អន្តរជាតិ
អង្គការ​កូរ៉េខាងត្បូង​មួយ​ដក​ពាន​សិទ្ធិមនុស្ស​ពី​លោកស្រី ស៊ូ​ជី ព្រោះ​មិនបាន​ជួយ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​
19, Dec 2018 , 10:11 am        
រូបភាព
ដោយ:
​មូលនិធិ​សិទ្ធិមនុស្ស​ដ៏​ធំ​មួយ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​ទី​១៨ ខែធ្នូ បានប្រកាសថា ខ្លួន​នឹង​ដកហូត​ពានរង្វាន់​រប​ស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ខ្លួន​បានផ្តល់​ឲ្យ​កាលពី​ឆ្នាំ​២០០៤​កន្លងទៅ​។  សម្រាប់​ការសម្រេចចិត្ត​នេះ មូលនិធិ​សិទ្ធិមនុស្ស​មួយ​នេះ បានបញ្ជាក់​ពី​ហេតុផល​ថា លោកស្រី ស៊ូ​ជី ធ្វើ​ព្រងើយកន្តើយ​របស់​ជុំវិញ​សកម្មភាព​ព្រៃផ្សៃ​ប្រឆាំង​ទៅនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។​

 
​អ្នកនាំពាក្យ​ឲ្យ​មូលនិធិ  Memorial May 18 លោក Cho Jin-tae បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ភាព​ព្រងើយកន្តើយ​របស់លោក​ស្រី​ជុំវិញ​ភាពព្រៃផ្សៃ​ទៅលើ​ជនជាតិភាគតិច រ៉ូ​ហ៊ីង​យ៉ា គឺ​ផ្ទុយទៅនឹង​តម្លៃ​របស់​ពានរង្វាន់ ដែល​ឈរលើ​គោលការណ៍​ការពារ និង​លើកកម្ពស់​សិទ្ធិមនុស្ស​»​។ ជា​លទ្ធផល​នោះ គណៈកម្មការ​នៃ​មូល​និតិ​នេះ បាន​សម្រេចចិត្តថា នឹង​ដកហូត​ពានរង្វាន់​សិទ្ធិមនុស្ស  Gwangju ពី​លោកស្រី អ៊ុង​សាន ស៊ូ​ជី​តែម្តង​។ 
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បច្ចុប្បន្ននេះ មាន​តួនាទី​ជាទី​ប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស បាន​រង​ការរិះគន់​យ៉ាងខ្លាំង​ពាក់ព័ន្ធ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ 
 
​យុទ្ធនាការ​ហិង្សា​យោធា​មី​យ៉ាន់​ម៉ា ដែល​បានចាប់ផ្ដើម​កាលពី​ឆ្នាំ​២០១៧ បាន​បង្ខំ​ឲ្យ​ជនជាតិ​ម៉ូ​ស្លី​ម​រ៉ូ​ហ៊ីង​យ៉ា​ជាង ៧០​ម៉ឺន​នាក់ ចាក​ចេញពី​ប្រទេស​នេះ​ទៅកាន់​បង់​ក្លា​ដេ​ស​។ នៅ​ទីនោះ ពួកគេ​កំពុង​សម្ងំ​រស់នៅក្នុង​ជំរំ​ជនភៀសខ្លួន ហើយ​ភ័យខ្លាច​នឹង​វិលត្រឡប់​ទៅកាន់​មី​យ៉ាន់​ម៉ា​វិញ ទោះបី​ជាមាន​កិច្ចព្រមព្រៀង​មាតុភូមិនិវត្តន៍​ក៏ដោយ​ក្តី​។ យោធា​មី​យ៉ាន់​ម៉ា​ត្រូវបាន​អន្តរជាតិ​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់​, រំលោភបំពាន​ផ្លូវភេទ និង​ដុត​ផ្ទះ​ជាដើម​។​
 
​គួរ​បញ្ជាក់ដែរថា មូលនិធិ​ដើម្បី​សិទ្ធិមនុស្ស​របស់​កូរ៉េខាងត្បូង​ខាងលើនេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​រម្លឹក​ទៅដល់​ចលនា​បះបោរ​ដើម្បី​ទាមទារ​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​១៩៨០​ក្នុង​ទីក្រុង Gwangju កូរ៉េខាងត្បូង​។ ចុងក្រោយ​ចលនា​បះបោរ​នេះ​បានបញ្ចប់ ដោយបាន​បង្ក​ឲ្យ​មនុស្ស​ច្រើនជាង ២០០​នាក់ បាន​ស្លាប់​និង​រងរបួស​។ 
 
​កាលពី​ខែ​មុន អង្គការ Amnesty International បានសម្រេច​ដកហូត​ពា​ន​រង្វាន់​ពី​លោកស្រី ស៊ូ​ជី​ផងដែរ ដោយបាន​លើក​ហេតុផល​ថា គឺ​មកពី​ភាព​ព្រងើយកន្តើយ​របស់លោក​ស្រី​ជុំវិញ​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​៕

Tag:
 ​អ៊ុង​សាន ស៊ូ​ជី​
  មី​យ៉ាន់​ម៉ា​
  អង្គការសិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com