ជាតិ
ក្រសួង​ធម្មការ ហាម​អាជីវករ​លក់​សាច់សត្វ និង​សត្វមានជីវិត​បែប​អនាធិបតេយ្យ​លើផ្លូវ​សាធារណៈ​
20, Dec 2018 , 7:19 pm        
រូបភាព
រូបគោដុត នៅទល់មុខហាងបាយមួយ នៅខេត្តកំពង់ចាម
រូបគោដុត នៅទល់មុខហាងបាយមួយ នៅខេត្តកំពង់ចាម
​ភ្នំពេញ​៖ ដើម្បី​បណ្ដុះ​ស្មារតី​សីលធម៌​សង្គម ក្រសួង​ធម្មការ​និង​សាសនា បានចេញ​សារាចរ​ណែនាំ​ដល់​អាជីវករ ហាម​លក់ដូរ​សត្វមានជីវិត និង​សាច់សត្វ​នៅ​ទីកន្លែង និង​ទីតាំង​លើផ្លូវ​សាធារណៈ​។​

 
​ក្រសួង​ធម្មការ​និង​សាសនា ហាម​ដាច់ខាត​នូវ​សកម្មភាព​រូបភាព​អាជីវកម្ម «​គោដុត​» នៅ​ទីសាធារណៈ​ដូចជា​មុខ​ហាង​ជាដើម ដែល​បានបង្ហាញ​នូវ​សកម្មភាព​ហិង្សា​ឃោរឃៅ ផ្ទុយ​នឹង​គោលការណ៍​អហិង្សា​ធម៌​របស់​ព្រះពុទ្ធសាសនា​។ ក្រៅពី​បញ្ហា​អាជីវកម្ម​«​គោដុត​»​នេះ ក្រសួង​ធម្មការ ក៏​ហាមឃាត់​ការនេសាទ​ត្រី ឬ​ប្រមាញ់​សត្វ​គ្រប់​ប្រភេទ នៅ​តំបន់​មុខ​ព្រះបរមរាជវាំង ដែល​ទុកជា​ដែនដី​អភ័យ​ភូមិ​។ ជាពិសេស​ការ​ចរាចរ​សត្វទ្វេបាទ ចតុប្បាទ សត្វមានជីវិត​ដទៃទៀត តាម​រថយន្ត ទោចក្រយានយន្ត ត្រីចក្រយាន និង​មធ្យោបាយ​នានា ត្រូវមាន​ការបិទបាំង​ឱ្យបាន​ត្រឹមត្រូវ​ហ្មត់ចត់ ពោលគឺ​ចៀសវាង​ការ​ចងខ្សែ​ព្យួរ​ដាក់​ក្នុង​ទីវាល ឬក៏​ចង​ទម្លាក់​តាមផ្លូវ ដែលជា​រូបភាព​សម្ដែង​នូវ​ភាព​ហិង្សា ធ្វើឱ្យប៉ះពាល់​ដល់​ស្មារតី​សីលធម៌​សង្គម​កម្ពុជា​។​
 
​ក្រសួង​ធម្មការ បាន​សរសេរ​ដូច្នេះ​ថា​៖«​សាច់សត្វ​ដែល​បាន​ពិឃាត​ហើយ ការដឹកជញ្ជូន​ចរាចរ​តាម​ដងផ្លូវ ត្រូវ​មានការ​វេច​ខ្ចប់ បិទបាំង​ឱ្យបាន​ជិត​ល្អ ចៀសវាង​ការដឹកជញ្ជូន​ដោយ​គ្មាន​ការ​វេច​ខ្ចប់ និង​បិទបាំង ឬ​ដាក់​ចំហរ​ដែល​ធ្វើឱ្យប៉ះពាល់​សុខភាព​សាធារណៈ និង​បង្ហាញ​ពី​ភាព​ហិង្សា​ក្នុងសង្គម​។ ចំពោះ​អាជីវករ​លក់ដូរ​សត្វ និង​សាច់សត្វ​គ្រប់​ប្រភេទ ត្រូវ​លក់​តែ​ក្នុង​ទី​រាន​ផ្សារ កន្លែង​លក់​ម្ហូបអាហារ មិនត្រូវ​ដាក់លក់​តាម​ផ្លូវ​សាធារណៈ ដោយ​រូបភាព​ចង​ព្យួរ ដាក់​ផ្ទាល់​ដី លើ​គ្រែ លើ​យានជំនិះ លើ​តុ ក្នុង​ទ្រុង ការុង បាវ កញ្ច្រែង ជាដើម​ជាដាច់ខាត​»​។​
 
​ក្រសួង​ធម្មការ​និង​សាសនា សង្ឃឹម​និង​ជឿជាក់ថា ក្រោយពី​ទទួលបាន​សារាចរ​ណែនាំ​ខាងលើនេះ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ នឹង​សហការ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ​៕

Tag:
 ភ្នំពេញ​
  ក្រសួង​ធម្មការ​និង​សា​នា​
  សត្វ​
  សារាចរ​ណែនាំ​
© រក្សាសិទ្ធិដោយ thmeythmey.com