អន្តរជាតិ
អាមេរិក នឹង​ព​ន្លឿ​ន​ការផ្ដល់​ជំនួយ​មនុស្សធម៌​ឲ្យ​កូរ៉េខាងជើង
20, Dec 2018 , 7:39 pm        
រូបភាព
លោក Stephane Biegun តំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង។ (រូបភាព AFP)
លោក Stephane Biegun តំណាងពិសេសអាមេរិកសម្រាប់កិច្ចការកូរ៉េខាងជើង។ (រូបភាព AFP)
​សហរដ្ឋអាមេរិក បានបង្ហាញ​ឆន្ទៈ​ក្នុងការ​ព​ន្លឿ​ន​ការផ្ដល់​ជំនួយ​មនុស្សធម៌​ទៅកាន់​កូរ៉េខាងជើង ខណៈ​ការដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​បន្ត​ជាប់​ទ្រឹង​។ ការបង្ហាញ​ឆន្ទៈ​នេះ ទំនងជា​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ផ្ដល់​ដង្ហើម​ឲ្យ​ការចរចា​ដែល​សឹងតែ​អស់ខ្យល់ ដ្បិត​ទាំង​អាមេរិក ទាំង​កូរ៉េខាងជើង​នៅតែ​រក្សា​ជំហរ​មិនត្រូវ​គ្នា​ដដែល​។ ជំហាន​ថ្មី​របស់​អាមេរិក​ដែល​ប្រកាស​ដោយ​លោក Stephen Biegun ប្រេសិត​ពិសេស​នេះ ក៏​ទំនង​ជះឥទ្ធិពល​ដល់​ផែនការ​រៀបចំ​ជំនួប​មេដឹកនាំ​លើក​ទី​២ ដែរ​។​

 
​ទៅដល់​កូរ៉េខាងត្បូង​ភ្លាម លោក Stephen Biegun ប្រេសិត​ពិសេស​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​បំណង​របស់​អាមេរិក​ក្នុងការ​ផ្ដល់ជំនួយ​មនុ​ស្ស​ធម៌​របស់​អង្គការ​ឯកជន​ទៅ​ឲ្យ​កូរ៉េខាងជើង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១៩ ខែធ្នូ នៅ​ព្រលានយន្តហោះ Incheon លោក Biegun ក៏​ប្រកាស​ដែរ​ថា អាមេរិក​នឹង​អត់ឱន​ឲ្យ​បាន​ច្រើនជាង​មុន​ក្នុងការ​រឹតត្បិត​ការធ្វើដំណើរ​របស់​ប្រជាជន​អាមេរិក​ទៅកាន់​កូរ៉េខាងជើង បើ​ពាក់ព័ន្ធ​ជាមួយ​កិច្ចការ​មនុស្សធម៌​។​
 
​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើង​រូបនេះ បានទទួល​ស្គា​ល់ពី​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​ជំនួយ​មនុស្ស​ទៅកាន់​រដ្ឋ​កុម្មុយនីស្ត​មួយ​នេះ ដែល​រង​ទណ្ឌកម្ម​យ៉ាង​ពី​សហគមន៍​អន្តរជាតិ ហើយ​ការណ៍​នេះ​បាន​ប៉ះពាល់​ដល់​ការផ្ដល់​ជំនួយ​ស្របច្បាប់​ដល់​ប្រជាជន​កូរ៉េខាងជើង​។ លោក Biegun ក៏​ប្រកាស​គម្រោង​ជួប​ជាមួយ​អង្គការ​មនុស្សធម៌​អាមេរិក​នៅ​ដើម​ឆ្នាំក្រោយ​ដើម្បី​ធានា​ពី​លំហូរ​ជំនួយ​សមរម្យ ជាពិសេស​ក្នុង​រដូវ​ត្រជាក់​នេះ​។​
 
​កន្លងមក រដ្ឋបាល​ប្រធានាធិបតី ត្រាំ មិន​អនុញ្ញាត​ឲ្យ​ក្រុម​មនុស្សធម៌​អាមេរិក​ធ្វើ​ប្រតិបត្តិការ​នៅ​កូរ៉េខាងជើង​ឡើយ សំដៅ​ធានាថា សម្ពាធ​អតិបរមា​នឹងមាន​ដដែល និង​ម្យ៉ាង​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​អាមេរិក​ផង​។ កូរ៉េខាងជើង​ដែល​រដ្ឋ​ឯកោ​មួយ​នេះ ក៏​ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​មួយ​លើ​ពិភពលោក​ដែរ ខណៈ​របប​ដឹកនាំ​ប្រទេស​នេះ​មិនសូវ​គិតគូរ​លើ​ការរស់នៅ​របស់​ប្រជាជន​ឡើយ និង​ផ្ដោត​ខ្លាំង​តែ​លើ​កម្មវិធី​នុយក្លេអ៊ែរ​ប៉ុណ្ណោះ​។​
 
​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ ការប្រកាស​របស់លោក Biegun អាចជា​សញ្ញា​បង្ហាញ​ពី​ឆន្ទៈ​ល្អ​របស់​អាមេរិក​ចំពោះ​កូរ៉េខាងជើង នៅ​ចំ​ពេលដែល​ការជជែក​ពី​ការរំសាយ​នុយក្លេអ៊ែរ​កំពុង​ជាប់គាំង​។ ទោះជា​យ៉ាងណា គេ​មិនដឹងថា របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ទទួលយក​បំណងល្អ​រប​ស់​ក្រុង​វ៉ាស៊ីនតោន​ឬ​យ៉ាងណា​ឡើយ ហើយ​បន្ត​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ស្វែងរក​សន្តិភាព និង​ឈានទៅរក​ការលុបបំបាត់​នុយក្លេអ៊ែ​រទាំង​ស្រុង​។​
 
​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ផ្សាយ​ថា ការប្រកាស​របស់លោក Biegun គឺ​ស្រដៀង​គ្នា​នឹង​គំនិត​ផ្ដួចផ្ដើម​របស់​ទីប្រឹក្សា​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ចង់​ឲ្យ​អាមេរិក​លើកលែង​ការ​រឹតត្បិត​ការដឹកជញ្ជូន​ជំនួយ​ខ្លះ ដែល​នោះ​អាចជា​សញ្ញា​វិជ្ជមាន​ទៅកាន់​កូរ៉េខាងជើង​។ កូរ៉េខាងត្បូង ប្រឹង​ដើរតួ​ជា​អ្នកសម្របសម្រួល​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ ប៉ុន្តែ​មកទល់ពេលនេះ​មិនមាន​លទ្ធផល​ឡើយ​៕ 
 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com