រុស្ស៊ីបានបង្ហើបថា ខ្លួននឹងចាប់ផ្តើមកសាងកម្លាំងយោធានៅក្នុងតំបន់អាកទិកចាប់ពីឆ្នាំក្រោយនេះ។ ផែនការបង្កើនវត្តមានទ័ពនេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្រក្នុងការពង្រីកដែនឥទ្ធិពលរបស់រុស្ស៊ីនៅក្នុងតំបន់ និងដើម្បីប្រជែងដណ្តើមយកធនធានមានតម្លៃមានប្រេងនិងឧស្ម័នជាមួយមហាអំណាចតំបន់ផ្សេងទៀតផង។
ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយតំបន់ និងកំណើនសកម្មភាពមនុស្សនៅក្នុងតំបន់អាកទិកកំពុងក្លាយជាក្តីបារម្ភសម្រាប់រុស្ស៊ី ដែលតែងចាត់ទុកតំបន់សម្បូរដោយធនធានអាកទិកជាទីតាំងអាទិភាព និងយុទ្ធសាស្ត្របំផុតមួយនោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergeu Shoigu បានប្រកាសជាផ្លូវការនៅថ្ងៃអង្គារទី ១៨ ខែធ្នូថា រុស្ស៊ីនឹងផ្តើមកសាងកម្លាំងទ័ពនៅទីនោះនៅឆ្នាំ ២០១៩។ បើតាមសម្តីប្រមុខការពារជាតិរូបនេះ ការកសាងកម្លាំងទ័ពសំដៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បំពាក់រ៉ាដាការពារដែនអាកាស និងប្រព័ន្ធណែនាំសម្រាប់អាកាសចរណ៍ជាដើម។
«យើងនឹងបញ្ចប់ការសាងសង់រាល់ហេដ្ឋារចនាសម្ព័ន្ធបម្រើការការពារដែនអាកាស និងធានាការហោះហើរនៅលើកោះ Sredny និងកោះ Wrangel រួមជាមួយកោះ Cap Schmidt នៅក្នុងដែនអធិបតេយ្យរបស់រុស្ស៊ីក្នុងឆ្នាំ ២០១៩។ លោក Shoigu ប្រកាសបែបនេះក្នុងជំនួបក្រសួងការពារជាតិក្រោមអធិបតីប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
ក្រៅពីទីតាំងខាងលើ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីក៏បានប្រាប់ផងដែរថា ទីតាំងស្នាក់នៅសម្រាប់កងទ័ព និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតសម្រាប់ការហោះហើរក៏ត្រូវបានសាងសង់រួចទៅហើយដែរនៅតំបន់ផ្សេងទៀតនៅអាកទិកកន្លងមក។
តាមពិតទៅរុស្ស៊ីបានចាប់ផ្តើមដំណើរការមូលដ្ឋានយោធា និងទីតាំងស្រាវជ្រាវនៅតំបន់អាកទិកប៉ុន្មានឆ្នាំចុងក្រោយមកនេះ បន្ទាប់ពីការកើនឡើងកម្តៅផែនដីធ្វើឲ្យរលាយទឹកកកនៅតំបន់យុទ្ធសាស្ត្រនេះ និងបានបង្កើតជាច្រកផ្លូវពាណិជ្ជកម្ម ក៏ដូចជាបង្កភាពងាយស្រួលសម្រាប់ការទាញយកធនធានរ៉ែថែមទៀត។
ចំណែកលោក ពូទីន ធ្លាប់ធ្វើដំណើរជាច្រើនដងទៅកាន់តំបន់អាកទិកដែរ ហើយឆ្នាំមុនលោកបានប្រកាសថា សកម្មភាពរុករក និងទាញយកធនធានវត្ថុធាតុដើមនៅក្នុងតំបន់អាកទិកជារឿងសំខាន់បំផុតមួយសម្រាប់រុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ីក៏ថែមទាំងបន្តស្រាវជ្រាវ និងបញ្ចេញគ្រឿងចក្រយោធាថ្មីៗជាច្រើនសម្រាប់បម្រើដល់ប្រតិបត្តិការនៃអង្គភាពយោធានៅតំបន់អាកទិកថែមទៀត។
ក្នុងឆ្នាំនេះ បក្សសម្ព័ន្ធយោធាណាតូ រួមជាមួយន័រវ៉េសបានរៀបចំសមយុទ្ធយោធាធំបំផុតមួយនៅក្បែរព្រំដែនអាកទិកដែលជាកម្មសិទ្ធិរបស់រុស្ស៊ី រាប់ចាប់ពីសង្គ្រាមត្រជាក់បញ្ចប់ទៅ។ ក្រៅពីរុស្ស៊ីកាណាដា ន័រវែស និងដាណឺម៉ាកក៏សុទ្ធតែទាមទារភាពជាកម្មសិទ្ធិលើធនធានដែលនៅតំបន់អាកទិកដែរតាមអនុសញ្ញាស្តីពីច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ (UNCLOS)៕