កីឡាអន្តរជាតិ
អន្តរជាតិ
ឈ្មួញគ្រឿងញៀនដែលគាំទ្រ Ronaldo ផ្កាប់មុខ បានយករូប Idol ខ្លួនបិទលើកញ្ចប់ថ្នាំ
× ក្រុមប៉ូលិសបារាំងបានរឹបអូសកញ្ឆា និងកូកាអ៊ីនខុសច្បាប់ចំនួន ៥ដុំធំ ដែលខ្ចប់ដាក់ក្នុងថង់ប្លាស្ទិក។ ប៉ុន្តែអ្វីដែលគួរចាប់អារម្មណ៍នោះ ក្នុងកញ្ចប់ថង់នីមួយៗសុទ្ធតែមានបិទរូបរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដើម្បីធ្វើជាស្លាកសញ្ញាទៀតផង។
បើតាមការផ្សាយរបស់ព័ត៌មានរុស្ស៊ី RT មន្ត្រីអនុវត្តច្បាប់នៅក្នុងទីក្រុង Marseille ប្រទេសបារាំង បានរឹបអូសគ្រឿងញៀនកញ្ឆាទម្ងន់ ៥១៧ក្រាម និងថ្នាំញៀនកូកាអ៊ីន ៥០ក្រាម ក្រោយការឆែកឆេរនៅក្នុងផ្ទះរបស់ឈ្មួញថ្នាំញៀនមួយន្លែង។
កញ្ចប់កញ្ឆាចំនួន៥ដុំដែលចាប់បាន ឃើញថាមានការតុបតែងជាមួយរូបភាពរបស់ម្ចាស់ពានរង្វាន់ Ballon d'Or ៥សម័យកាល ដែលពាក់ឯកសណ្ឋានរបស់ក្រុមសេះបង្កង់ Juventus បិទនៅក្នុងកញ្ចប់ថង់នោះ។
Á Marseille, des gendarmes des Bouches-du-Rhône ont fait une saisie assez surprenante, puisqu'ils ont mis la main sur 517g de cannabis à l'effigie de Cristiano Ronaldo. (
@20Minutes)
pic.twitter.com/Jl9llVJQGB
មិនមានការជាប់ពាក់ព័ន្ធគ្នារវាងការរឹបអូសគ្រឿងញៀន ជាមួយនឹងតារាឆ្មើមរបស់ក្រុមជម្រើសជាតិព័រទុហ្គាល់នោះឡើយ ប៉ុន្តែរឿងដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺជាការបង្ហាញឲ្យឃើញថាជនដែលបានចែកចាយគ្រឿងញៀនខុសច្បាប់នោះ ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ម្នាក់ និងមានការស្រលាញ់គាំទ្រទៅលើ Ronaldo យ៉ាងខ្លាំងក្លាទៅវិញ។
ផ្ទុយពីបញ្ហាគ្រឿងញៀននេះវិញ អតីតសមាជិកក្រុម Manchester United និង Real Madrid វ័យ៣៣ឆ្នាំរូបនេះកំពុងជាប់ពាក់ព័ន្ធនឹងបទល្មើសចំនួន៤ ក្រោយមានការចោទប្រកាន់ថារូបគេបានបន្លំពន្ធលើប្រាក់បៀវត្សនៅក្នុងប្រទេសអេស្ប៉ាញ។
Ronaldo ដែលចាកចេញពីក្លិបយក្សអេស្ប៉ាញ ទៅចូលរួមជាមួយម្ចាស់ជើងឯកអ៊ីតាលី Serie A កាលពីដើមរដូវកាលនេះ បានបង់ប្រាក់ពិន័យ ២៣លានដុល្លាររួចហើយ ប៉ុន្តែនៅតែត្រូវឲ្យបង្ហាញខ្លួនក្នុងតុលាការដដែល៕
Tag:
បាល់ទាត់
Cristiano Ronaldo
គ្រឿញៀន
© រក្សាសិទ្ធិដោយ thmeythmey.com