ជាតិ
សង្គមជាតិ
អ្នកជំនាញ មិន​បន្ទោស​យុវជន​ខ្មែរ ដែល​ធ្វើបុណ្យ​រម្លឹក​ខួប​មរណភាព​តារា​កូរ៉េ​
18, Dec 2018 , 5:36 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ យុវជន​ខ្មែរ​មួយក្រុម ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក ហៅថា​ជា​ក្រុម​ជ្រុលនិយម ក្រោយ​ពួកគេ យក​ចង្ហាន់​និង​សម្ភារ​ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​បុណ្យ​ឲ្យ​វិញ្ញាណក្ខន្ធ​តារា​កូរ៉េ​ម្នាក់​។ តែ​អ្នកជំនាញ​ផ្នែក​វប្បធម៌ មិន​រិះគន់​យុវជន​ទាំង​នោះទេ តែ​បែរជា​ចាត់ទុក​ទង្វើ​របស់​ពួកគេ ថា​ល្អ​ប្រពៃ​ទៅវិញ​។​

 
 
​វា ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅពេល​ឃើញ​អ្នកគាំទ្រ​ខ្មែរ​មួយក្រុម បានធ្វើ​បុណ្យ​រម្លឹក​ខួប​មួយឆ្នាំ​នៃ​មរណភាព​លោក Kim Jonghyun តារាចម្រៀង​កូរ៉េ​ដ៏​មាន​ប្រជាប្រិយ​មា្ន​ក់​របស់​ក្រុម K-Pop SHINee​។ យុវជន​ខ្មែរ​ទាំងនោះ បាន​យក​ចង្ហាន់​និង​សម្ភារ​មួយចំនួន ទៅ​ប្រគេន​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​បុណ្យ​កុសល​ជូន​វិញ្ញាណក្ខន្ធ​លោក Kim Jonghyun​។ 
 
 
 
​សមានចិត្ត​របស់​ពួកគេ មិន​ត្រឹមតែ​មិន​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះទេ តែ​ផ្ទុយទៅវិញ ថែមទាំង​ទទួលបាន​ការ​សើចចំអក​ទៀតផង​។ រូបភាព ដែល​យុវជន​ខ្មែរ​ទាំងនោះ យក​ចង្ហាន់​និង​សម្ភារ​ទៅ​ប្រគេន​ព្រះសង្ឃ ត្រូវបាន​អ្នក​ប្រើស​ប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចែករំលែក​តៗ​គ្នា​យ៉ាង​ព្រោងព្រាត​។  
 
​អ្នកខ្លះ ពេបជ្រាយ​ថា ពួកគេ ស៊ី​ជោរ ហើយ​អ្នកខ្លះ រិះគន់ថា ពួកគេ ជ្រុលនិយម​។ «​អ្វី​ក៏មានដែរ ស្រុក​ខ្មែរ​។ ថ្មី​ចេះតែ​ម្តង​»​។ ទាំងនេះ គឺជា​ពាក្យ​បែប​ហួសចិត្ត​និង​ជាការ​បង្អាប់​របស់​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ទៅ​ឲ្យ​ក្រុមយុវជន ដែល​ធ្វើបុណ្យ​រម្លឹក​ខួប​ឲ្យ​តារា​កូរ៉េ​។ 
 
​យ៉ាងណាក៏ដោយ អ្នកជំនាញ​ផ្នែក​វប្បធម៌ មើលឃើញ​ផ្ទុយ​ពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ អ្នកជំនាញ​ទាំងនោះ មិន​ចាត់ទុក​ទង្វើ​របស់​ក្រុមយុវជន​ខ្មែរ ថា​ខុសឆ្គង ឬ​ប៉ះពាល់​ដល់​វប្បធម៌​ខ្មែរ​ឡើយ​។ ម្យ៉ាងទៀត ពួកគេ ក៏​មិន​យល់ថា ទង្វើ​បែបនេះ ជា​ទង្វើ​ជ្រុលនិយម​ដែរ​។ 
 
​លោក ថៃ នរៈ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថ្មី​ៗតាម​ទូរ​សព្ទ​ថា ទង្វើ​របស់​យុវជន​ខាងលើ មិន​ខុសច្បាប់​អ្វី​ទេ​។ លោក បាន​ចាត់ទុកថា ជា​សិទ្ធិ​របស់​បុគ្គល​ម្នាក់ៗ ដែល​អាច​ឲ្យ​ពួកគេ ធ្វើតាម​ចំណង់​ចំណូលចិត្ត​។ 
 
​អ្នកនាំពាក្យ​រូបនេះ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«​វា ជា​សន្តាន​ចិត្ត​របស់​ពួកគេ​។ គេ អាច​ប្រើ​ចំណង់​ចំណូល​ធ្វើបាន បើ​គេ​ស្រឡាញ់​គាំទ្រ​តារា​ណា​ម្នាក់​។ ពួកយើង មិនអាច​បន្ទាស​ពួកគាត់​បានឡើយ ដោយសារតែ​វា​ជា​អំពើ​មនុស្សធម៌​។ ជួនណា គេ​អាចធ្វើ​ទង្វើ​នេះ ទៅ​ដាក់​តារា​ខ្មែរ​ផងដែរ​។ ប្រសិនបើ​គេ​ធ្វើ​ទង្វើ​នេះ​មកលើ​តារា​ខ្មែរ​ទៀត ក៏​ជា​ការល្អ​ដែរ​»​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួង​វប្បធម៌​ដដែល បាន​បន្ថែមថា សកម្មភាព​របស់​យុវជន​ខ្មែរ​ទាំងនោះ ក៏​មិន​ខុស​ក្រមសីលធម៌ ឬ​ប៉ះពាល់​អ្វី​ដែរ​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​វា​ដូចជា​មិន​ជ្រុលនិយម​នោះទេ គ្រាន់តែ​ពួកគេ​មាន​សន្តាន​ចិត្ត ដោយសារ​ពួកគេ​និយម​ស្រឡាញ់​ចំពោះ​សិល្បករ​ហ្នឹង​តែប៉ុណ្ណោះ ទើប​ពួកគេ​មូលមតិ​គ្នា​ធ្វើទៅ​»​។ 
 
​ចំណែក លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​និង​សាសនា បកស្រាយ​ថា ព្រះពុទ្ធសាសនា មិន​ឲ្យ​ប្រកាន់ពូជសាសន៍​ឡើយ​។ តាមរយៈ​សារព័ត៌មាន​ថ្មីៗ លោក បាន​លើកឡើងថា ការធ្វើ​បុណ្យ​នេះ គឺជា​ទឹកចិត្ត​និង​ក្តី​រីករាយ​របស់​ពួកគេ មិនមែនជា​រឿង​ជ្រុលនិយម​ទេ​។   
 
​លោក អធិប្បាយ​បែបនេះ​ថា​៖«​ព្រះពុទ្ធ មិន​គិតថា អ្នកនោះ​ជា​ជាតិ​សាសន៍​ណា​ទេ គឺ​ព្រះអង្គ​ឲ្យ​យើង​មាន​អធ្យាស្រ័យ​នឹង​គ្នា ហើយ​អាច​ឧទ្ទិស​បុណ្យ​ដល់​អ្នកស្លាប់ និង​សព្វ​សត្វ​ទាំងអស់​។ យើង​មើល​មើល៍ ព្រះពុទ្ធ មិនមែន​ខ្មែរ​ឯណា តែ​ព្រះអង្គ ឲ្យ​មនុស្ស  [​គ្រប់​ជាតិ​សាសន៍​] ចេះ​ស្រឡាញ់គ្នា​»​។ 
 
​ដោយឡែក លោក ឃួន ឈន់ ដែលជា​អាចារ្យ​នៅ​វត្ត​បទុម​វ​ត្តី យល់ឃើញថា ការ​ឧទ្ទិស​កុសលផល​បុណ្យ ទៅ​ជន​ដែល​បាន​ចែក​ឋាន ជា​ទង្វើ​ល្អ​ទៅវិញ​ទេ ទោះបី​មនុស្ស​មាន​សាសនា​និង​មាន​ជាតិ​សាសន៍​ខុសគ្នា​ក្តី​។ លោក​អាចារ្យ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​គ្រប់គ្នា​ធ្វើ​ហ្នឹង​ល្អ​ហើយ យើង​ចេះ​ធ្វើបុណ្យ វា​នឹង​ហុច​ផល​បុណ្យ​កុសល​ឲ្យ​យើង​វិញ​ជាមិនខាន​»​។ 
 
​លោក​អាចារ្យ បាន​បរិយាយ​ទៀតថា បើ​និយាយ​តាមផ្លូវ​ធម៌​ក្នុង​ព្រះពុទ្ធសាសនា មនុស្ស​គ្រប់រូប អាចធ្វើ​បុណ្យឧទ្ទិសកុសល​ដល់​មនុស្ស​ពីរ​ប្រភេទ គឺ ឧទ្ទិស​ឲ្យ​មនុស្ស​ដែល​នៅរស់ និង​ឧទ្ទិស​ឲ្យ​មនុស្ស​ដែល​បាន​ស្លាប់​។ លោក មានប្រសាសន៍ថា ទោះបី​មនុស្ស​ជុំវិញ​ពិភពលោក កាន់សាសនា​ខុសគ្នា​ក្តី តែ​មនុស្ស​អាចធ្វើ​បុណ្យ​សន្សំ​កុសល​តាមរយៈ​អំពើ​មនុស្សធម៌​ផ្សេងៗ​គ្នា​។ 
 
​សូមបញ្ជាក់ តារាចម្រៀង Kim Jonghyun ដែលជា​សមាជិក​ម្នាក់​ក្នុង​ចំណា​ម​៥​នាក់​របស់​ក្រុម SHINee  បានទទួល​មរណភាព​ក្នុង​វ័យ​២៧​ឆ្នាំ កាលពី​ថ្ងៃទី​១៨ ខែ​ឆ្នូ ឆ្នាំ​២០១៨​។ គេ ប្រទះឃើញ​សព​លោក ក្នុង​អាគារ​មួយ នៅ​ក្រុង​សេ​អ៊ូ​ល​។ បងស្រី​របស់លោក បាន​អះអាងថា លោក ទំនងជា​ស្លាប់​ដោយសារតែ​ការធ្វើអត្តឃាត ហើយ​លោក ទំនង​ជាមាន​វិបត្តិ​ធ្ងន់ធ្ងរ​។ មុន​ធ្វើអត្តឃាត លោក បាន​សរសេរ​សារ​ខ្លី​ចម្លែកៗ ទៅកាន់​បងស្រី​ថា​៖«​សូម​ឲ្យ​ខ្ញុំ​ចាក​ចេញទៅ​។ ប្រាប់​ខ្ញុំ​មក​ថា ខ្ញុំ​ធ្វើ​បានល្អ​ហើយ​»៕

Tag:
 តារា​កូរ៉េ​
  Kim Jonghyun
  យុវជន​ខ្មែរ​
  អ្នកជំនាញ​វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com