ជាតិ
ពីនេះ ពីនោះ
នៅកម្ពុជា «ខ្លារខិន» ស្ទើរតែគ្មានដោយសារតែការបរបាញ់ និងទាក់ចាប់ធ្វើអាជីវកម្ម
18, Dec 2018 , 5:05 pm        
រូបភាព
ដោយ: ថ្មីៗ
នៅកម្ពុជារប៉ាយរស់នៅរបស់សត្វ «ខ្លារខិន» មានតិចតួចតាមតំបន់នានា ក្នុងនោះមានភូមិភាគឦសាន, និរតី និង ភាគជើងនៃប្រទេស ប៉ុន្តែនៅអាហ្រ្វិក, អាស៊ីភាគខាងត្បូង រួមទាំងអាស៊ីអាគ្នេយ៍ និងកោះចាវានៅមានច្រើន។ «ខ្លារខិន» ស្ថិតក្នុងក្រុមប្រភេទមានដោយកម្រ ហើយកំពុងរងគ្រោះថ្នាក់ដោយសារការបរបាញ់ ទាក់ចាប់ដើម្បីយកស្បែក, ឆ្អឹង សំណាករបស់វាធ្វើអាជីវកម្ម ម្យ៉ាងទៀតការបាត់បង់ទីជម្រកដែលធ្លាប់រកចំណីនិងរស់នៅ។ «ខ្លារខិន» ត្រូវបានអង្គការ IUCN ចាត់ចូលក្នុងបញ្ជីក្រហម ថាជាប្រភេទរងគ្រោះថ្នាក់តិចតួច ប៉ុន្តែនៅកម្ពុជាគេកម្រជួបប្រទះវាណាស់។



«ខ្លារខិន» មានភិនភាគងាយចំណាំណាស់ វាមានពណ៌លឿងក្រម ត្នោត និងអុចៗ ហើយខ្មៅ ជាកញ្ចុំនៅពាសពេញខ្លួន ពេលខ្លះគេហៅថា «Black Panther» ដែលមានរូបរាងខ្មៅ។ «ខ្លារខិន» ឈ្មោល អាចមានទម្ងន់ ៥៥ គីឡូក្រាម ចំណែកឯញីវិញ មានទម្ងន់ ៣០គីឡូក្រាម។ «ខ្លារខិន» វាដើរជាគូតែក្នុងរដូវបន្តពូជ ចំពោះ«ខ្លារខិន» ញីអាច បង្កើតកូនបានពី១-៤ក្បាល បន្ទាប់ពីពពោះអស់រយៈពេល ៩០-៩៥ថ្ងៃ ហើយកូនរបស់វារស់នៅជាមួយមេដល់អាយុពី ១-២ឆ្នាំ។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។
 
សៀវភៅថនិកសត្វខាងលើ បញ្ជាក់ថា ការរស់នៅរបស់សត្វ «ខ្លារខិន» គឺវារស់នៅក្នុងព្រៃគ្រប់ប្រភេទ ចាប់ពីព្រៃស្រោងរហូតដល់ព្រៃគម្ពោតដែលមានផ្ទាំងថ្ម។ «ខ្លារខិន» ជាសត្វរហ័សរហួន និងចូលចិត្តឡើងដើមឈើ ហើយវាពុំសូវចាញ់កម្ដៅថ្ងៃដូចខ្លាធំទេ និងអាចរស់នៅឆ្ងាយពីទឹកបានទៀតផង។ «ខ្លារខិន» ជាអម្បូរឆ្មាដែល មានមាឌធំលំដាប់ទី២បន្ទាប់ពីខ្លាធំ។
 
ចំណីអាហាររបស់«ខ្លារខិន»មានដូចជា ប្រើស,ឈ្លូស,ជ្រូកព្រៃ,ស្វា,សត្វកកេរ និងសត្វល្អិត ហើយជារឿយៗវាចាប់ចំណី ដោយលោតកន្រ្តប់ពីលើដើមឈើ រួចទាញសត្វនោះឡើងលើដើមឈើដើម្បីស៊ី។ «ខ្លារខិន» វាចូលចិត្តរកចំណីតែឯង និងជាត្វរាត្រីចរ។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ២០០៨៕
 

Tag:
 ខ្លារខិន
  ថនិកសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com