ជាតិ
នៅ​ប្រទេសជិតខាង គេ​ចិញ្ចឹម​ត្រី​ឆ្តោ​ប្រើ​ថ្នាំ​បំប៉ន​លាយ​ជាមួយ​ចំណី ៦-៧​ខែ អាច​ចាប់​លក់បាន​
19, Dec 2018 , 7:19 pm        
រូបភាព
​រូបភាព​ពីលើ​អាកាស​នៃ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ថិត​ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ រូបភាពៈ ឈុត ឈា​ណា​
​រូបភាព​ពីលើ​អាកាស​នៃ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​ស្ថិត​ក្នុងភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ រូបភាពៈ ឈុត ឈា​ណា​
ដោយ:
​កណ្តាល​៖ រដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ​មានការ​ចិញ្ចឹម​ត្រី​រ៉ស់ ត្រី​ឆ្ដោ​ក្នុងស្រុក​ឡើងវិញ ចាប់តាំងពី​ឆ្នាំ​២០១៦​មកម្ល៉េះ ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​។ ត្រី​ទាំងពីរ​ប្រភេទ​នេះ ជា​ប្រភេទ «​មំសាសី​»  ស៊ីសាច់​ជា​អាហារ​។ វា​ស៊ី​ត្រី​ផ្សេងៗ ក្តាម និង​កំពឹស​ជា​អាហារ​។  ត្រី​រ៉ស់ ពេល​នៅ​តូច​ហៅ​ត្រី​ផ្ទក់ ពេល​ធំ​ពេញវ័យ ហៅ​ត្រី​រ៉ស់ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa triata) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Striped snakehead ។ ត្រី​ឆ្ដោ ពេល​នៅ​តូច​ហៅ​ត្រី​ដៀប ពេល​ធំ​ពេញវ័យ ហៅ​ត្រី​ឆ្តោ មានឈ្មោះ​វិទ្យាសាស្ត្រ (Channa micropeltes) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Giant snakehead, Indonesian snakehead ។

 
​នៅក្នុង​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល របរ​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ ហាក់​ពេញនិយម​សម្រាប់​អ្នកភូមិ​ស្ទើរ ៧០​ភាគរយ​។ នៅ​ខាងក្រោយ​ផ្ទះ គេ​សង្កេតឃើញ​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​យ៉ាងច្រើន ដូច​ក្នុង​រូបភាព​បង្ហាញ​ខាងលើ​ស្រាប់​។ លោក សុខ ប្រុស អាយុ ៤៧​ឆ្នាំ ជា​អ្នក​ចិញ្ចឹម​ត្រី​ឆ្ពោ​ម្នាក់​នៅក្នុង​ភូមិ ដែល​លោក​បាន​ប្រកបមុខរបរ​នេះ អស់​រយៈពេល ជាង​១០​ឆ្នាំ​មកហើយ​។ សុខ ប្រុស មាន​ស្រះ​ចិញ្ចឹម​ត្រី​ឆ្តោ​មួយ​តែមួយ​ប៉ុណ្ណោះ នៅក្រោយ​ផ្ទះ​។ ស្រះ​នោះ​ទំហំ​ប្រហែល​១០​ម៉ែត្រ គុណ​នឹង ២៥​ម៉ែត្រ​។ ក្នុង​ស្រះ គាត់​អាចដាក់​កូន​ត្រី​ឆ្តោ​ចិញ្ចឹម​បាន​ចំនួន​ពី ៤០០០ ទៅ ៥០០០ ក្បាល​។ 
 
​សុខ ប្រុស បាន​ឲ្យ​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) ដឹងថា​៖ «​ខ្ញុំ​ទិញ​កូន​ត្រី​ឆ្តោ​ទាំងនេះ ពី​ជនជាតិ​វៀតណាម គេ​ដឹក​មកដល់​ស្រះ​។ កូន​ត្រី​ឆ្តោ​តូចៗ​នោះ ខ្ញុំ​ទិញ​តម្លៃ​ចាប់ពី​១៧០ ដល់​២០០​រៀល ក្នុង​មួយ​ក្បាល​។ វា​នៅ​តូច​ណាស់ មាន​ប្រវែង​ដងខ្លួន​ត្រឹមតែ ប្រហែល​៥​មី​លី​ម៉ែត្រ​ប៉ុណ្ណោះ​។ ពេល​ដាក់​ចូលក្នុង​ស្រះ ខ្ញុំ​ត្រូវ​កិន​ចំណី (​ត្រី​នុយ​) ឲ្យ​ម៉ដ្ឋ​ឲ្យ​វា​ស៊ី រហូតដល់​វា​ធំ​ល្មម​អាច​ស៊ី​ចំណី​បាន​ទើប​ឈប់​។ រយៈពេល​នៃ​ការចិញ្ចឹម អាច​ដល់​៨ ទៅ ១០​ខែ​។ ពោលគឺ​រហូតដល់​វា​មាន​ទម្ងន់​ចាប់​ពីមួយ​គីឡូ ទៅមួយ​គីឡូក្រាម​កន្លះ ក្នុង​មួយ​ក្បាល ទើប​ខ្ញុំ​ចាប់​លក់​។ ប៉ុន្តែ ករណី​នៅ​ប្រទេសជិតខាង គេ​ចិញ្ចឹម​តែ​៦​ខែ ឬ​៧​ខែ​ប៉ុណ្ណោះ គេ​អាច​ចាប់​លក់បាន​ហើយ​។ គេ​ប្រើ​ថ្នាំ​បំប៉ន​លាយ​ជាមួយ​ចំណី​ឲ្យ​ត្រី​ស៊ី​បាន​ច្រើន​។ វា​ធំធាត់​លឿន​ណាស់​។ នៅ​ស្រុក​ខែ្មរ យើង​ក៏​អាចធ្វើ​បាន​យ៉ាង​ដូច្នេះ​ដូច​គេ​ដែរ បើ​យើង​អា​ចរក​ចំណី​ឲ្យ​វា​ស៊ី​គ្រប់គ្រាន់​។ ប៉ុន្តែ ខ្ញុំ​មិន​ធ្វើ​ដូច្នោះ​ទេ ព្រោះ​ពិបាក​រក​ចំណី (​ត្រី​នុយ​) ឲ្យ​វា​ស៊ី នឹង​ម្យ៉ាងទៀត វា​នាំ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។ របប​ចិញ្ចឹម​ត្រី​ឆ្តោ​នេះ មិនចេះ​ខាត​ទេ គ្រាន់តែ​ចំណេញ​តិច និង​ច្រើន​ប៉ុណ្ណោះ​»​។​
 

រូបភាព​ពីលើ​អាកាស​នៃ​បែរ​ចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​ព្រែក ស្ថិតក្នុង​ភូមិ​ព្រែក​ក្មេង ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ខេត្តកណ្តាល​។ រូបភាពៈ ឈុត ឈា​ណា​
 
​នៅក្នុង​ភូមិ​ព្រែក​ក្មេង​ទាំងមូល ការចិញ្ចឹម​ត្រី​ឆ្តោ មាន​ទាំង​ការចិញ្ចឹម​ក្នុង​ស្រះ​និង​ក្នុង​បែរ​តាម​ព្រែក​។ បើ​យោងតាម​លោក សុខ ប្រុស បាន​ឲ្យ​ដឹងថា «​ការចិញ្ចឹម​ត្រី​ឆ្តោ​ក្នុង​បែរ មាន​ហានិភ័យ​ខ្ពស់ និង​បាន​ផល​តិច ជាង​ការចិញ្ចឹម​ក្នុង​ស្រះ​។ ចិញ្ចឹម​ក្នុង​បែរ ត្រី​ងាប់​ច្រើន ព្រោះ​វា​តូចចង្អៀត​»​។ 
 
​បើ​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងឱកាស​ចុះ​ពិនិត្យមើល​កសិក​ដ្ឋា​ន​ចិញ្ចឹម​ត្រី​ឆ្ដោ​មួយកន្លែង នៅ​ស្រុក​បាធាយ ខេត្តកំពង់ចាម កាលពី​នៅ​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ បាន​ឲ្យ​ដឹងថា ត្រី​ឆ្ដោ​ត្រូវបាន​ប៉ាន់​ស្មានថា មាន​បរិមាណ ៦០​ពាន់​តោន កើនឡើង​ពី​តួលេខ ៤០​ពាន់​តោន​កាលពី​ឆ្នាំ​២០១៧​។ 
 
 «​នេះ​ជាការ​ចាក់​បំពេញតម្រូវកា​រ​ទីផ្សារ ដែលជា​ការគិតគូរ ពិសេស​ចាប់ពី​ខ្ញុំ​ចូល​បំពេញ​មុខងារ​នៅ​ក្រសួងកសិកម្ម​។ ពីមុនៗ​មក យើង​បណ្ដែតបណ្ដោយ​លើ​រឿង​ចិញ្ចឹម​ត្រី​រស់ ត្រី​ឆ្ដោ​នេះ ព្រោះ​ខ្លាច​បាត់បង់​ត្រី​ធម្មជាតិ (​បាត់បង់​កូន​ត្រី​សម្រាប់​ជា​ចំណី​)​។ តែ​ឥឡូវ​សំខាន់បំផុត​គឺ​យើង​ចៀសវាង​ការ​ខូចប្រយោជន៍​សេដ្ឋកិច្ច ព្រោះ​យើង​ទិញ​តែ​របស់គេ ហើយ​យើង​មិនដឹងថា​គេ​ចិញ្ចឹម​យ៉ាងម៉េច​? ដល់ពេល​យើង​ចិញ្ចឹម​ខ្លួនឯង យើង​អាច​ត្រួតពិនិត្យ​ដោយ​ខ្លួនឯង​ចំពោះ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​»​។​
 
​ការចិញ្ចឹម​ក្នុងស្រុក​កើនឡើង ធ្វើ​ឲ្យ​ការនាំ​ចូល​ត្រី​ឆ្ដោ​ពី​ក្រៅប្រទេស ត្រូវបាន​កាត់បន្ថយ​។ នៅក្នុង​ឆ្នាំ​២០១៧ ការនាំ​ចូល​ត្រី​ឆ្ដោ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម ១៣​ពាន់​តោន​ប៉ុណ្ណោះ ពោលគឺ​មានការ​ថយចុះ​ច្រើន បើ​ធៀប​នឹង​ការនាំ​ចូលក្នុង​ឆ្នាំមុនៗ ដែល​ត្រូវ​នាំចូល​ចាប់ពី ៤០​ពាន់​តោន ទៅ​៦០​ពាន់​តោន ៕

© រក្សាសិទ្ធិដោយ thmeythmey.com