កីឡាអន្តរជាតិ
អន្តរជាតិ
មូន ចេអ៊ីន និង AFC អបអរវៀតណាមដែលឈ្នះពាន Suzuki Cup ជាលើកទី២
× ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ព្រមទាំងប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa អបអរសាទរក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមដែលបានឈ្នះពានរង្វាន់ AFF Suzuki Cup 2018 ដោយការផ្តួលម៉ាឡេស៊ីក្នុងលទ្ធផលទាំងពីជើង ៣-២។
អតីតគ្រូ U-23 កូរ៉េខាងត្បូង លោក Park Hang-seo បាននាំក្រុមវៀតណាមទទួលជ័យជម្នះលើក្រុមម៉ាឡេស៊ីក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី២នៅកីឡាដ្ឋាន My Dinh ក្នុងលទ្ធផល ១-០ ដើម្បីគ្រងជើងឯកតំបន់អាស៊ាន AFF Cup ជាលើកទី២។
ទន្ទឹមនឹងនេះ នៅក្រោយមួយថ្ងៃបន្ទាប់ពីការប្រកួតចប់ពោលគឺនៅថ្ងៃទី ១៦ ខែធ្នូ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន បានសម្តែងការអបអរសាទរទៅកាន់ក្រុមរហស្សនាមផ្កាយមាស ដោយសរសេរជាភាសាកូរ៉េ និងភាសាវៀតណាមនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក។
«ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមជម្រើសជាតិវៀតណាមដែលដឹកនាំដោយលោក Park Hang-seo ក្នុងការឈ្នះពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៨។ ខណៈពេលឃើញទិដ្ឋភាពនៃអ្នកគាំទ្រវៀតណាមគ្រវីទង់ជាតិវៀតណាម រួមជាមួយកូរ៉េខាងត្បូងនៅក្នុងជំនួបជើងទី២ ខ្ញុំមានអារម្មណ៍ថាប្រទេសទាំងពីរបានក្លាយជាមិត្តភក្តិជិតស្និទ្ធកាន់តែខ្លាំងឡើងតាមរយៈកីឡាបាល់ទាត់»។
លោកមូន ចេអ៊ីន ព្រមទាំងភរិយាធ្លាប់ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីតាំងហ្វឹកហាត់របស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម VFF កាលពីខែមីនាកន្លងទៅ ដើម្បីជួបលោក Park Hang-seo និងក្រុមកីឡាកររបស់វៀតណាមទៀតផង
ដោយឡែក ប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី AFC ក៏បានសរសេរលិខិតមួយផ្ញើទៅកាន់ VFF ដើម្បីជាការអបអរនឹងជ័យជម្នះរបស់វៀតណាមនៅឆ្នាំ២០១៨នេះដែរ។
ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa
«ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមថ្លែងអំណរគុណដល់លោក និងសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) សូមជូនពរ និងអបអរចេញពីបេះដូង ចំពោះការឈ្នះពានរង្វាន់ AFF Suzuki Cup ឆ្នាំ ២០១៨ នៅឯកីឡាដ្ឋាន My Dinh កន្លងទៅនេះ»។ ប្រធាន AFC លោក Shaikh Salman bin Ebrahim Al Khalifa សរសេសំបុត្រទៅកាន់ ប្រធាន VFF លោក Le Khanh Hai ដូច្នេះ៕
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេ អ៊ីន និងភរិយា ទៅជួបគ្រូនិងក្រុមជម្រើសជាតិវៀតណាមនៅអាណូយកាលពីខែមីនា
Tag:
បាល់ទាត់
AFF Suzuki Cup
មូន ចេអ៊ីន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com