ខេត្តរតនគិរី៖ ដោយក្តីស្រឡាញ់ធម្មជាតិ និងសត្វនៅក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកស្រី ខៃ ចិន្តា បានចំណាយពេលប្រមាណជា២០ឆ្នាំដើម្បីធ្វើជំនួញក្នុងវិស័យទេសចរណ៍ធម្មជាតិនៅតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តរតនគិរី ក្រចេះ និងកែប។ គ្មានទីតាំងជំនួញនៅរាជធានីភ្នំពេញ និងខេត្តសៀមរាបឡើយ, អ្នកស្រី ខៃ ចិន្តា ត្រូវបានគេផ្តល់រហ្សនាមថា ជាអ្នកជំនួញ«ក្នុងព្រៃ»។ ទេសចរណ៍ធម្មជាតិ ទេសចរណ៍វប្បធម៌ កសិ-ទេសចរណ៍ ការអភិរក្សសត្វ ជាពិសេស សត្វដំរី គឺជាអ្វីដែលអ្នកស្រី ចិន្តា និងគ្រួសារទាំងមូល បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងថវិកាវិនិយោគអស់រយៈពេល២០ឆ្នាំមកហើយ។ ចង់បានប្រាក់ចំណេញក្នុងជំនួញ គឺជារឿងមួយ។ ប៉ុន្តែ រឿងមួយទៀតដែលអ្នកស្រី ចិន្តា ត្រូវតែធ្វើក្នុងជីវិត គឺការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការផ្សព្វផ្សាយសក្តានុពលវប្បធម៌ខ្មែរទៅកាន់ពិភពលោក។
មានចិត្តស្រឡាញ់ធម្មជាតិតាំងពីកំណើត អ្នកស្រី ខៃ ចិន្តា កាលពី២០ឆ្នាំមុនធ្លាប់ស្រមៃចង់បានគេហដ្ឋានបែបខ្មែរមួយខ្នងជាមួយនឹងសួនច្បារបែបធម្មជាតិពិតៗ។ ថ្ងៃមួយនៅក្នុងឆ្នាំ១៩៩៩ ក្តីស្រមៃរបស់អ្នកស្រី ក៏បានក្លាយទៅជាការពិត ព្រោះ អ្នកស្រី និងស្វាមីដែលជាជនជាតិបារាំងបានសម្រេចចិត្តប្រើប្រាស់ប្រាក់សន្សំពីការងាររបស់ពួកគេដើម្បីទិញគេហដ្ឋានធ្វើអំពីឈើមួយនៅទល់មុខបឹងកន្សែងនៅក្នុងខេត្តរតនគិរី។ ខេត្តរតនគិរី គឺជាខេត្តដែលមានទេសភាពស្រស់បំព្រង ខៀវស្រងាត់ និងគ្របដណ្តប់ទៅដោយធនធានធម្មជាតិរាប់មិនអស់ រាប់ចាប់តាំងពីព្រៃធម្មជាតិ សត្វព្រៃ បឹងបួរ រ៉ែ ភ្នំ។ល។ គេហដ្ឋានរបស់អ្នកស្រី ចិន្តា, ក្រោយមក, ក៏បានក្លាយទៅជាសណ្ឋាគារ Terres Rouges សម្រាប់ទទួលភ្ញៀវទេសចរបរទេស និងខ្មែររហូតមកដល់ពេលបច្ចុប្បន្ននេះ។
អ្នកស្រី ខៃ ចិន្តា មិនមែនកើតក្នុងត្រកូលអ្នកមានទេ។ តាមពិត អតីតនិស្សិតអក្សសាស្ត្រភាសាបារាំងនៃសកលវិទ្យាល័យភ្នំពេញរូបនេះ កើតក្នុងត្រកូលក្រីក្រ និងធ្លាប់ប្រឈមនឹងការមើលងាយជាខ្លាំងពីសំណាក់អ្នកដទៃ។ តែដោយក្តីតស៊ូ អំណត់ ព្យាយាម អ្នកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សសាស្ត្រភាសាបារាំងនៅឆ្នាំ១៩៩៨។ ជំនាញនេះហើយដែលបានបើកផ្លូវឲ្យ អ្នកស្រី ចិន្តា ឈានជើងមកដល់ស្ថានភាពសព្វថ្ងៃនេះ។ ឆ្លងកាត់ការលំបាកក្នុងការធ្វើជំនួញផ្នែកវិស័យទេសចរណ៍អស់រយៈពេលប្រមាណជា២០ឆ្នាំរួចមក បច្ចុប្បន្ន ស្ថិតក្នុងវ័យជាង៤០ឆ្នាំ អ្នកស្រី ចិន្តា ទទួលបានផលគួរជាទីគាប់ចិត្តដោយអ្នកស្រីមានសណ្ឋាគារ Boutique ចំនួនបីកន្លែងនៅតាមបណ្តាខេត្ត៖ រតនគិរី ក្រចេះ និងខេត្តកែប។
ហេតុអ្វីអ្នកស្រី ខៃ ចិន្តា វិនិយោគនៅតាមបណ្តាខេត្ត និងតំបន់ព្រៃភ្នំ?
ជំនួញដែលអ្នកស្រី ខៃ ចិន្តា ចូលចិត្តធ្វើក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ គឺអេកូទេសចរណ៍ (Eco-tourism)។ ធ្វើជំនួញតាមជនបទ តាមព្រៃភ្នំ គឺជាអ្វីដែលអ្នកស្រី ចិន្តា ស្រឡាញ់ និងចូលចិត្តជាទីបំផុត។ អ្នកស្រី ចិន្តា និយាយថា៖«តាមលក្ខណៈធម្មជាតិ ខ្ញុំចូលចិត្តធម្មជាតិ»។ ក្នុងខណៈពេលដែលអ្នកជំនួញជាង៩០%ចូលចិត្តរកស៊ី ឬធ្វើជំនួញនៅក្នុងតំបន់ដែលមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវរួចរាល់ហើយ អ្នកស្រី ចិន្តា, ផ្ទុយទៅវិញ, បានបោះទុននៅតំបន់ដាច់ស្រយាលដែលគ្មានអ្វីទាំងអស់។ តើការលំបាកអ្វីខ្លះដែលអ្នកស្រីប្រឈម? ហេតុអ្វីបានជាអ្នកស្រីសម្រេចចិត្តខុសពីគេ?
អ្នកស្រី ចិន្តា បានឆ្លើយថា៖«ខ្ញុំចង់ធ្វើអ្វីដែលខុសពីគេ។ គេវិនិយោគនៅភ្នំពេញ សៀមរាប…។ រីឯខ្ញុំវិញ ខ្ញុំវិនិយោគនៅខេត្តឆ្ងាយៗ។ ខ្ញុំបានធ្វើដំណើរទៅខេត្តរតនគិរី។ ២០ឆ្នាំមុន ខេត្តរតនគិរី អត់មានអ្វីទេ។ គេអត់ស្គាល់ថា អ្វីទៅជាទេសចរណ៍ធម្មជាតិទេ។ ខ្ញុំបានចំណាយថវិកា និងចំណេះដឹងរបស់ខ្ញុំដើម្បីបណ្តុះបណ្តាលមគ្គុទេសក៍តទេសចរណ៍»។ ដោយរម្លឹកពីការលំបាកកាលពីអតីតកាល ស្ត្រីសម្បុរខ្មៅស្រអែម រាងស្គមស្តើងរូបនេះ បានបន្តទៀតថា៖«ពេលនោះ គេត្រូវការរយៈ៣ថ្ងៃដើម្បីធ្វើដំណើរទៅកាន់ខេត្តរតនគិរី»។ អ្នកស្រី ខៃ ចិន្តា មានមាឌតូចស្តើង តែមានឆន្ទៈខ្ពស់ និងមោះមុត។ ហត់នឿយនឹងការងារមែន តែការតាំងចិត្តរបស់នាងមានកម្រិតខ្ពស់ជាង។ ជារឿយៗ អ្នកស្រី ចិន្តា បើកបររថយន្តដោយខ្លួនឯង ច្រើនរយគីឡូម៉ែត្រដើម្បីធ្វើដំណើរទៅសណ្ឋាគាររបស់អ្នកស្រីនៅតាមខេត្តកែប ក្រចេះ និងរតនគិរី។ ជាមួយនឹងសម្តីម៉ាត់ៗ សហគ្រិនវ័យកណ្តាល ខៃ ចិន្តា បានបញ្ជាក់ថា៖«កាតព្វកិច្ច និងតម្រូវការ វាខ្លាំងជាងការបារម្ភ។ ពេលខ្លះ ខ្ញុំបារម្ភខ្លាចឡានមានបញ្ហាតាមផ្លូវដែរ តែត្រូវតែជម្នះ»។
សូមអញ្ជើញស្តាប់សំឡេងសម្ភាស និងវីដេអូ៖
គ្រួសារអ្នកស្រី ខៃ ចិន្តា ទាំងមូលស្រឡាញ់សត្វដំរី
អ្នកស្រី ខៃ ចិន្តា បច្ចុប្បន្ន មានកូនបីនាក់ (ស្រីពីរនាក់ និងប្រុសម្នាក់)។ កូនទាំងបីនាក់នេះ រៀននៅសាលាបារាំង René-Descartes de Phnom Penh (រាជធានីភ្នំពេញ)។ សម្រាប់អ្នកស្រី ខៃ ចិន្ត កាតព្វកិច្ចថែទាំកូនចៅផង និងធ្វើជំនួញផង មិនមែនជារឿងធម្មតាឡើយ។ ស្វាមីរបស់អ្នកស្រី ចិន្តា បានជួយកិច្ចការមួយចំនួនមែន។ ប៉ុន្តែ អ្នកស្រី ចិន្តា គឺជាអ្នកកាច់ចង្កូត«កិច្ចការ»។ ចង់ក្លាយជាអ្នកជំនួញធំ និងល្បីឈ្មោះ ដូចជាមិនមែនជាក្តីប្រាថ្នារបស់អ្នកស្រី ចិន្តា ទេ។ តែអ្វីដែលអ្នកស្រី ចិន្តា ចង់បានបំផុត គឺជំនួញ«បៃតង» បូកជាមួយនឹងសកម្មភាពសង្គម។ អ្នកស្រី ខៃ ចិន្តា ចង់ធ្វើកិច្ចការសង្គម ព្រោះ អ្នកស្រីធ្លាប់ឆ្លងកាត់ភាពក្រីក្រ ហើយយល់ពីអារម្មណ៍អ្នកក្រីក្រ។
ក្រៅពីធ្វើជំនួញលើសណ្ឋាគារ Boutique របស់ខ្លួននៅខេត្តរតនគិរី ក្រចេះ និងកែប អ្នកស្រី ចិន្តា បានចិញ្ចឹម និងអភិរក្សសត្វដំរីចំនួន៤ក្បាល។ ការចិញ្ចឹម និងអភិរក្សសត្វដំរីចំនួន៤ក្បាលនៅក្នុងខេត្តរតនគិរីក្នុងរយៈពេលជាង៣ឆ្នាំមកនេះ ធ្វើឲ្យអ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួនមិនតិចជាង២០ម៉ឺនដុល្លារឡើយ។ ប្រទេសកម្ពុជាទាំងមូលមានសត្វដំរីសរុបចំនួនប្រមាណជាជាង៣០០ក្បាល ក្នុងនោះ ដំរីស្រុកមានចំនួន៧២ក្បាល និងដំរីព្រៃ២៥០ក្បាល។ អ្នកស្រី ចិន្តា ដែលជាប្រធានសមាគមន៍អភិរក្សដំរីខ្មែរអៃរាវត្តាដែរនោះ បានបញ្ជាក់ពីទឹកចិត្តរបស់នាងជាមួយសត្វដំរីថា៖«ដំរីជិតផុតពូជហើយ។ បើយើងមិនធ្វើ មិនអភិរក្ស តើមានបរទេសណាគេមកធ្វើ?។ ខ្មែរយើងមានប្រវត្តិជាមួយសត្វដំរី។ ដំរី ជាព្រលឹងជាតិ។ គ្រួសារខ្ញុំទាំងមូល ដាក់កាយចិត្ត និងថវិកាដើម្បីអភិរក្សសត្វដំរី៤ក្បាលហ្នឹង។ យើងចង់ជួយបង្កាត់កូនដំរីបន្ថែមទៀត»។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ សត្វដំរី ត្រូវបានគេចាត់ទុកថា ជាសត្វដែលបានជួយកសាងអាណាចក្រខ្មែរ ព្រោះ សត្វដំរី ត្រូវបានគេប្រើប្រាស់ដើម្បីសាងសង់ប្រាសាទ និងធ្វើសឹកសង្គ្រាម។ល។
សូមអញ្ជើញស្តាប់បទសម្ភាសជាសំឡេង៖
បេសកកម្មបន្ទាប់ អ្នកស្រី ចិន្តា គ្រោងនឹងបង្កើតភូមិដើម្បីអភិរក្សវប្បធម៌ជនជាតិដើមភាគតិច
ដោយចំណាយពេលប្រមាណជា២០ឆ្នាំក្នុងជំនួញទេសចរណ៍ និងការអភិរក្សសត្វដំរីរួចមក បេសកកម្មរបស់អ្នកស្រី ខៃ ចិន្តា នៅមិនទាន់ចប់នៅឡើយទេ។ នៅដើមឆ្នាំ២០១៩នេះ អ្នកស្រី ខៃ ចិន្តា គ្រោងនឹងបង្កើតភូមិដើម្បីអភិរក្សវប្បធម៌ជនជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី។ ខេត្តរតនគិរី មានជនជាតិដើមភាគតិចចំនួន១៨ក្រុម។ នៅក្នុងបរិវេណដីប្រមាណជា៧ហិកតានៅក្នុងខេត្តរតនគិរី អ្នកស្រី ខៃ ចិន្តា គ្រោងនឹងសង់ផ្ទះជនជាតិដើមភាគតិចខុសៗគ្នាសម្រាប់១៨ក្រុម។ ព្រមពេលជាមួយគ្នា អ្នកស្រី ខៃ ចិន្តា ក៏គ្រោងបង្កើតផ្សារសហគមន៍ជនជាតិដើមភាគតិចដែរក្នុងន័យជួយគាំទ្រផលិតផល សម្ភារសិប្បកម្ម និងអាហាររបស់ជនជាតិដើមភាគតិច។
អ្នកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) និងជាប្រធានសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានបញ្ជក់ថា៖«គម្រោងបង្កើតភូមិវប្បធម៌របស់ជនជាតិដើមភាគតិច ដែលរស់នៅខេត្តរតនគិរី គឺដើម្បីអភិរក្ស និងលើកតម្កើងវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច»។ គម្រោងបង្កើតភូមិជនជាតិដើមភាគតិចនេះ ក៏ព្រោះតែអ្នកស្រី ចិន្តា កត់សម្គាល់ឃើញថា ភូមិជនជាតិដើមភាគតិច ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិចអាចនឹងឈានទៅរកការបាត់បង់។ ជាក់ស្តែង បន្តិចម្តងៗ ជនជាតិដើមភាគតិចខ្លួនឯងលែងចង់រស់នៅក្នុងផ្ទះបែបបុរាណរបស់ខ្លួន ហើយពួកគេចាប់ផ្តើមសាងសង់ផ្ទះបែបទំនើបជំនួសវិញ។ ដូចគ្នាដែរ សម្រាប់ប្រពៃណីទំនៀមទម្លាប់ជនជាតិដើមភាគតិច។ ភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចនឹងចូលទស្សនាភូមិជនជាតិដើមភាគតិចបានដោយសេរី។ អ្នកធ្វើការនៅក្នុងភូមិជនជាតិភាគតិចមួយចំនួនធំ គឺជាជនជាតិដើមភាគតិច។ សម្រាប់អ្នកស្រី ចិន្តា ការបង្កើតភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរីនេះ គឺជាការបង្កើតផលិតផលទេសចរណ៍មួយថ្មីបន្ថែមទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបរវាងអ្នកស្រី ខៃ ចិន្តា និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីប៉ុន្មានខែមុន លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមបង្កើតភូមិជនជាតិដើមភាគតិចនៅក្នុងខេត្តភូមិភាគឦសានខេត្តរតនគិរី។
សូមអញ្ជើញទស្សនាបទសម្ភាសជាវីដេអូ៖
ក្នុងមួយថ្ងៃៗ អ្នកស្រី ខៃ ចិន្តា កម្រនឹងទំនេរណាស់។ ម្យ៉ាងអ្នកស្រី ត្រូវគិតគូរពីប្រតិបត្តិការជំនួញសណ្ឋាគារទាំងបីកន្លែងនៅខេត្តរតនគិរី ខេត្ត ក្រចេះ និង ខេត្ត កែប។ ម្យ៉ាងទៀត អ្នកស្រី ត្រូវគិតគូរពីការអភិរក្សសត្វដំរី និងអភិរក្សវប្បធម៌ជនជាតិដើមភាគតិច។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ខៃ ចិន្តា បាន និងកំពុងបង្កើតគំនិតកសិ-ទេសចរណ៍ មានន័យថា នៅក្នុងសណ្ឋាគារ Boutique របស់អ្នកស្រីនៅក្នុងខេត្តកែប អ្នកស្រី មិនត្រឹមតែបង្កើត Boutique ដើម្បីទទួលភ្ញៀវទេសចរប៉ុណ្ណោះទេ។ តែអ្នកជំនួញស្ត្រីរូបនេះ បានដាំម្រេច ផ្លែវល្លិ (ផ្លែផាសិន) និងដំណាំដទៃទៀតដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីលក់ផលិតផលកសិកម្មទាំងនោះទៅកាន់អតិថិជន។
បរិស្ថាន ធម្មជាតិ ទេសចរណ៍ សត្វ វប្បធម៌ កសិកម្ម គឺជាប្រធានបទដែលអ្នកស្រី ខៃ ចិន្តា ចូលចិត្ត និងលើកឡើង ឬនិយាយរាល់ពេលដែលអ្នកស្រីជួបនរណាម្នាក់។ បើផ្អែកលើសកម្មភាពបច្ចុប្បន្ននេះ អ្នកស្រី ខៃ ចិន្តា ទំនងជាពិបាកដកចិត្តចេញពីវិស័យនេះណាស់នៅក្នុងជាតិនេះ។ ពេលខ្លះ ក្នុងពេលកំពុងធ្វើដំណើរទៅកាន់បណ្តាខេត្ត អ្នកស្រី ចិន្តា បន្លឺពាក្យពេចន៍ចេញពីមាត់ដោយមិនដឹងខ្លួនថា៖«មួយថ្ងៃៗពេលវេលាដើរលឿនណាស់។ ពេលវេលាសម្រាប់ខ្ញុំហាក់នៅខ្លីណាស់ រីឯការងារនៅមានច្រើនសម្រាប់ធ្វើបន្ត»៕