ជាតិ
ប៉ូលិស​នៅ​ត្បូងឃ្មុំ ដែល​រារាំង​មន្ត្រី មិន​ឲ្យ​បង្ក្រាប​បទល្មើស​ព្រៃឈើ ត្រូវ​បញ្ជូនទៅ​តុលាការ
18, Dec 2018 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ លោក យ៉ា សុផល នាយរង​ប៉ុស្តិ៍​ស្អំ ក្នុង​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅ អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ពីបទ​ប្រមាថ និង​បង្ក​ហិង្សា​ទៅលើ​ក្រុម​សមត្ថកិច្ច​ចម្រុះ ខណៈ​ក្រុម​សមត្ថកិច្ច​ទាំងនោះ ចុះ​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ កាលពី​យប់​ថ្ងៃទី ១៥ ខែធ្នូ​។ អំពើហិង្សា​នោះ បាន​បណ្ដាល​ឲ្យ​មាន​ជនរងគ្រោះ​ម្នាក់​។

 
​លោក ហាក់ សៀក​លីម ព្រះរាជអាជ្ញារង​និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា តុលាការ​មិនទាន់មាន​ចំណាត់ការ​និង​នីតិវិធី​អ្វី​ឡើយ​ចំពោះ​លោក យ៉ា សុផល ដោយ​ត្រូវ​រង់ចាំ​ការបំពេញ​បែបបទ​រដ្ឋ​បាល​ចប់​។ 
 
 
​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ត្រង់ចំណុច​ភូមិ​បុស្ស​ចេក ឃុំ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ក្រុម​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដែល​មកពី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ កងរាជអាវុធហត្ថ ស្នាក់ការ​៧០១ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​ផ្នែក​សឹក​រង​ខេត្ត​ត្បូងឃ្មុំ បាន​ចាប់​ឃាត់​រថយន្ត​២​គ្រឿង​ដែល​ដឹកជញ្ជូន​ឈើ​គ្រញូង​សរុប​៥៩​ដុំ ស្មើ​១០៨៨​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត​។​
 
​ក្នុង​ប្រតិបត្តិការ​នោះ លោក យ៉ា សុផល បានមក​គំរាមកំហែង និង​វាយតប់ ហើយ​បង្ក​ឲ្យ​មាន​របួសស្នាម​ទៅលើ​លោក ឆេន សុផាត និង​ប្រទូសរ៉ាយ​ជាមួយ​លោក ឃឹម ប៊ុនធឿន នាយរង​សង្កាត់រដ្ឋបាល​ព្រៃឈើ​តំបែរ​ផងដែរ ដោយ​មានការ​ចង្អុលមុខ និង​ជេរប្រមាថ​ក្នុងន័យ​រារាំង និង​កាង​បទល្មើស​ព្រៃឈើ​។ ប៉ុន្តែ លោក យ៉ា សុផល មិនបាន​ប៉ះពាល់​និង​បង្ក​របួសស្នាម​មកលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឡើយ​៕ 
 

Tag:
 តុលាការ
  បទល្មើសព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com