាមទារ​ឲ្យ​មានការ​ដោះលែង​ប្ដី​ខ្ញុំ​ជាបន្ទាន់ ហើយ​រដ្ឋាភិបាល​រុស្ស៊ី ត្រូវតែ​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ប្តី​របស់ខ្ញុំ​។ ខ្ញុំ​ត្រូវការ​តែ​ប៉ុណ្ណឹង​ទេ ខ្ញុំ​ត្រូវការ​ឲ្យ​ប្តី​ខ្ញុំ​មាន​សេរីភាព​»​។ 
 
​អ្នកស្រី ក៏​ស្នើ​ឲ្យ​រដ្ឋ​បា​ភិ​បាល​កម្ពុជា និង​តុលាការ កោះហៅ​តំណាង​ទូរទស្សន៍ RT មក​សួរ​ដោយផ្ទាល់​ដើម្បី​រក​ការពិត ដោយ​មិនត្រូវ​ចាប់​ស្វាមី​របស់​អ្នកស្រី តែ​ម្នាក់​នោះទេ​។ អ្នកស្រី​បាន​អះអាងថា អ្នកស្រី នឹង​ទាមទារ​នៅមុខ​ស្ថានទូត​រុស្ស៊ី រហូត​មានការ​ឆ្លើយតប​។ 
 
​លោក រ៉ាត់ រដ្ឋ​មុនី កំពុង​ជាប់ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស ហើយ​សំណុំរឿង​របស់លោក កំពុងស្ថិត​ក្នុងការ​ស៊ើបសួរ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​។ 
 
​ក្រោយ​ភាពយន្ត​ឯកសារ «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» ចេញផ្សាយ​ជា​សាធារណៈ​ក្នុង​ខែតុលា ដោយ​ទូរទស្សន៍ RT  អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​នេះ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។ ដោយមាន​ការសហការ​ជាមួយ​សមត្ថកិច្ច​កម្ពុជា សមត្ថកិច្ច​ថៃ ចាប់​លោក កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៨ ក៏​បញ្ជូនមក​កម្ពុជា​វិញ នៅ​ថ្ងៃទី​១២ ខែធ្នូ​៕ 

Tag:
 រ៉ាត់ រដ្ឋមុនី
  សិទ្ធិមនុស្ស​
  កម្ពុជា​
 
© រក្សាសិទ្ធិដោយ thmeythmey.com