អន្តរជាតិ
ថ្ងៃនេះ​ជា​ខួប​៤០​ឆ្នាំ​នៃ​ការបើកចំហ​សេដ្ឋកិច្ច​របស់​ចិន
18, Dec 2018 , 2:24 pm        
រូបភាព
រូបភាព៖ មហាសន្និបាតបក្សកុម្មុយនីស្តលើកទី ១៩ នាខែតុលាឆ្នាំ ២០១៧
រូបភាព៖ មហាសន្និបាតបក្សកុម្មុយនីស្តលើកទី ១៩ នាខែតុលាឆ្នាំ ២០១៧
ដោយ:
​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែធ្នូ កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី​៤០​ឆ្នាំ​នៃ​គោលនយោបាយ​កំណែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន ដែល​ប្រែក្លាយ​ប្រជាជាតិ​ក្រីក្រ​មួយ​នេះ​ទៅជា​យក្ស​សេដ្ឋកិច្ច​។ ជាមួយគ្នានេះ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ក៏​ថ្លែង​សុន្ទរកថា​នៅ​វិមាន​ប្រជាជន​ចិន ដើម្បី​បើក​កម្មវិធី​ខួប​កំណែទម្រង់សេដ្ឋកិច្ច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះដែរ​។

 
​កាលពី​៤០​ឆ្នាំមុន ថ្ងៃទី​១៨ ខែធ្នូ ក្នុង​ឆ្នាំ​១៩៧៨  បក្ស​កុម្មុយនីស្ត​ចិន​ក្រោម​ការដឹកនាំ​របស់លោក តេង ស៊ា​វ​ភីង បានសម្រេច​អនុវត្ត​កំណែទម្រង់សេដ្ឋកិច្ច​បើកទ្វារ​ទទួល​វិនិយោគ​បរទេស និង​រកស៊ី​ជាមួយ​បណ្តា​រដ្ឋ​នានា​លើ​ពិភពលោក​។ កំណែទម្រង់សេដ្ឋកិច្ច​ជា​ប្រ​វ​តិ្ត​សាស្ត្រ​នេះ បង្កើត​លទ្ធផល​ផ្លែផ្កា​ច្រើន​សម្រាប់​ចិន ហើយ​អ្វីដែល​សំខាន់​វា​បាន​ជួយ​រំដោះប្រជាជន​ចិន​រាប់រយ​លាន​នាក់​ឲ្យ​រួច​ផុតពី​ភាពក្រីក្រ  និង​ប្រែក្លាយ​រដ្ឋ​អាស៊ី​បូព៌ា​នេះ ទៅជា​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​លំដាប់​ទី ២ តាម​ពីក្រោយ​សហរដ្ឋអាមេរិក​ផង​។​
 
​និយាយ​ដល់​ការកែទម្រង់​នេះ មេដឹកនាំ​ចិន​បច្ចុប្បន្ន​តែងតែ​រម្លឹក​គុណ​មេដឹកនាំ​ជំនា​ន់ទី​ពីរ គឺ​លោក តេង ស៊ា​វ​ភីង ដ្បិតថា បើ​គ្មាន​គោលនយោបាយ​របស់លោក​ទេ វា​ក៏​ទំនងជា​គ្មាន​ចិន​ដែលមាន​សេដ្ឋកិច្ច​ធំ​សម្បើម​ដូច​សព្វថ្ងៃ​ដែរ​។ ក្នុង​មហាសន្និបាត ឆ្នាំ​១៩៧៨ បក្ស​កុម្មុយនីស្ត​ចិន​បាន​ដាក់ចេញ​គោលនយោបាយ​កែទម្រង់​ទ្រង់ទ្រាយ​ធំ​លើ​វិស័យសេដ្ឋកិច្ច តាមបែប​មូលធននិយម ប៉ុន្តែ​នៅ​រក្សា​ប្រព័ន្ធ​នយោបាយ​បែប​សង្គមនិយម​ដដែល​។ លោក តេង ដែល​បន្ត​ដឹកនាំ​ពី​ប្រធាន ម៉ៅ សេទុង ជឿថា ចិន​មិន​រីកចម្រើន​ទៅរួច​ឡើយ បើសិនជា​មិន​បើកចំហ​ទៅកាន់​ពិភពលោក​ជាពិសេស​សេដ្ឋកិច្ច​។ 
 
​ក្រោម​ការកែទម្រង់​សេដ្ឋកិច្ច​នេះ វិស័យ​កសិកម្ម​ត្រូវបាន​រដ្ឋ​យកចិត្តទុកដាក់​ខ្លាំង​។ ដីស្រែ​ធំៗ​លែង​ជា​កម្មសិទ្ធិ​ផ្តាច់​មុខរប​ស់​រដ្ឋ​ហើយ​។ វា​ត្រូវបាន​បែងចែក​ឲ្យ​ប្រើប្រាស់​ជា​លក្ខណៈ​បុគ្គល​ផង និង​ជា​សមូហភាព​ផង ដើម្បី​ធានា​សង្វាក់​ផលិតកម្ម​កសិកម្ម​ដែលជា​កម្លាំងចលករ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ កសិករ​ទូទៅ​មាន​សិទ្ធិ​លើដី​ឯកជន​កាន់តែច្រើន​ឡើយ និង​អាច​លក់បាន​ទៀត​បើសិនជា​ចាំបាច់​។ ចំពោះ​វិស័យ​ឧស្សាហកម្ម​វិញ រដ្ឋាភិបាល​ចិន​បាន​ព្យាយាម​កាត់បន្ថយ​ការគ្រប់គ្រង​លើ​រោងចក្រ និង​ក្រុមហ៊ុន​រដ្ឋ​ធំៗ​ដែរ​។ ចំនួន​ក្រុមហ៊ុន​រដ្ឋ​គ្រប់គ្រង​បាន​បន្ត​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​ក​ម្គា​ល់ ហើយ​ម្ចាស់​រោងចក្រ​ក៏​អាច​ចាត់ចែង​ការងារ​បាន​ដោយ​មិនចាំបាច់​មានការ​ណែនាំ​ពី​បក្ស ឬ​ធ្វើតាម​ផែនការ​កំណត់​របស់រ​ដ្ឋា​ភិ​បាល​ដែរ​។​
 
​គេ​ឃើញ​ទំនិញ​របស់​ចិន​កាន់តែច្រើន​ចាប់ផ្ដើម​វាយលុក​ចូល​ទីផ្សារ​ពិភពលោក ឯ​ប្រជាជន​ចិន​ចាប់ផ្ដើម​មាន​ជីវភាព​ធូរធារ​។ ក្រុមហ៊ុន​ធំៗ​បាន​កើតឡើង​ស្អេកស្កះ និង​ចេញទៅ​បោះទុន​រកស៊ី​នៅ​បរទេស​ទៀតផង​។ ឥទ្ធិពល​ចិន​កាន់តែ​រីក​ធំ​ទាំង​នយោបាយ ការទូត ជាពិសេស​សេដ្ឋកិច្ច និង​បាន​ក្លាយជា​គូប្រជែង​ធំជាងគេ​របស់​អាមេរិក​ទៀត​។ ការកែទម្រង់​នេះ​បន្ត​រហូតដល់​សម័យ​លោក ស៊ី ជិន​ភីង ដែល​បច្ចុប្បន្ន​មានអំណាច​ដូច​ប្រធាន ម៉ៅ និង​លោក តេង ទៅហើយនោះ​។​
 
​ក្នុងឆ្នាំនេះ លោក ស៊ី ជិន​ភីង ដែល​អាច​កាន់អំណាច​អស់​មួយជីវិត ដ្បិត​ទើបតែ​លុបចោល​ចំនួន​កំណត់​អាណត្តិ​ប្រធានាធិបតី​នោះ បានប្រកាស​ជារឿយៗ​ថា ចិន​នឹង​បន្ត​បើកចំហ​ទីផ្សារ​របស់ខ្លួន​សម្រាប់​ក្រុមហ៊ុន​បរទេស​។ ហើយ​ចិន​ស្វាគមន៍​ជានិច្ច​ចំពោះ​អ្នកវិនិយោគ​បរទេស​នានា​ដែល​រកស៊ី​ក្នុង​ទឹកដី​ចិន​។ ស្រប​ពេលដែល​អាមេរិក ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ អនុវត្ត​នយោបាយ​គាំពារ​និយម​នោះ ចិន​ដែល​សម្បូរ​ដោយ​លុយ និង​ឥទ្ធិពល​ពេញ​ពិភពលោក ប្រាកដជា​ឆ្លៀតឱកាស​នេះ​ដើម្បី​ឈោង​តំណែង​មហាអំណាច​ទីមួយ​មិន​ខាន​៕ 
 

Tag:
 ចិន​
  គោលនយោបាយ​
  កំណែទម្រង់​និង​បើកចំហ​
© រក្សាសិទ្ធិដោយ thmeythmey.com