ជាតិ
សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​អគ្គិសនី ចុះ​ដោះស្រាយ​តម្លៃ​ភ្លើង​នៅតាម​ផ្សារ ឲ្យ​ស្របតាម​រដ្ឋាភិបាល​កំណ​ត់​
19, Dec 2018 , 12:22 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ពី​ពិធី​ប្រជុំ​មហាសន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ធ្នូ​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​យ៉ាង​កំហិត​ដល់​មន្ត្រី​ពាក់ព័ន្ធ និង អគ្គិសនី ឲ្យ​ចុះ​ជាបន្ទាន់​ដោះស្រាយ​នូវ​បញ្ហា​តម្លៃ​ភ្លើង​នៅតាម​ទីផ្សារ ឲ្យ​មានតម្លៃ​ដូច​រាជរដ្ធាភិបាល​បានកំណត់​។ នេះ​បើតាម​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​។​


 
​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់​១​គីឡូវ៉ាត់​ដល់​១០​គីឡូវ៉ាត់​ក្នុង​មួយខែ ហើយ​ត្រូវ​បង់ថ្លៃ​៤៨០​រៀល​នោះ នឹងត្រូវ​បញ្ចុះតម្លៃ​មក​បង់​ត្រឹម​៣៨០​រៀល ។ ចំណែក​ពលរដ្ឋ​ប្រើប្រាស់​ពី​១១ ដល់​៥០​គីឡូវ៉ាត់​មួយខែ ដែល​ត្រូវ​បង់ថ្លៃ​៦១០​រៀល ត្រូវ​បញ្ចុះ​ថ្លៃ​មក​ត្រឹម​៤៨០​រៀល​វិញ នៅក្នុង​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​។ នេះ​បើតាម​ការសម្រេច​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានប្រកាស​កាលពី​ថ្ងៃទី​១៧ ធ្នូ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។​
 
​សម្ដេច ហ៊ុន សែន ក៏បាន​កំណត់​តម្លៃ​អគ្គិសនី សម្រាប់​ពលរដ្ឋ​ដែល​ប្រើប្រាស់​អគ្គិសនី​ចាប់ពី​៥១​គីឡូវ៉ាត់​ឡើងទៅ​ដល់​២០០​គីឡូវ៉ាត់ ដែល​បញ្ចុះ​ពី​តម្លៃ​៧៧០​រៀល​នោះ នឹងត្រូវ​ចុះមក​ត្រឹម​៦១០​រៀល​វិញ​។ រីឯ​ពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើង​ចាប់ពី​២០១​គីឡូវ៉ាត់​ឡើងទៅ ដែល​បង់ថ្លៃ​៧៧០​រៀល នឹងត្រូវ​ចុះមក​បង់ថ្លៃ​ត្រឹម​៧៤០​រៀល​នៅ​ឆ្នាំ​២០១៩ និង​តម្លៃ​៧៣០​រៀល នៅ​ឆ្នាំ​២០២០​។ 
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​ទំនប់​វា​រី​អគ្គិសនី កំពុងដំណើរការ​ចំនួន​៧ រួមមាន ទំនប់​វា​រី​អគ្គិសនី​គីរីរម្យ I (១២ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកំពង់ស្ពឺ​។ ទំនប់​វា​រី​អគ្គិសនី​កំចាយ (១៩៣ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកំពត ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១១​។ ទំនប់​វា​រី​អគ្គិសនី​គីរីរម្យ III (១៨ មេ​ហ្កា​វ៉ា​ត់​) បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៣​។ ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​អា​តៃ (១២០ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តពោធិសាត់ ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៣​។​ទំនប់​វា​រី​អគ្គិសនី​ឫស្សី​ជ្រុំ​ក្រោម (៣៣៨ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកោះកុង ដែល​បាន​ចាប់ដំណើរការ​នៅ​ឆ្នាំ ២០១៤​។

ទំនប់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ (២៤៦ មេ​ហ្កា​វ៉ា​ត់​) ស្ថិតក្នុង​ខេត្តកោះកុង ដែល​បាន​ដំណើរការ​ក្នុង​ឆ្នាំ ២០១៤ និង​ចុងក្រោយ​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ផ្ដល់​ថាមពល​បាន ៤០០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង ដែល​ទើប​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ នេះ​បើតាម​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​។​
 
​រដ្ឋាភិបាល កំពុង​សិក្សា​លទ្ធភាព​លើ​គម្រោង​វា​រី​អគ្គិសនី​ជាច្រើន​ទៀត (២០១៧​ដល់ ២០២៥) ក្នុង​តំបន់​ភាគ​ឦសាន និង​ដង​ទន្លេមេគង្គ ដូចជា​ទន្លេសេសាន​ក្រោម​៣, ទន្លេសេសាន​ក្រោម ១, ទន្លេស្រែពក ៣ និង​៤ និង​ព្រែក​ល្អាង ១ និង ២, ជាយ​អា​រ៉ែ​ង​, ស្ទឹង​ពោធិ៍សាត់​១, ស្ទឹង​បាត់ដំបង​២, ព្រែក​ឆ្លូង​២, សេកុង​, សំបូរ និង​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ចំនួន​៤​គម្រោង និង​ដោយ​យ​ថាមពល​កំដៅ​ចំនួន​១​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  ផៃ ស៊ី​ផាន​
 ​អគ្គិសនី​
© រក្សាសិទ្ធិដោយ thmeythmey.com