ជាតិ
លោក ហ៊ុន ម៉ា​ណែ​ត និង​មន្ត្រីជាន់ខ្ពស់​៦​រូប​ទៀត ក្លាយជា​សមាជិក​គណៈអចិន្ត្រៃយ៍ CPP
20, Dec 2018 , 10:57 am        
រូបភាព
​ភ្នំពេញ​៖ លោក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បានជ្រើសតាំង​ជា​សមាជិក​គណៈកម្មាធិការអចិន្ត្រៃយ៍នៃ​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​។ ការជ្រើសតាំង​នេះ ធ្វើឡើង​នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​បក្ស​លើក​ទី​៤១ អាណត្តិ​ទី​៥ រយៈពេល​៣​ថ្ងៃនេះ​។​


 
មុនទទួលបានការជ្រើសតាំងនេះ លោក ហ៊ុន ម៉ា​ណែ​ត គឺជា​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា នៅក្រៅ​ប្រទេស​។​
 
​ក្រៅពីលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បង​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏មាន​បេក្ខជន៦​រូប​ទៀត ដែ​ល​ទទួល​បាន​ជ្រើសតាំង​ជា​សមាជិក​ស្ថាប័នកំពូល​របស់​គណបក្ស​កាន់អំណាចនេះ​ផងដែរ ដែល​ក្នុងនោះ​រួមមាន​លោក ប្រាក់ សុខុន លោក អូន ព័ន្ធមុនីរ័ត្ន លោក ជា សុផារ៉ា លោក សៅ សុខា លោក ឥត សារ៉ាត់ និង​លោក វង្ស ពិ​សេន​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឈឹម ផល​វរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​បន្ថែមថា ការជ្រើសតាំង​អ្នក​ទាំងនេះ គឺ​ដោយសារតែ​ពួកគេ​មានគុណ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ជួរ​គណបក្ស​ប្រជាជន​កន្លងមក​។​
 
​បច្ចុប្បន្ននេះ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ប្រជាជន​កម្ពុជា មាន​ជាង​៣០​រូប ប៉ុន្តែ​ក្នុងនោះ​ក៏មាន​សមាជិក​ខ្លះ បានទទួលមរណភាព ដូចជា​សម្ដេច ជា ស៊ីម សម្ដេច សុខ អាន លោក នៃ ប៉េ​ណា លោក សាយ ភូ​ថង ជាដើម​៕

Tag:
 ​ហ៊ុន ម៉ា​ណែ​ត​
  CPP
© រក្សាសិទ្ធិដោយ thmeythmey.com