ជប៉ុន នឹង​បង្កើន​ខ្ទង់ចំណាយ​ទិញ​សព្វាវុធ​ថែម​ពី​អាមេរិក​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​និង​រុស្ស៊ី​
អន្តរជាតិ
ជប៉ុន នឹង​បង្កើន​ខ្ទង់ចំណាយ​ទិញ​សព្វាវុធ​ថែម​ពី​អាមេរិក​ដើម្បី​ទប់ទល់​ឥទ្ធិពល​ចិន​និង​រុស្ស៊ី​
19, Dec 2018 , 8:39 am        
រូបភាព
យន្តហោះ F-35A របស់ជប៉ុន (រូបភាព Kyodo)
យន្តហោះ F-35A របស់ជប៉ុន (រូបភាព Kyodo)
​ក្រុង​តូ​ក្យូ នឹង​ព​ន្លឿ​ន​ការបង្កើន​ខ្ទង់ចំណាយ​លើ​ការទិញ​សម្ភាៈ​យោធា រួមមាន យន្តហោះ​ចម្បាំង​ស៊េរី​ទំនើប និង​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ​ជាដើម នា​រយៈពេល​៥​ឆ្នាំ​ខាងមុខ​។ គម្រោង​៥​ឆ្នាំ​របស់​រដ្ឋបាល​លោក ស៊ីន​ហ្សូ អា​បេ នេះ មាន​គោលដៅ​ជួយ​ពង្រឹងសមត្ថភាព​យោធា​ជប៉ុន និង​គាំទ្រ​ដល់​កងទ័ព​អាមេរិក ដែល​កំពុង​ប្រឈមមុខ​នឹង​យោធា​ចិន​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច​។

 
​ផែនការ​បង្កើន​សមត្ថ​ភាព​របស់​ជប៉ុន​ថ្មី​នេះ បង្ហាញ​សញ្ញា​យ៉ាងច្បាស់​ពី​មហិច្ឆតា​របស់​ក្រុង​តូ​ក្យូ ដើម្បី​ក្លាយជា​មហាអំណាច​តំបន់  ខណៈ​ឥទ្ធិពល​យោធា​របស់​ចិន និង​រុស្ស៊ី កំពុង​ដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច​របស់​អាមេរិក​។ 
 
​ផែនការ​សម្រាប់​វិស័យ​ការពារជាតិ​រយៈពេល​១០​ឆ្នាំ  ដែល​បានអនុម័ត​ដោយ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​១៨ ខែធ្នូ បាន​គូសបញ្ជាក់ថា​៖«​សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រជាជាតិ​មាន​ឥទ្ធិពល​ខ្លាំងជាងគេ​បំផុត​លើ​ពិភពលោក  ប៉ុន្តែ​គូប្រជែង​របស់​ជប៉ុន​កំពុង​ងើបឡើង  ហើយ​យើង​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការប្រកួតប្រជែង​បែប​យុទ្ធសាស្ត្រ​ជាមួយ​ចិន និង​រុស្ស៊ី  ស្រប​ពេលដែល​ប្រទេស​ទាំងពីរ​នេះ​ប្រឆាំង​ទៅនឹង​សណ្តាប់ធ្នាប់​តំបន់​»​។ 
 
​យោងតាម​ផែនការ​ខាងលើ​ដែល​បាន​ដកស្រង់​ដោយ​ទី​ភ្នា​ក់​ព័ត៌មាន Reuters  សហរដ្ឋអាមេរិក ចិន​, កូរ៉េខាងជើង និង​រុស្ស៊ី  សុទ្ធតែជា​ប្រទេស​ដែល​ជះឥទ្ធិពល​ខ្លាំង​បំផុត​លើ​ការតាក់តែង​នយោបាយ​ខាង​ផ្នែក​យោធា​របស់​ជប៉ុន​។ 
 
​មែនទែនទៅ ចិន​ដែល​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​ពីរ តែងតែ​បញ្ជូន​នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​ជាច្រើន​បន្ថែមទៀត​ទៅកាន់​តំបន់​ល្បាត​សមុទ្រ​ក្បែរ​ព្រំដែន​ជប៉ុន ខណៈ​កូរ៉េខាងជើង​ពុំទាន់​បំពេញ​តាម​ការសន្យា​ក្នុងការ​បោះបង់​កម្មវិធី​និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នៅឡើយ​ទេ​។ ឯ​រុស្ស៊ី ដែល​បន្ត​បំពាន​ដែន​ការពារ​អាកាស​របស់​ជ​ប៉ុន បានបញ្ជាក់​នៅ​ថ្ងៃទី​១៧ ខែធ្នូ ថា ខ្លួន​បាន​សាងសង់​ជំរុំ​ទ័ព​មួយ​នៅលើ​កោះ​ភាគ​ខាងជើង ដែល​ខ្លួន​បាន​ដណ្ដើម​ពី​ជប៉ុន​នៅ​ចុងបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​។ 
 
​ម្យ៉ាងវិញទៀត បើតាម​គម្រោង​៥​ឆ្នាំ​ដាច់ដោយឡែក​មួយទៀត​ដែល​បានអនុម័ត​នៅ​ថ្ងៃ​អង្គារ​ដែរនោះ ជប៉ុន​គ្រោង​នឹង​ទិញ​យន្តហោះ​ចម្បាំង F-35 របស់​ក្រុមហ៊ុន​អាមេរិក Lockheed Martin Corp ចំនួន ៤៥​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៤​ពាន់​លាន​ដុល្លារ​។ គម្រោង​ទិញ​យន្តហោះ​ថ្មី​នេះ​គឺ​បន្ថែម​ពី​ការ​កម្មង់​ទិញ​យន្តហោះ F-35 ចំនួន​៤២​គ្រឿង ដែល​បាន​ធ្វើឡើង​កន្លងទៅ​។ ហើយ​នាវា​ផ្ទុក​ឧ​ទ្ធ​ម្កា​ចក្រ​ធំ​បំផុត​របស់​ជប៉ុន​ចំនួន​ពីរ​គ្រឿង រួមមាន Izumo និង Kaga នឹងត្រូវ​កែច្នៃ​ឲ្យ​ក្លាយជា​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង  ដែល​នឹង​ជួយ​ដល់​ការប្រតិបត្តិ​ការ​របស់​យន្តហោះ F-35 ។​
 
​កា​រក​ម្ម៉​ង់​ទិញ​យន្តហោះ​ចម្បាំង F-35 ថ្មី​នេះ ក៏​ទំនងជា​អាចជួយ​ជប៉ុន​ឲ្យ​រួច​ផុតពី​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។  ដ្បិតថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ដែល​ធ្លាប់​គំរាម​ដំឡើង​ពន្ធ​នាំចូល​លើ​រថយន្ត​ជប៉ុន បាន​ស្វាគមន៍​លោក​ស៊ីន​ហ្សូ អា​បេ សម្រាប់​ការទិញ​យន្តហោះ​ចម្បាំង F-35 ក្នុង​ចំនួន​ដ៏​ច្រើន​នេះ​។ ការស្វាគមន៍​របស់លោក​ត្រាំ​បានធ្វើ​ឡើង នៅពេល​មេដឹកនាំ​ទាំងពីរ​បាន​ជួបគ្នា​នៅ​ជំនួប​កំពូល G-20 នៅ​អា​ហ្ស​ង់​ទីន កាលពីដើម​ខែធ្នូ​នេះ​។​
 
​ទន្ទឹមនឹងនេះ ជប៉ុន​ក៏​គ្រោង​ទិញ​សម្ភារៈ​យោធា​របស់​អាមេរិក​ផ្សេងទៀត រួមមាន រ៉ា​ដា​ការពារ​ដែនអាកាស Aegis Ashore ចំនួន​២​គ្រឿង ដើម្បី​ការពារ​ប្រឆាំង​ទៅនឹង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​, យន្តហោះ​ចាក់​សាំង​លើ​អាកាស  Boeing Co KC-46 Pegasus ចំនួន​៤​គ្រឿង ព្រមទាំង​យន្តហោះ​បញ្ជូន​សញ្ញា​អាសន្ន Northrop Grumman E-2 Hawkeye ចំនួន​៩​គ្រឿង​ផងដែរ​។​
 
​យោងតាម​ផែនការ​ខាងលើ ជប៉ុន​គ្រោង​ចំណាយ​ប្រាក់​រហូតដល់ ២២៤,៧​ពាន់​លាន​ដុល្លារ​លើ​សម្ភារៈ​យោ​ធានា​រយៈពេល ៥​ឆ្នាំ​ទៅមុខ​។ ចំនួន​នេះ​គឺ​កើនឡើង​ប្រមាណ ៦,៤​ភាគរយ បើ​ធៀប​ទៅនឹង​គម្រោង​យោធា​៥​ឆ្នាំមុន​៕
 

Tag:
 ​ជប៉ុន​
  ចិន​
  រុស្ស៊ី​
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com