ជាតិ
ឆេះរោងម៉ាស៊ីនស្រូវនៅកំពង់ស្ពឺ បាននាំឲ្យកម្មករស្លាប់ ៣នាក់ និងរបួសធ្ងន់៣នាក់ រូបពីហ៊្វេសបុក
× ភ្នំពេញ៖ កាលពីថ្ងៃទី១៩ខែធ្នូ ម្សិលមិញ មានករណីឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅខេត្តកំពង់ស្ពឺ ដែលបណ្ដាលឲ្យកម្មករនិយោជិតបាត់បង់ជីវិតចំនួន៣នាក់ និង៣នាក់ទៀតរងរបួសធ្ងន់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី២០ខែធ្នូនេះ។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា មានករណីឆេះរោងម៉ាស៊ីនកិនស្រូវមួយកន្លែងនៅឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយសារមូលហេតុធ្លាក់កម្ទេចផ្សាដែក ប៉ះជាមួយកម្ទេចអង្កាម នៅម៉ោង ២ និង៣០នាទីរសៀលនៅថ្ងៃទី១៩ខែធ្នូ។ ករណីនេះបានធ្វើឲ្យកម្មករនិយោជិត ៣នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសធ្ងន់ (ប្រុសទាំងអស់)។
កម្មករដែលរបួសធ្ងន់ទាំង ៣នាក់នោះ មានម្នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងពីរនាក់ទៀតត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម។
ក្រសួងការងារបន្ថែមថា រីឯអ្នកស្លាប់ទាំង៣នាក់ ត្រូវបានមន្ត្រីបេឡាជាតិសន្តិសុខសង្គម បានចុះសម្រួលផ្ដល់ប្រាក់ឧបត្ថមដល់គ្រួសារសពដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី និងពិនិត្យលទ្ធភាពឧត្ថមដល់អ្នកនៅក្នុងបន្ទុកនៃជនរងគ្រោះទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com