ជាតិ
CPP ៖ មហាអំណាច នៅតែ​បំពាន​សិទ្ធិ​ស្វ័យ​សម្រេច​ប្រទេស​ទន់ខ្សោយ ដែល​ប្រឹង​ឆ្ពោះទៅរក​ការអភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០
21, Dec 2018 , 12:12 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេស​ទន់ខ្សោយ​នៅតែ​រង​ការបំពាន​សិទ្ធិ​ស្វ័យ​សម្រេច ពី​ប្រទេស​មហាអំណាច ដែល​ប្រើប្រាស់​តម្លៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ នេះ​ជាការ​យល់ឃើញ​របស់​ស​ន្និបាត​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​លើកយក​បញ្ហានយោបាយ​ជាតិ និង​អន្តរជាតិ​ទៅ​ពិភាក្សា ក្នុង​កិច្ចប្រជុំ​ផ្ទៃក្នុង​បក្ស​។​


 
​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​បក្ស រយៈពេល​៣​ថ្ងៃ​មកនេះ គណបក្ស​ប្រជាជន បានសម្រេច​លទ្ធផល​ចំនួន​១១​ចំណុច ដែលមាន​ទាំង​ការកែសម្រួល​រចនាសម្ព័ន្ធ​ក្បាលម៉ាស៊ីន​បក្ស ,​បញ្ហានយោបាយ​ជាតិ និង​អន្តរជាតិ​។ ផ្ដើមចេញពី​ការកែសម្រួល​រចនាសម្ព័ន្ធ​ហើយ គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកយក​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ក្នុងប្រទេស មក​បរិយាយ មុននឹង​ឈានដល់​ការរៀបចំ​ពី​យុទ្ធសាស្ត្រ​នយោបាយ​ជាតិ និង​ត្រៀមខ្លួន​ទប់ទល់​ជាមួយ​នយោបាយ​អន្តរជាតិ​។​
 
​ដោយនិយាយ​ពី​បញ្ហានយោបាយ​អន្តរជាតិ គណបក្ស​ប្រជាជន បាន​វាយតម្លៃថា សភាពការណ៍​អន្តរជាតិ ដែលមាន​ការវិវត្តន៍​កាន់តែ​ស្មុគស្មាញ និង​ប្រកបដោយ​គ្រោះថ្នាក់​ទាំង​ខាង​យោធា សេដ្ឋកិច្ច នយោបាយ និង​ច្បាប់​។ ជាពិសេស​ការប្រព្រឹត្តរ​បស់​ប្រទេស​មហាអំណាច ដែល​ប្រកាន់​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម តែងតែ​ប្រើប្រាស់​ទណ្ឌកម្ម​ជា​មធ្យោបាយ​គាបសង្កត់​ប្រទេស​អ​ធីប​តេ​យ្យ​ដទៃ​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់ខ្លួន​។ ក្រោម​មូលហេតុ​ទាំងនេះហើយ ទើប​គណបក្ស​ប្រជាជន ហ៊ាន​និយាយថា ប្រទេស​ទន់ខ្សោយ​នៅតែ​រង​ការបំពាន​សិទ្ធិ​ស្វ័យ​សម្រេច ពី​ប្រទេស​មហាអំណាច ដែល​ប្រើប្រាស់​តម្លៃ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។​
 
​តាមរយៈ​សេចក្តីជូនដំណឹង​ចំនួន​៤​សន្លឹក អំពី​លទ្ធផល​ប្រជុំ​សន្និបាត​គណៈកម្មាធិការ​កណ្ដាល​បក្ស រយៈពេល​៣​ថ្ងៃ​មកនេះ គណបក្ស​ប្រជាជន បានលើកឡើង​ដូច្នេះ​ថា​៖«​ការប្រព្រឹត្ត​របស់​ប្រទេស​អ្នកខ្លាំង ដែល​ប្រកាន់​នយោបាយ​ឯកតោភាគី​និយម និង​គាំពារ​និយម ប្រើប្រាស់​ទណ្ឌកម្ម​ជា​មធ្យោបាយ​គាបសង្កត់​ប្រទេស​អ​ធីប​តេ​យ្យ​ដទៃ​ឲ្យ​ធ្វើតាម​ឆន្ទៈ​របស់ខ្លួន ហើយ​យក​តម្លៃ​សិទ្ធមនុស្ស និង​ប្រជាធិបតេយ្យ​យកមកប្រើ​ប្រាស់ ដើម្បី​ជ្រែក​ជ្រៀតចូល​កិច្ចការ​ផ្ទៃក្នុង បំពាន​អធិបតេយ្យ បំពាន​សិទ្ធិ​ស្វ័យ​សម្រេច​របស់​ប្រទេស​ទន់ខ្សោយ​ជាង ធ្វើ​ឲ្យ​ពិភពលោក​ត្រូវ​ជួប​បញ្ហា​ប្រឈម​និង​ហានិភ័យ​កាន់តែ​ច្រើនឡើង ក្នុងពេលដែល​បណ្ដា​ប្រជាជាតិ កំពុង​រួមគ្នា​ប្រឹងប្រែង​ឆ្ពោះទៅ​សម្រេច​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព​ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ​»​។​
 
​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ គណបក្ស​ប្រជាជន បានប្រកាស​ជាថ្មី​ថា កម្ពុជា​នៅតែ​ប្រកាន់ខ្ជាប់​នយោបាយ​ការបរទេស អ​ព្យា​ក្រឹត្យ​មិន​ចូលបក្ស​សម្ព័ន្ធ និង​សន្តិ​សហ​វិជ្ជមាន ដោយ​ខិតខំ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក ។ ជាពិសេស​ការចូលរួម​វិភាគទាន​កាន់តែ​សកម្ម​ដល់​បុព្វហេតុ ដើម្បី​សន្តិភាព ស្ថិរភាព សន្តិសុខ វឌ្ឍនភាព និង​វិបុលភាព​តំបន់ និង​ពិភពលោក​។ ប៉ុន្តែ​អ្វីដែល​កម្ពុជា​មិនអាច​ធ្វើបាន​នោះ គឺ​ការ​ឱនក្បាល​ចំពោះ​ការដាក់​សម្ពាធ​មកលើ​ខ្លួន​ឡើយ​។​
 
«​ការពារ​ដាច់ខាត​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី ប្រឆាំង​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ការ​មួលបង្កាច់​ភាពត្រឹមត្រូវ​នៃ​នយោបាយ និង​សកម្មភាព​របស់​កម្ពុជា ដោយ​មិន​ឱនក្បាល​ចំពោះ​ការដាក់​សម្ពាធ​ណាមួយ​ពី​ខាងក្រៅ​» ។ នេះ​ជាការ​ប្រកាស​ជំហរ​របស់​គណបក្សកាន់អំណាច​។​
 
​បច្ចុប្បន្ននេះ កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សំណាក់​សហភាព​អឺរ៉ុប ដោយសារ​បញ្ហានយោបាយ​កន្លងមក​។ សហភាព​អឺរ៉ុប កំពុងដំណើរការ​នីតិ​វិធីដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ដោយ​ត្រូវ​ប្រើពេល​១​ឆ្នាំ ដើម្បី​ប្រមូល​ព័ត៌មាន និង​ត្រួតពិនិត្យ​ជុំវិញ​ស្ថានការណ៍​នយោបាយ និង​សង្គម​កម្ពុជា មុននឹង​ឈានដល់​ការសម្រេច​ចុងក្រោយ​លើ​បញ្ហា​នេះ​។ ហើយ​ប្រសិនជា​រកឃើញថា កម្ពុជា​គ្មាន​បញ្ហា​អ្វី​ទេ កម្ពុជា​នឹង​អាច​ទទួលបាន​ការអនុគ្រោះ​ពន្ធ​រហូតដល់​ឆ្នាំ​២០២៧​ខាងមុខ​។ នេះ​បើតាម​លោក George Edgar អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​។​
 
​តែ​យ៉ាងណា​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​អះអាងថា ទោះជា​សហភាព​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ក៏​កម្ពុជា​គ្មាន​បញ្ហា​ហានិភ័យ​សេដ្ឋកិច្ច ឬ​ធ្វើ​ឲ្យ​សេដ្ឋកិច្ចកម្ពុជា ដាំ​ក្បាល​ចុះ​នោះដែរ ។ ប៉ុន្តែ​អ្វីដែល​កម្ពុជា​ខាតបង់​នោះ គឺ​ថវិកា​ជាង​៦០០​លាន​ដុល្លារ ដែល​កម្ពុជា​ទទួលបាន​ផលចំណេញ​ពី​ការ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប តាមរយៈ​ការអនុគ្រោះ​ពន្ធ​ប៉ុណ្ណោះ​៕ 
 

Tag:
 CPP
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com