ជាតិ
សេដ្ឋកិច្ច
ក្រសួង​៩​គាំទ្រ​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់ និង​ដីល្បាយខ្សាច់​លើ​ផ្ទៃដី​២០​ហិកតា​នៅ​កំពង់ចាម​
18, Dec 2018 , 9:39 pm        
រូបភាព
កិច្ចប្រជុំអន្តរក្រសួង ជាមួយអង្គការ និងភាគីពាក់ព័ន្ធ ដើម្បី​ពិនិត្យ និងផ្តល់យោបល់លើគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅខេត្តកំពង់ចាម នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០១៨​
កិច្ចប្រជុំអន្តរក្រសួង ជាមួយអង្គការ និងភាគីពាក់ព័ន្ធ ដើម្បី​ពិនិត្យ និងផ្តល់យោបល់លើគម្រោងអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅខេត្តកំពង់ចាម នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី១៧ធ្នូ ឆ្នាំ២០១៨​
​ភ្នំពេញ​៖ ក្រសួង​ចំនួន​៩​បានសម្រេច​នាំគ្នា គាំទ្រ​លើ​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់ និង​ដីល្បាយខ្សាច់ ក្នុង​ទំហំ​ផ្ទៃដី ២០​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ ក្នុងភូមិ​កោះ​ប៉ែន ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្តកំពង់ចាម​។ គម្រោង​អាជីវ​កម្មនេះ គឺជា​របស់​សហគ្រាស​ក​ង​ម៉ា​រ៉ែ​ន ដែល​បាន​សិក្សា​វាយតម្លៃ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​ស៊ី អ៊ី អេស ខូ អិ​ល​ធី​ឌី​។

 
​អ្នកតំណាង​ក្រសួង អង្គការ និង​ស្ថាប័ន​នីមួយៗ បាន​ឯកភាពគ្នា​កំណត់ និង​អនុវត្ត​នូវ​សកម្មភាព​៥​ចំណុច នៃ​អាជីវកម្ម​ខាងលើ ឲ្យ​ខាងតែបាន​។ ក្នុងនោះ​រួមមាន​ទី​១.​ត្រូវ​កំណត់​បរិ​មាណនៃ​ការធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​មួយឆ្នាំ ឱ្យបាន​លម្អិត​។ ទី​២.​ត្រូវ​ផ្អាក ឬ​កាត់បន្ថយ​សកម្មភាព​អាជីវកម្ម​នៅក្នុង​រដូវ​ត្រី​ពង​កូន​។ ទី​៣. ត្រូវ​ដាំ​ដើមឈើ​នៅ​ទីតាំង​ការដ្ឋាន​ស្តុក​ខ្សាច់ និង​ការដឹកជញ្ជូន​ខ្សាច់​ត្រូវ​គ្រប​ប៉ាតង់​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​កាត់បន្ថយ​ការ​ហុយធូលី ព្រមទាំង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។ ទី​៤. ត្រូវ​បំពាក់​ប្រព័ន្ធ​GPS នៅពេល​បូម​ខ្សាច់ និង​ស្លាក​លេខ​ទូក​បូម​ខ្សាច់ ដើម្បី​ងាយស្រួល​តាមដាន​សកម្ម​ភាព​បូម​របស់​សហគ្រាស និង​ទី​៥.​ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន​ទីប្រឹក្សា​ធ្វើការ​កែសម្រួល​នូវ​ចំណុច​ខ្វះខាត​នៅក្នុង​របាយការណ៍​វាយតម្លៃ​ហេតុ ដែល​នាំ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សង្គម ។​
 
​ការសម្រេច​គាំទ្រ​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​កាលពី​ថ្ងៃទី​១៧​ធ្នូ ដើម្បី​ពិនិត្យ និង​ផ្តល់យោបល់​លើ​គម្រោង​អាជីវកម្ម​ខ្សាច់​សំណង់ និង​ដីល្បាយខ្សាច់​នៅ​ខេត្តកំពង់ចាម នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ដែលមាន​អ្នកតំណាង​មកពី​ក្រសួង​ទាំង​៩ រួមជាមួយ​តំណាង​អង្គការ​DPA, តំណាង​ម្ចាស់​គម្រោង និង​ភាគី​ពាក់ព័ន្ធ​។​
 
​ក្រសួង​ទាំង​៩​ដែល​គាំទ្រ​នោះ មាន​ក្រសួងបរិស្ថាន​, ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ,​ក្រសួង​រ៉ែ និង​ថាមពល ,​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ,​ក្រសួង​ធនធានទឹក និង​ឧតុនិយម ,​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​៕
 

Tag:
 ខ្សាច់​
  គម្រោង​
  កំពង់ចាម
© រក្សាសិទ្ធិដោយ thmeythmey.com