ជាតិ
សេដ្ឋកិច្ច
លោក ថោង ខុន ជំរុញ​ក្រុមហ៊ុន​វៀតណាម​ពង្រីក​ជើងហោះហើរ​កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែច្រើន​
20, Dec 2018 , 9:39 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ពង្រីក​ជើងហោះហើរ​រវាង​កម្ពុជា និង​វៀតណាម ឲ្យ​កាន់តែច្រើន​បន្ថែមទៀត ដើម្បី​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​ទេសចរណ៍​ទ្វេរ​ភាគី ឲ្យ​កាន់តែ​ផុសផុល​។​



​នៅក្នុង​ពិធី​ចែក​ពានរង្វាន់​ជូន​ទីភ្នាក់ងារ​ទេសចរណ៍​ដែលមាន​ស្នាដៃ​ល្អ​ក្នុង​លក់​សំបុត្រ ជូន​ដល់​ក្រុមហ៊ុន​អាកាសចរ Vietnam Airlines នៅ​ថ្ងៃទី​១៩​ខែធ្នូ លោក ថោង ខុន បានស្នើ​ឲ្យ​ក្រុមហ៊ុន​នេះ​ពង្រីក​ជើងហោះហើរ​ពី​ប្រទេស​វៀតណាម មកកាន់​រាជធានី​ភ្នំពេញ តំបន់​សៀមរាប និង​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា  ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​។ 
 
​បច្ចុប្បន្ន​ការហោះហើរ​រវាង​កម្ពុជា និង​វៀតណាម មាន​ចំនួន ២៣​ជើង​ក្នុង​មួយថ្ងៃ ក្នុងនោះ​សៀមរាប​-​ហូជីមិញ ៦​ជើង សៀមរាប​-​ហាណូយ​៦​ជើង ភ្នំពេញ​-​ហូជីមិញ ៥​ជើង ព្រមទាំង​ជើងហោះហើរ​មួយចំនួនទៀត សៀមរាប​-​ដា​ណា​ង និង​ព្រះសីហនុ​-​ហូជីមិញ ដែល​ភាគច្រើន​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Vietname Airline ក្រុមហ៊ុន​អង្គរ​អ៊ែរ ក្រុមហ៊ុន Vietjet ក្រុមហ៊ុន SilK Air និង​ក្រុមហ៊ុន Qatar Airways ។ នេះ​បើតាម​ក្រសួងទេសចរណ៍​។​
 
​លោក ថោង ខុន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖«​បច្ចុប្បន្ន​ឧស្សាហកម្ម​ដឹកជញ្ជូន និង​ធ្វើដំណើរ​ជា​ដៃគូ​មិនអាច​ខ្វះ​បាន​ក្នុងការ​រុញ​ដោល និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម ទំនាក់ទំនង​ប្រជាជន ក្នុងនោះ​ការដឹកជញ្ជូន​តាមផ្លូវ​អាកាស​មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ឈរលើ​គោលការណ៍​សុវត្ថិភាព​ខ្ពស់ និង​ចំណេញ​ពេលវេលា​»​។​
​តួលេខ​ពី​ក្រសួងទេសចរណ៍​បង្ហាញ​ថា ទេសចរ​វៀតណាម​មក​កម្ពុជា ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៨ មាន​ចំនួន ៥៨,៤​ម៉ឺន​នាក់ ថយចុះ ១,៦ ភាគរយ​៕  
 

Tag:
 ជើងហោះហើរ​
  កម្ពុជា​-​វៀតណាម​
© រក្សាសិទ្ធិដោយ thmeythmey.com