ជាតិ
សង្គមជាតិ
សមត្ថកិច្ច ចាប់​បរទេស​ពីរ​នាក់​និង​ខ្មែរ​ម្នាក់ ដែលមាន​ថ្នាំញៀន​ជាង​១៥០០​គ្រាប់​នៅ​នឹង​ខ្លួន​
19, Dec 2018 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បញ្ជា​ផ្ទាល់​តែម្តង ឲ្យ​ចុះទៅ​បង្ក្រាប​ជនល្មើស​បីនាក់ ដោយ​ក្នុងនោះ មាន​ជនបរទេស​ពីរ​នាក់ និង​ជនជាតិខ្មែរ​ម្នាក់  ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​។


 
​គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បាន​ចុះផ្សាយ​ថា អ្នក​ទាំងបី ត្រូវបាន​ចាប់ខ្លួន​នៅ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត នា​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដោយបាន​ដកហូត​ថ្នាំញៀន​អ៊ិ​ច​ស្ត្រា​ស៊ី​ល​១៥០៣​គ្រាប់ និង​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​ត​តា​មីន​១​កញ្ចប់​ធំ​ទៀត​។​
 
​ជនបរទេស​ទាំងពីរ​នាក់​នោះ​ឈ្មោះ Tasdelen Onder ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ Anjerla Oribjanovna ភេទ​ស្រី អាយុ​២៩​ឆ្នាំ​។ ចំណែក ជនជាតិខ្មែរ​ឈ្មោះ មុំ សុភា ភេទ​ស្រី អាយុ​២៨​ឆ្នាំ​។ យ៉ាងណា អគ្គស្នងការ​នគរបាល​ជាតិ ពុំបាន​បញ្ជាក់​នោះទេ​ថា ជនបរទេស​ទាំងពីរ​នាក់ ជា​ជនជាតិ​អ្វី​។  
 
​បន្ទាប់ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងបី​រួចហើយ សមត្ថកិច្ច បាន​បន្តទៅ​ឆែកឆេរ​នៅ​ហាង​មួយ ដែល​ស្ថិតក្នុង​ក្រុង​កំពត​ដដែល ដោយ​ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​៥០០​គ្រាប់ រួម​នឹង​សារធាតុ​ញៀន​១៨០​គ្រាប់ និង​ម៉ា​ទឹកកក​ទម្ងន់​២៦៤,៨៦​ក្រាម​បន្ថែមទៀត​៕
 

Tag:
 គ្រឿងញៀន​
  ជនបរទេស​
© រក្សាសិទ្ធិដោយ thmeythmey.com