ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ​កំពូល នៅតែ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​១​លាន​ដុល្លារ​ជូន​សម្តេច ហ៊ុន សែន ពីបទ​បរិហារ​
19, Dec 2018 , 12:39 pm        
រូបភាព
សម្តេច​​ ហ៊ុន សែន និង ​​​លោក សម រង្ស៊ី ចូលរួមក្នុងព្រះ​​​រាជពិធី​​បុណ្យអុំ​​ទូកជាមួយគ្នា កាលពី​​ឆ្នាំ២០១៤
សម្តេច​​ ហ៊ុន សែន និង ​​​លោក សម រង្ស៊ី ចូលរួមក្នុងព្រះ​​​រាជពិធី​​បុណ្យអុំ​​ទូកជាមួយគ្នា កាលពី​​ឆ្នាំ២០១៤
ដោយ: ថ្មីៗ
​តុលាការ​កំពូល យល់ស្រប​នឹង​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍ ដែល​តម្រូវ​ឲ្យ​លោក សម រង្ស៊ី បង់ប្រាក់​២៥០០​ដុល្លារ ចូលទៅ​រដ្ឋ និង បង់​១​លាន​ដុល្លារ ទៅ​ឲ្យ​សម្តេច ហ៊ុន សែន ដែលជា​ដើមបណ្តឹង ទុក​ជាការ​សងជំងឺចិត្ត ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ តុលាការ​កំពូល បានប្រកាស​ដីកា​របស់​ខ្លួន​លើ​សំណុំ​រឿងនេះ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។ 


 
​លោក នៅ មុនី​ជោ​ត អ្នកនាំពាក្យ​តុលាការ​កំពូល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា ក្រោយ​ប្រកា​សរួច សាលដីកា​នេះ ត្រូវ​ចូល​ជា​ស្ថាពរ​ភ្លាម​តែម្តង​។ ចំណែក លោក សំ សុ​គង់ មេធាវី​របស់លោក សម រង្ស៊ី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាង​ដូច្នេះ​ថា​៖«​ក្នុងនាម​ខ្ញុំ​ជា​មេធាវី ខ្ញុំ​មិនអាច​ទទួលយក​បានទេ ព្រោះ​ការសម្រេច​នេះ មិនមាន​យុត្តិធម៌​សម្រាប់​កូនក្តី​របស់ខ្ញុំ​»​។ 
 
​លោក​មេធាវី បន្តថា លោក នឹង​ជូនដំណឹង​នេះ ទៅកាន់​លោក សម រង្ស៊ី ហើយនឹង​សួរ​យោបល់​ពី​លោក សម រង្ស៊ី ពី​ការប្តឹង​សើរើ​លើ​សំណុំ​រឿងនេះ​។ លោក ពន្យល់​បែបនេះ​ថា​៖«​បើ​គាត់ យល់ព្រម ខ្ញុំ នឹងដាក់​បណ្តឹងសុំ​សើរើ គឺ​សុំ​ឲ្យ​ជម្រះក្តី​ឡើងវិញ​។ ប៉ុន្តែ យើង ត្រូវមាន​ភស្តុ​ង​តាង​ថ្មី ដើម្បី​បញ្ជាក់ថា ការកាត់ក្តី​របស់​តុលាការ​កំពូល មិន​ត្រឹមត្រូវ​»​។ 
 
​មូលហេតុ​ដែល​លោក សម រង្ស៊ី រង​បទ​បរិហារកេរ្តិ៍ គឺ​ដោយសារតែ​លោក ចោទ​សម្តេច ហ៊ុន សែន ថា បាន​ផ្តល់ប្រាក់​១​លាន​ដុល្លារ​ទៅ​កញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឲ្យ​នាង​ធ្វើបាតុកម្ម​ប្រឆាំងនឹង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​មិនទាន់​ត្រូវបាន​រំលាយ​។ បទ​ចោទ​នេះ បាន​កើតឡើង​កាលពីដើមឆ្នាំ​២០១៧​។ 
 
​លោក សម រង្ស៊ី បាន​រង​បណ្តឹង​មិនតិចជាង​១០​នោះទេ ហើយ​បណ្តឹង​ទាំងនោះ ភាគច្រើន​សុទ្ធតែ​ប្តឹង​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្សកាន់អំណាច​។ សូម្បីតែ​កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្តឹង​លោក សម រង្ស៊ី ដែរ  ហើយ​បច្ចុប្បន្ន បណ្តឹង​របស់​នាង កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ​។ 
 
​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​មួយ ដោយ​សម្រេច​រឹបអូស​ជា​បណ្តោះ​អាស​ន្ត​នូវ​ទ្រព្យសម្បត្តិ​របស់លោក សម រង្ស៊ី នៅ​ប្រទេស​កម្ពុជា ដូចជា ដី​និង​អគារ ជាដើម ដែល​ដី​និង​អគារ​នោះ គឺ​សំដៅលើ​ទីស្នាក់ការ​កណ្តាល​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​
 
​ការសម្រេច​បែបនេះ គឺ​ដោយសារតែ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស មិន​ព្រម​បង់ប្រាក់​សងជំងឺចិត្ត​ដល់ សម្តេច  ហ៊ុន សែន និង​សម្តេច ហេង សំរិន​។ ចៅក្រម បាន​ប្រា​ប់លោក សម រង្ស៊ី ក្នុង​សេចក្តីសម្រេច យ៉ាង​ដូច្នេះ​ថា​៖«​ដើម្បី​ឲ្យ​មានការ​លុបចោល​នូវ​ការ​រឹបអូស​នេះ លោក សម រង្ស៊ី ត្រូវ​ផ្ញើ​ប្រាក់​តម្កល់​៤២៥០​លាន​រៀល (​ជាង​១​លាន​ដុល្លារ​) នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​ប្រាក់​រំដោះ​»៕ 
 

Tag:
 សម រង្ស៊ី​
  ហ៊ុន សែន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com