ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​អាន​! ទទួលទាន​ច្រើនពេក​មិនល្អ​ឡើយ “​ទឹកក្រូច​ឆ្មារ​” អាច​ផ្ដល់​ផលប៉ះពាល់​ទាំងនេះ​
19, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​បានឮ​អំពី “​ទឹកក្រូច​ឆ្មារ​” ជា​ភេសជ្ជៈ​ដ៏​ពេញនិយម​បំផុត​មួយ​ជួយ​ក្នុងការ​បន្សាប​ជាតិពុល ឬ​សម្រក​ទម្ងន់​។ ជាទូទៅ​រូបមន្ត​បែប​ធម្មជាតិ​នេះ​តម្រូវ​ឲ្យ​អ្នក​ទទួលទាន​រៀងរាល់​ព្រឹក​មុនពេល​ទទួលទាន​អាហារ ឬ​ភេសជ្ជៈ​អ្វី​ផ្សេងៗ សូម្បីតែ​ទឹក​ធម្មតា​។ ប៉ុន្តែ​អ្នក​ត្រូវ​ដឹងថា​អ្វីដែល​លើស​ពេក គឺ​មិនល្អ​ឡើយ​! ដូច្នេះហើយ បើទោះបីជា​ទឹកក្រូច​ឆ្មារ​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ក៏ដោយ ប្រសិនបើ​អ្នកទទួល​ទាន​វា​ច្រើនពេក នោះ​អ្នកនឹង​ជួបប្រទះ​បញ្ហា​មួយចំនួន​ជាក់​ជាមិនខាន​។



ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផលប៉ះពាល់​ធំៗ​ចំនួន ៣ នៃ​ការ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ច្រើន ៖
 
១. ក្រហាយ​ទ្រូង​
 
​ទឹកក្រូច​ឆ្មារ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ក្រហាយ​ទ្រូង ឬ​ធ្វើ​ឲ្យ​ស្ថានភាព​នៃ​អាកា​រៈ​នេះ​កាន់តែ​អាក្រក់​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​សម្រាប់​អ្នក​ដែល​កំពុង​ជួយ​ប្រទះ​បញ្ហា​នេះ​ស្រាប់​។ ខណៈដែល​ទឹកក្រូច​ឆ្មារ​ជួយផ្ដល់​កម្លាំង​ដល់​រាងកាយ​ក៏ពិតមែន ប៉ុន្តែ​ភេសជ្ជៈ​នេះ​នៅតែមាន​ផ្ទុក​ជាតិ​អាស៊ីត ដូច្នេះហើយ​ទើប​វា​អាច​បណ្ដាល​ឲ្យ​កើតមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ក្រហាយ​ទ្រូង​។​

២. សឹក​ធ្មេញ​
 
​ការទទួល​ទាន​អាហារ និង​ភេសជ្ជៈ​មាន​ជាតិ​អាស៊ីត​ច្រើនពេក អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​គួរ​ឲ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​ធ្មេញ​។ ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​យូរ​ទៅនឹង​ធ្វើ​ឲ្យ​សឹក​ធ្មេញ​ជាមិនខាន ហើយ​អ្នក​ក៏​ជួបប្រទះ​បញ្ហា​ស្រៀវធ្មេញ​ពេល​ទួល​ទាន​អាហារ​ក្ដៅ ឬ​ត្រជាក់​ផងដែរ​។ កាត់បន្ថយ​ផលប៉ះពាល់ ដោយ​ព្យាយាម​ប្រើប្រាស់​ទុយោរ​បឺត ប្រសិនបើ​ចង់​ទទួលទាន​ភេសជ្ជៈ​នេះ​។ ហើយ​ប្រញាប់​ទៅ​ជួប​ពេទ្យធ្មេញ​ដើម្បី​ពិនិត្យមើល ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​មាត់​ធ្មេញ​ស្រាប់​។​
 
៣. នោម​ញឹក និង​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ក្រូចឆ្មារ មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ដែលជា​ថ្នាំ​បញ្ចុះ​ទឹកនោម​ធម្មជាតិ នោះ​មានន័យថា​វា​បង្កើន​ការផលិត​ទឹកនោម​ដែល​ធ្វើ​ឲ្យ​អ្នក​នោម​ញឹក​ជាង​ធម្មតា​។ ទោះជា​វា​មាន​ប្រយោជន៍ ប៉ុន្តែ​អ្នក​គួរតែ​កាត់បន្ថយ​ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ភ្លាម នៅពេល​អ្នកមាន​អារម្មណ៍​ថា​ខ្សោះ​ជាតិ​ទឹក​ក្រោយ​ទទួលទាន​វា​។ ហើយ​អ្នក​ក៏​គួរ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​កើតមាន​បញ្ហា​ខុស​ប្រក្រតី​ណាមួយ​កើតឡើង ក្រោយ​ទទួលទាន​ទឹកក្រូច​ឆ្មារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com