អន្តរជាតិ
ចិន​ផ្ដល់​មេដាយ​កិត្តិយស​ឲ្យ​បិតា​ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់​យូ ដែល​ជួយ​ខ្លួន​ក្នុងការ​កែទម្រង់​
18, Dec 2018 , 5:18 pm        
រូបភាព
លោក លី ក្វាន់យូ ស្វាគមន៍លោក តេង ស៊ាវភីង នាដំណើរទស្សនកិច្ចនៅសិង្ហបុរីក្នុងឆ្នាំ១៩៧៨ ។ (រូបភាព Strait Times)
លោក លី ក្វាន់យូ ស្វាគមន៍លោក តេង ស៊ាវភីង នាដំណើរទស្សនកិច្ចនៅសិង្ហបុរីក្នុងឆ្នាំ១៩៧៨ ។ (រូបភាព Strait Times)
​រដ្ឋាភិបាល​ចិន នៅ​ថ្ងៃទី​១៨ ខែធ្នូ បានផ្ដល់​មេដាយ​កិត្តិយស​ដល់​អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ក្វាន់​យូ ដែល​បាន​ជួយ​ខ្លួន​ក្នុងការ​កែទម្រង់​។ ការផ្ដល់​មេដាយ​នេះ ធ្វើឡើង​នាឱកាស​ខួប​ទី​៤០ នៃ​ការដាក់ចេញ​នយោបាយ​កែទម្រង់ និង​បើកចំហ​សេដ្ឋកិច្ច​។ អតីត​មេដឹកនាំ​ចិន តេង ស៊ា​វ​ភីង ដែលជា​អ្នកផ្ដើមគំនិត​ន​យោ​បា​កែ​ទម្រ​ង​នេះ តែង​លើកសរសើរ​ការដឹកនាំ​របស់លោក លី ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​ក្លាយជា​ប្រទេស​អភិវឌ្ឍ​មួយ​ដូច​សព្វថ្ងៃ​។​

 
​បិតា​ស្ថាបនិក​សិង្ហ​បុរី លី ក្វាន់ ស្ថិតក្នុង​ចំណោម​ជនបរទេស​១០​នាក់ ដែល​ទទួល​មេដាយ​មិត្តភាព និង​កំណែទម្រង់​ពី​រដ្ឋាភិបាល​ចិន​នៅ​ថ្ងៃទី​១៨ ខែធ្នូ ដែលជា​ខួប​ទី​៤០ នៃ​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​។ មេដាយ​នេះ​ផ្ដល់​ឲ្យ​ជនបរទេស​ណា​ដែល​បានរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​របស់​ចិន​នាពេល​កន្លងមក​។ បុគ្គល​ផ្សេងទៀត​មាន នាយក​វេទិកា​ពិភពលោក Klaus Schwab និង​អតីត​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ Juan Antonio Samaranch ជាដើម​។​
 
​លោក លី និង​អតីត​មេដឹកនាំ​ចិន តេង ស៊ា​វ​ភីង បាន​ជួបគ្នា​លើកដំបូង​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៧៨ ពេល​លោក តេង ធ្វើ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​។ ពោល គឺ​មួយខែ​មុន​លោក តេង ដាក់ចេញ​គោលនយោបាយ​កែទម្រង់ និង​បើកចំហ​នៅ​ខែធ្នូ ដដែល​។ ចាប់តាំងពី​លោក តេង ដល់​លោក ស៊ី ជិន​ភីង នៅពេល​បច្ចុប្បន្ន លោក លី បាន​ជួប​មេដឹកនាំ​ចិន​ប្រាំ​រូប និង​ធ្វើ​ទស្សនកិច្ច​នៅ​ចិន​៣៣​លើក ហើយ​ដែល​ត្រូវបាន​ចិន​ជា​មិត្ត​ចាស់​ទៀតផង​។​
 
​បើតាម​ទូរទស្សន៍​ចិន CGTN អតីត​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បាន​ប្រា​ប់លោក តេង ថា ប្រជាជន​ចិន​នៅ​សិង្ហ​បុរី​ជាច្រើន​មាន​ដើមកំណើត​នៅ​ចិន ហើយ​ទៅដល់​សិង្ហ​បុរី​ក្នុងនាម​ជា​ពលករ មិនសូវ​ចេះអក្សរ អត់ឃ្លាន តែ​ឧស្សាហ៍​ព្យាយាម​។ ដូចនេះ​បើ​សិង្ហ​បុរី​អាច​អភិវឌ្ឍ​តាម​លឿន​តាម​លក្ខខណ្ឌ​បែបនេះ ក៏​គ្មាន​ហេតុផល​អ្វីដែល​ចិន​មិន​អាចធ្វើ​បានល្អ​ដែរ​។ ក្នុង​ឆ្នាំ​១៩៩២ ពេល​ទស្សនកិច្ច​ក្នុង​ខេត្ត Guangdong លោក តេង បង្ហាញ​បំណង​រៀនសូត្រ​តាម​បទពិសោធ​របស់​សិង្ហ​បុរី​។​
 
​បន្ត​បន្ទាប់មក សិង្ហ​បុរី​បាន​បញ្ជូន​អ្នក​ប្រឹក្សា​ទៅ​ចិន​ជាច្រើនលើក​ដើម្បី​ជួយ​ចិន​ក្នុងការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​។ ជា​ផ្នែក​នៃ​ការជួយ​ចិន សិង្ហ​បុរី​បាន​ចូលរួម​ក្នុង​គម្រោង​ទ្វេភាគី​ជាច្រើន​ដូចជា​សួន​ឧស្សាហកម្ម Suzhou និង​ទីក្រុង​អេកូ Tianjin ។ នេះ​ក៏​ព្រោះតែ​គម្រោង​អភិវឌ្ឍ​រួម​នេះ ជួយ​ឲ្យ​ចិន​អាច​រៀនសូត្រ​តាម​សិង្ហ​បុរី​បាន​ងាយស្រួល ដោយ​អ្នកជំនាញ​សិង្ហ​បុរី​អាច​ហ្វឹកហាត់​មន្ត្រី​ចិន​នៅ​កន្លែង​តែម្ដង​។ 
 
​សូម​បញ្ជាក់ដែរថា ក្រៅពី​ជនបរទេស​១០​នាក់ ជនជាតិ​ចំនួន​១០០​នាក់ ក៏​ទទួលបាន​មេដាយ​កិត្តិយស​ដែរ​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ប្រទេស​។ ស្ថ​ប​និក​ក្រុមហ៊ុន Alibaba លោក Jack Ma អតីត​តារា​បាល់បោះ​ល្បីឈ្មោះ Yao Ming អតីត​នាយិកា​អង្គការ​សុខភាព​ពិភពលោក Margaret Chan សុទ្ធតែ​ទទួលបាន​មេដាយ ដែល​ប្រគល់​ដោយ​ថ្នាក់ដឹកនាំ​ចិន​៕
 

Tag:
 ចិន​
  លី ក្វាន់​យូ​
  តេង ស៊ា​វ​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com