ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរតែ​អាន​! “​ក្លិន​មាត់​មិនល្អ​” បណ្ដាលមកពី​មូលហេតុ​ស្មាន​មិន​ដល់​ទាំងនេះ​
21, Dec 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​វា​ជា​រឿង​គួរ​ឲ្យ​ខ្មាស់ ប្រសិនបើ​អ្នកមាន​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​។ មាន​វិធីសាស្ត្រ ក៏ដូចជា​មធ្យោបាយ​ច្រើនណាស់​ដើម្បី​ព្យាបាល ឬ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​មុនពេល​អ្នក​ចាប់ផ្ដើម​ជ្រើស​រើសយក​ដំណោះស្រាយ​ណាមួយ​នោះ អ្នក​គួរ​ដឹង​ពី​មួល​ហេតុដែល​បណ្ដាល​ឲ្យ​អ្នកមាន​ក្លិន​មាត់​មិនល្អ​ជាមុនសិន​ទើប​ប្រសើរ​។ អាហារ​មួយចំនួន​អាច​បង្ក​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ ប៉ុន្តែ​វា​ក៏​អាចជា​រោគសញ្ញា​មួយ​ដែល​បង្ហាញ​ឲ្យ​ដឹងថា អ្នក​កំពុង​កើតមាន​ជំងឺ​ធ្ងន់ធ្ងរ​ផងដែរ​។​


 
​ខាងក្រោម​យើង នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ហេតុ​បង្ក​ចំនួន ៨ នៃ​បញ្ហា​ក្លិន​មាត់​មិនល្អ ហើយ​អ្នក​ចាំបាច់​គួរ​ដឹង​ពី​វា​៖

១. កង្វះ​អនាម័យ​សុខភាព​មាត់​ធ្មេញ​
 
​បាក់តេរី​អាច​កើតមានឡើង​នៅ​ចន្លោះ​ធ្មេញ ក៏ដូចជា​នៅតាម​អញ្ចាញធ្មេញ និង​អណ្ដាត​ដែល​បណ្ដាល​ឲ្យ​មាត់​មាន​ក្លិន​មិនល្អ​។ បាក់តេរី​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាច​បង្ក​ឲ្យ​ធ្មេញ​ពុក និង​ជំងឺ​អញ្ចាញធ្មេញ​ផងដែរ​។ ការប្រើប្រាស់​ខ្សែ​រ៉ូ​ត​សម្អាត​ធ្មេញ និង​ការ​ដុសធ្មេញ អាចជួយ​កាត់បន្ថយ​បាក់តេរី ហើយ​ថែមទាំង​ព្យាបាល​បញ្ហា​ក្លិន​មាត់​មិនល្អ​ទៀតផង​។​

២. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ គឺ​មូលហេតុ​ចម្បង​នៃ​ក្លិន​មាត់​មិនល្អ​។ ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ ដូច្នេះ​ទើប​កំទេចកំទី​អាហារ​មិន​ជាប់​ក្នុង​មាត់​។​
 
៣. ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ភាគច្រើន​នៃ​ពួកយើង​មិនដឹង​ទេ​ថា ជំងឺ​អញ្ចាញធ្មេញ និង​ជំងឺ​បេះដូង មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ខ្លាំងក្លា​។ ការពិតទៅ ជំងឺ​រលាក​អញ្ចាញធ្មេញ គឺជា​រោគសញ្ញា​ដំបូង​មួយ​នៃ​ជំងឺ​ស​សៃ​ឈាម​បេះដូង​។ ការព្យាបាល​ក្លិន​មាត់​មិនល្អ និង​បញ្ហា​មាត់​ផ្សេងៗ​អាចជួយ​បង្កើន​សុខភាព​បេះដូង​។​
 
៤. ជំងឺ​រលាក​បំពង់ក​
 
​ក្លិន​មាត់​មិនល្អ​ជាប់​រហូត គឺអាច​មានន័យថា អ្នក​កំពុង​កើតមាន​បញ្ហា​ទាក់ទង​នឹង​ជំងឺ​រលាក​បំពង់ក​។ បាក់តេរី​ដែល​បណ្ដាល​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ ក៏​អាច​ប៉ះពាល់​ទៅលើ​សាច់​បំពង់ក​ផងដែរ​។​
 
៥. ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​
 
​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ដែលមាន​បញ្ហា​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ និង​ជំងឺ​អញ្ចាញធ្មេញ គឺអាច​ជួបប្រទះ​នូវ​ហានិភ័យ​ខ្ពស់​នៃ​បញ្ហា​សម្រាលកូន​មិន​គ្រប់​ខែ ឬ​ទារក​កើតមក​មិន​គ្រប់​ទម្ងន់​។​
 
៦. ដំបៅ​ក្រពះ​
 
​រោគសញ្ញា​ទូទៅ​បំផុត​នៃ​ដំបៅ​ក្រពះ គឺ​ការឈឺ​ក្រពះ​ខ្លាំង​, ក្រហាយ​ទ្រូង និង​ពិបាក​ក្នុងការ​ទទួលទាន​អាហារ​។ ប៉ុន្តែ​នៅមាន​រោគសញ្ញា​ចម្បង​មួយទៀត​នោះ គឺ​ក្លិន​មាត់​មិនល្អ ដែល​បណ្ដាលមកពី Helicobacter pylori បាក់តេរី​តែមួយ​ដែល​បង្ក​ឲ្យ​ដំបៅ​ក្រពះ​។​
 
៧. ប្រើប្រាស់​ទឹក​ខ្ពុរមាត់​ច្រើនពេក​
 
​ទោះបីជា​ទឹក​ខ្ពុរមាត់​អាចជួយ​កាត់បន្ថយ​ក្លិន​មាត់​មិនល្អ​បាន​ក៏ពិតមែន ប៉ុន្តែ​ការប្រើ​ច្រើន​ជ្រុល​ពេក​វា​អាច​កម្ចាត់​សូម្បីតែ​បាក់តេរី​ល្អៗ​ដែលមាន​នៅក្នុង​មាត់​។​
 
៨. ជំងឺ​ទឹកនោមផ្អែម​
 
​បញ្ហា​សុខភាព​មួយទៀត​ដែល​បង្ក​ឲ្យ​មាន​ក្លិន​ខ្យល់​ដង្ហើម​មិនល្អ​នោះ គឺ​ជំងឺ​ទឹកនោមផ្អែម ដែល​បណ្ដាលមកពី​ការផលិត​អាំង​ស៊ុយ​លីន​មិន​គ្រប់គ្រាន់​។ ក្លិន​ដូច​ផ្លែឈើ ឬ​ក្លិន​ដូច​អា​សេ​តូន គឺ​ច្រើន​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ទឹកនោមផ្អែម​។ ទោះជា​យ៉ាងណា កុំ​ប្រញាប់​ភ័យព្រួយ ហើយ​គិតថា​ខ្លូន​ឯង​មាន​ជំងឺ​ទឹកនោមផ្អែម ឬ​ជំងឺ​ផ្សេងទៀត​ពេក ប្រសិនបើ​អ្នក​គ្រាន់​តែមាន​ក្លិន​មាត់​មិនល្អ​។ មូលហេតុ​មួយចំនួន​ដូចដែល​បាន​រៀបរាប់​ខាងលើ​អាចជា​ហេតុផល​នៃ​បញ្ហា​ក្លិន​មាត់​របស់​អ្នក ដូច្នេះ​ចូរ​ចាប់ផ្ដើម​ជាមួយនឹង​ការអនុវត្តន៍​នូវ​ទម្លាប់​អនាម័យ​មាត់​ធ្មេញ​ឲ្យ​បានល្អ​សិន ហើយ​ប្រសិនបើ​បញ្ហា​នៅតែ​មិន​បាត់​ទៅណា​នោះ និង​ថែមទាំង​អម​មកជា​មួយ​នូវ​រោគសញ្ញា​ផ្សេងៗ​ទៀត អ្នក​គួរ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬ​ទៅពិនិត្យ​សុខភាព​ភ្លាម​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com