ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិករ ខុន រឿត រកចំណូលបានជាង២លានរៀលក្នុងមួយខែ ពីដំណាំម្ទេសដៃនាង
× បាត់ដំបង៖ រយៈពេលជាង ២ឆ្នាំហើយដែលអ្នកស្រី ខុន រឿត បានប្រកបមុខរបរដាំម្ទេសលក់។ ម្ទេសដែលស្រី្តវ័យ៤៤ឆ្នាំរូបនេះ បានដាំម្ទេស ភាគច្រើនលក់ឲ្យម៉ូយដែលយកទៅលក់បន្តនៅផ្សារ។ ក្នុងមួយខែកសិករ ខុន រឿត អាចរកចំណូលបានជាង ២លានរៀលពីដំណាំម្ទេសនេះ។
នៅក្នុងភូមិត្រដក់ពង ឃុំអណ្ដើកហែប ស្រុករតនមណ្ឌល មានកសិករជាច្រើន បានដាំម្ទេសដៃនាងសម្រាប់លក់។ អ្នកស្រី ខុន រឿត ជាកសិករមួយរូប ដែលបានដាំម្ទេសដៃនាងលក់ឲ្យអតិថិជនជារៀងរាល់ថ្ងៃ។ ក្នុងចម្ការម្ទេសដៃនាងរបស់កសិករ ខុន រឿត មានទំហំជិតកន្លះហិកតា ដែលអាចរកចំណូលបានជាង ២លានរៀល ក្នុង១ខែ។
បើតាមអ្នកស្រី ខុន រឿត ម្ទេសដៃនាងរបស់អ្នកស្រី កំពុងរងការខូចខាតដោយសារដង្កូវល្អិត និងក្រាស៊ីស្លឹក ដែលធ្វើឲ្យដើមវារួញ ហើយមិនចេញផ្លែ។ កសិករដែលមានបទពិសោធន៍៥ឆ្នាំលើដំណាំម្ទេសរូបនេះ បានប្រាប់ឲ្យដឹងថា ទិន្នផលឆ្នាំនេះ មិនបានច្រើនដូចឆ្នាំមុនឡើយ ហើយមានតែចម្ការម្ទេសរបស់អ្នកស្រីប៉ុណ្ណោះ ដែលល្អជាងចម្ការម្ទេសរបស់កសិករដទៃទៀត។
ដំណាំម្ទេសដែលត្រូវមានការថែទាំយ៉ាងយកចិត្តទុកដាក់នេះ ក្នុងមួយថ្ងៃអ្នកស្រីលក់ម្ទេសដៃនាង ចន្លោះពី៦ម៉ឺនរៀលទៅ៩ម៉ឺនរៀល អាស្រ័យទៅតាមម្ទេសផ្លែ។ ក្រៅពីដាំម្ទេសលក់ អ្នកស្រី ខុន រឿត ក៏មានដាំដំណាំដំឡូងមី និងពោតក្រហមផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com