ជាតិ
Cambodia Airport ទទួលបាន​អ្នកដំណើរ ១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨
19, Dec 2018 , 1:29 pm        
រូបភាព
លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport
លោក Eric Delobe នាយកប្រតិបត្តិក្រុមហ៊ុនVinci នៃព្រលានយន្តហោះ Cambodia Airport
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី​១៩ ធ្នូ​នេះ អាកាស​យាន្ត​ដ្ឋា​ន Cambodia Airport បានទទួល​អ្នកដំណើរ ចំនួន​១០​លាន​នាក់​ហើយ ដោយ​បូកសរុប​ទាំង​នៅ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រុមហ៊ុន​Vinci នៃ​ព្រលានយន្តហោះ Cambodia Airport​។​

 
​ក្រុមហ៊ុន Vinci គឺជា​ក្រុមហ៊ុន​មួយ ដែល​វិនិយោគ​លើ​វិស័យ​អាកាសចរណ៍​ដ៏​ធំ​មួយ​នៅលើ​ពិភពលោក​។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ កំពុងមាន​អាកាសយានដ្ឋាន​ចំនួន​៤៤ នៅក្នុង​ប្រទេស​១១ សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ ដែល​អាច​រកចំណូលបាន​ជាង​៤​ពាន់​លាន​អឺរ៉ូ (​ជិត​៣,៥​ពាន់​លាន​ដុល្លារ​) ពី​ការដឹកជញ្ជូន​អ្នកដំណើរ​២០០​លាន​នាក់​កាលពី​ឆ្នាំ​២០១៧​។​
 
​ក្រុមហ៊ុន Vinci Airport បានចាប់ផ្ដើម​បោះទុន​វិនិយោគ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៩៣ តាមរយៈ​អាកាសយានដ្ឋាន​ព្រលានយន្តហោះ​ពោធិ៍ចិនតុង (​បច្ចុប្បន្ន​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​) ដែល​អន្តរ​ជាតិនិយម​ហៅថា Cambodia Airport ។ ក្រោយពី​ដំណើរការបាន​រយៈ​៨​ឆ្នាំ ក្រុមហ៊ុន Vinci Airport ក៏បាន​បន្ត​វិនិយោគ​នៅ​ព្រលានយន្តហោះ​សៀមរាប​នៅ​ឆ្នាំ​២០០១ មុននឹង​វិនិយោគ​នៅ​ព្រលានយន្តហោះ​កងកេង ក្នុង​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ​២០០៦​។​
 
​លោក Eric Delobe នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​Vinci នៃ​ព្រលានយន្តហោះ Cambodia Airport បាន​និយាយថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​អាកាសចរណ៍​លោក បាន​ពង្រីក​ខ្លួន និង​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​ល្អ ជាមួយ​ក្រុមហ៊ុន​អាកាស​ជាង​២៥០ នៅលើ​ពិភពលោក​។ ដោយ​សារភាព​រីកចម្រើន​បែបនេះហើយ ទើប​លោក Eric លើកឡើងថា ក្រុមហ៊ុន Vinci Airport បាន​រីក​មុខមាត់ ដោយសារ​ផ្ដើមចេញពី​ការវិនិយោគ​វិស័យ​អាកាស​នៅ​កម្ពុជា​។​
 
« Vinci Airport គឺ​បង្កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ការរីក​សាយភាយ​បណ្ដាញ​នេះ គឺមាន​ដើមកំណើត​ដំបូង​កើតចេញពី​ប្រទេស​កម្ពុជា​។ ហើយ​យើង​ក៏មាន​កិត្តិយស និង​មោទកភាព​ចំពោះ​ការរីកចម្រើន​បែបនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Eric ប្រាប់​ដល់​ក្រុមអ្នកកាសែត ដែល​ទស្សនកិច្ច​អាកាសយានដ្ឋាន​ព្រលានយន្តហោះ​ខេត្តសៀមរាប​។​
 
 
​កាលពី​ឆ្នាំ​២០១៧​កន្លងមក អាកាសយានដ្ឋាន​ទាំង​៣​នេះ អាច​ទទួលបាន​ចំនួន​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​បាន ៨,៨​លាន​នាក់ ដែល​កើនឡើង​២៥​ភាគរយ បើ​ធៀប​កាលពី​ឆ្នាំ​២០១៦​។ ដោយឡែក​នៅ​ឆ្នាំ​២០១៨​នេះ ក្រុមហ៊ុន Vinci តាមរយៈ​អាកាសយានដ្ឋាន​ទាំង​៣ អាច​ទទួលបាន​ភ្ញៀវ ឬ​អ្នកធ្វើដំណើរ​បាន​១០​លាន​នាក់​។ ក្រៅពី​ការទទួល​ភ្ញៀវទេសចរ ក្រុមហ៊ុន​ក៏បាន​ទទួល​ការផ្ញើ​ទំនិញ​៦០​ពាន់​តោន ដែលមាន​កំណើន​កើនឡើង​រហូតដល់​៤០​ភាគរយ​ផងដែរ​។​
 
​ក្រុមហ៊ុន Vinci Airport គឺ​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Vinci Group ដែលជា​ក្រុមហ៊ុន​វិនិយោគ​ដ៏​ធំ​របស់​បារាំង នៅ​ទូទាំង​ពិភពលោក ដែល​ផ្ដោតទៅលើ​ការវិនិយោគ​ជា​ពីរ​ផ្នែក ដោយ​ផ្នែក​ទី​១ លើ​ការសាងសង់ ដូចជា ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល​ជាដើម​។ រីឯ​ផ្នែក​ទី​២ ផ្ដោតលើ​ការទទួលបាន​សិទ្ធិ​សម្បទាន​ពី​រដ្ឋាភិបាល​នៅក្នុង​ប្រទេស​នីមួយៗ សម្រាប់​ដំណើរការ​វិនិយោគ​រប​ស់​ក្រុមហ៊ុន​៕
 

Tag:
 Cambodia Airport
  យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com