សិល្បៈអន្តរជាតិ
អន្តរជាតិ
ក្រុមតារាចម្រៀងកូរ៉េ BTS អាចរកបានចំណូលជិត ៤ពាន់លានដុល្លាររាល់ឆ្នាំជូនជាតិ
× ក្រុមតារាចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងដែលមានឈ្មោះក្នុងឆាកអន្តរជាតិថា BTS ឬមានពាក្យពេញថា Bangtan Sonyeondan រកចំណូលយ៉ាងសន្ធឹកសន្ធាប់រហូតដល់ជិត បួនពាន់លានដុល្លាររៀងរាល់ឆ្នាំសម្រាប់ជួយសេដ្ឋកិច្ចជាតិ។
ក្រុម BTS ដែលមានអ្នកគាំទ្រ និងទស្សនារាប់លាននាក់ជុំវិញពិភពលោករៀងរាល់ថ្ងៃ រាប់ពីទ្វីបអាមេរិកខាងជើងរហូតមកដល់ទ្វីបអាស៊ីនោះអាចរកប្រាក់ចំណូលបានរហូតដល់ ៣,៦ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលក្នុងនោះមានទាំងប្រាក់ចំណូលផ្ទាល់ និងប្រាក់ចំណូលប្រយោល។ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ Hyundai ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន AFP ពីថ្ងៃទី១៨ខែធ្នូនេះ។
តាមរបាយការណ៍ស្រាវជ្រាវនេះ ប្រាក់ចំណូលដ៏ច្រើនសន្ធឹកនេះស្មើនឹងចំណូលរបស់ក្រុមហ៊ុនកម្រិតមធ្យមចំនួន ២៦ ដែលមាននៅក្នុងស្រុក។ ក្រៅពីរកចំណូលបាន ៣,៦ ពាន់លានដុល្លារ ក្រុមតារាចម្រៀងកូរ៉េ K-POP ដ៏ល្បីនេះក៏ជាហេតុផលទាក់ទាញភ្ញៀវទេសចរបរទេសមកកម្សាន្តនៅកូរ៉េខាងត្បូងដែរ។ អ្នកទេសចរបរទេសម្នាក់ក្នុងចំណោម ១៣ នាក់ដែលមកលេងនៅកូរ៉េខាងត្បូងដោយសារមានគោលបំណងមកទស្សនាកម្មវិធីដែលទាក់ទងជាមួយក្រុមចម្រៀង BTS នេះ។
ក្រុម K-POP មានតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌សម័យទំនើបរបស់កូរ៉េខាងត្បូង ហើយក៏ ជួយជំរុញវិស័យសេដ្ឋកិច្ចជាតិបានយ៉ាងសកម្មថែមទៀតផង។ អ្នកជំនាញរំពឹងទុកថា បើក្រុមមួយនេះអាចរក្សាប្រជាប្រិយភាពរបស់ខ្លួនឲ្យបានប្រសើរ ក្នុងរយៈពេល១០ឆ្នាំខាងមុខ BTS អាចរកចំណូលបានជិត៣៧ ពាន់លានដុល្លារបន្ថែមទៀតលើវិស័យទេសចរណ៍ ទំនិញ និងកម្មវិធីផ្សេងៗដែលទាក់ទងនឹងភាពល្បីល្បាញរបស់ពួកគេ។
© រក្សាសិទ្ធិដោយ thmeythmey.com