ជាតិ
សុខភាព
អត្ថបទ​ស្រាវជ្រាវ​សំខាន់​បី ដែល​និយាយ​ពី​ឱសថ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ទទួលបាន​ពានរង្វាន់​គី​ណា​ល់​ឆ្នាំ​២០១៨
20, Dec 2018 , 4:03 pm        
រូបភាព
​ភ្នំពេញ​៖ អត្ថបទ​ស្រាវជ្រាវ​សំខាន់​បី ដែល​និយាយ​ពី​ឱសថ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ទទួលបាន​ពានរង្វាន់​គី​ណា​ល់​លើក​ទី​៦ ប្រចាំឆ្នាំ​២០១៨ ។ ការរៀបចំ​កម្មវិធី​ប្រកួតប្រជែង​នេះ គឺ​ចង់​លើកកម្ពស់​វិធីសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​ព្យាបាល ទាំង​ផ្នែក​បុរាណ និង​វិទ្យាសាស្ត្រ​។​

 
​ប្រធានបទ​ដែល​ទទួលបាន​ជ័យលាភី​លេខ​១ ទាក់ទង​នឹង​«​ការសិក្សា​អំពី​រុក្ខជាតិ​ឱសថ​បុរាណ ក្នុងការ​ព្យាបាល​ជំងឺ​គ្រុនក្តៅ ក្នុងចំណោម​មនុស្ស​ចាស់ ក្នុងភូមិ​កណ្ដឹង​ធំ ឃុំ​កណ្ដឹង​ស្រុក​បាទី ខេត្តតាកែវ​។ ប្រធាន​ក្រុម​ជ័យលាភី​លេខ​១​នេះ បាន​និយាយថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ បាន​រកឃើញ​ពី​ឱសថ​បុរាណ​ពី​រុក្ខជាតិ​ម្យ៉ាង ដែលមាន​ឈ្មោះថា «​ប៉ក​ផ្លែ​» ត្រូវបាន​ប្រជាជន​យកទៅ​ដាំ​ផឹក ដើម្បី​យកទៅ​បញ្ចុះ​កម្ដៅ​។ បើតាម​ប្រធាន​ក្រុម​នេះ ប្រជាជន​នៅក្នុង​តំបន់​នោះ ភាគច្រើន​នៅតែមាន​ជំនឿ​លើ​រុក្ខជាតិ​បុរាណ​។​


 
​ចំណែក​ក្រុម​ជាប់​ជ័យលាភី​លេខ​២ បានជ្រើសរើស​ប្រធានបទ​«​ការសិក្សា​ទៅលើ​រុក្ខជាតិ​ឱសថ​សម្រាប់​ព្យាបាល​និង​វិធីសាស្ត្រ​ថែទាំ​ចំពោះ​អាកា​រៈ​គ្រុនក្តៅ ក្នុង​ខេត្តកំពង់ស្ពឺ​ឆ្នាំ 2018»​។ រីឯ​ក្រុម​ទទួលបាន​ជ័យលាភី​លេខ​៣ ទាក់ទង​នឹង​ប្រធានបទ​«​ការសិក្សា​អំពី​ការប្រើប្រាស់​ឱសថ​បញ្ចុះ​កំដៅ​មិនបាន​ត្រឹមត្រូវ​ចំពោះ​កូនក្មេង​នៅក្នុង​ឱសថស្ថាន​សហគមន៍​ខេត្តកំពង់ចាម 2018»​។ ប្រធានបទ​ទាំងពីរ​នេះ គឺ​សិក្សា​ស្រាវជ្រាវ​ផ្នែក​ឱសថ​បុរាណ ដើម្បី​ជំរុញ​ការស្រាវជ្រាវ​ផ្នែក​ឱសថ​សាស្ត្រ​លើ​វិស័យ​សុខាភិបាល ឲ្យ​មានការ​រីកចម្រើន និង​ពង្រឹងសមត្ថភាព​ការយល់ដឹង​ដល់​ប្រជាជន​។ 
 
​សម្រាប់​ក្រុម​ជាប់​ជ័យលាភី​លេខ​១​ទទួលបាន​ពាន​១ និង​ប្រាក់ ៤,000 ,000​រៀល​។​រីឯ​ជ័យលាភី​ពានរង្វាន់​លេខ​២ ទទួលបាន​ប្រាក់ ២ ,០០០ ,០០០​រៀល និង​ជ័យលាភី​លេខ​៣ ទទួលបាន​ប្រាក់ ១, ២០០ ,០០០​រៀល​។​


 
​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​សិស្ស​និស្សិត​ចំនួន​២៦​ក្រុម មកពី​៦​សាកលវិទ្យាល័យ ដែល​បាន​ចូលរួម​ប្រកួតប្រជែង ដោយ​ក្នុងនោះ​មកពី​សកលវិទ្យា​ល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​, សកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​, សកល​វិទ្យាល័យ​អន្តរជាតិ​, សកល​វិទ្យាល័យ​ន័​រ​តុ​ន​, វិទ្យាស្ថាន​វិទ្យាសាស្ត្រ​សុខ​ភិ​បាល ខ ភ ម​, និង​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ ក្រោម​ប្រធានបទ «​ឱសថ​សម្រាប់​ជំងឺ​គ្រុនក្តៅ និង​ការថែទាំ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com