លោក ជួន ផល្លា ជាអតីតមន្ត្រីប៉ូលិសមួយរូបនៅស្រុកស្អាង ខេត្តកណ្តាល ប៉ុន្តែរយៈពេល៥ឆ្នាំចុងក្រោយនេះ លោក និងគ្រួសារបានផ្លាស់មកប្រកបរបរប៉ះកង់រថយន្តនៅជាយរាជធានីភ្នំពេញវិញ។ ថ្វីត្បិតតែមានទីតាំងត្រឹមត្រូវនៅតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងភូមិសាស្ត្រខណ្ឌដង្កោរក៏ដោយ ប៉ុន្តែតែលោក ផល្លា ក៏ទទួលសេវាកម្មទៅប៉ះកង់រថយន្តចល័តផងដែរ។
ម៉ោងមិនទាន់៧ព្រឹកស្រួលបួលផង លោក ជួន ផល្លា មានម៉ូយមួយទៅហើយ។ នោះជារថយន្តប៊ឺសដែលដឹកក្រុមបុគ្គលិកសារព័ត៌មាន ThmeyThmey សម្រាប់ដំ ណើរកម្សាន្តចុងឆ្នាំឆ្ពោះទៅកាន់ខេត្តកែប និងកំពត។ រថយន្តបានជាន់ដែកគោលនៅក្បែរទីតាំងចេញដំណើរ ហើយក្រោយវិលកង់បានប្រមាណ១០គីឡូម៉ែត្រ រថយន្តបានទៅដល់មុខតូបរបស់លោក ផល្លា ដើម្បីជួសជុលពោះវៀនល្មម។
ឈរនៅពីមុខផ្ទះប្រក់ស័ង្កសីតូចល្មមដែលសង់ពីលើប្រឡាយទឹក ហើយម្ខាងទៀត មានរថយន្តកូរ៉េមួយបាំងផ្ទុកដោយម៉ាស៊ីនសម្រាប់ប៉ះកង់ លោក ជួន ផល្លា បានរៀបរាប់ប្រាប់ថា លោកអាចរកចំណូលបានសមរម្យពីរបរប៉ះកង់រថយន្ត ក្រោយពីលោកបានសម្រេចចិត្តឈប់ធ្វើមន្ត្រីនគរបាល។
«ខ្ញុំអាចរកចំណូលបានប្រមាណ៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលក្នុងមួយថ្ងៃ និងអាចលើសពីនេះ»។ បុរសវ័យ៥៥ឆ្នាំរូបនេះ បានអះអាងយ៉ាងដូច្នេះ ប្រាប់អ្នកយកព័ត៌មាន ThmeyThmeyដោយមានភរិយា ចាំបន្ទរពីក្រោយ។
ទីតាំងបច្ចុប្បន្នដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិសាស្ត្រភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោរ រាជធានីភ្នំពេញ ជាទីតាំងដែលលោកទើបតែជួលនារយៈពេល២ខែចុងក្រោយប៉ុណ្ណោះ ដោយប្រមាណ៥ឆ្នាំកន្លងមក លោកប្រកបរបរនេះ នៅម្តុំផ្លូវទៅកាន់ពន្ធនាគារព្រៃសរ។
លោក ផល្លា បានបញ្ជាក់ថា នៅទីតាំងចាស់ ចំណូលរបស់លោកមិនសូវកាក់កបដូចមុនឡើយ ព្រោះផ្លូវធ្វើដំណើរកាន់តែស្រួល ហើយដោយសារទីតាំងជិតទីប្រជុំជនផងដែរនោះ ទើបគេធ្វើដំណើរទៅហួស មកហួស។
បុរសដែលអះអាងថាខ្លួនធ្លាប់ជាមន្ត្រីប៉ូលិសរូបនេះ បានរៀបរាប់ថា លោកឈានមកប្រកបរបរប៉ះកង់រថយន្ត ដោយសារតែមានការត្រួសត្រាយពីសំណាក់កូនប្រសារប្រុសទីពីររបស់ខ្លួន។ «ក្រោយសង្កេតឃើញថា កូនប្រសារហាក់ដូចជាកាក់កបខ្លាំង នឹងរបរប៉ះកង់រថយន្តនេះ ខ្ញុំក៏រៀនធ្វើតាម ដោយលែងខ្វល់រឿងឡើងបុណ្យស័ក្តិនៅក្នុងជួរប៉ូលិស»។ លោកបានបញ្ជាក់យ៉ាងដូច្នេះ ខណៈភរិយាលោក ដែលពរចៅប្រុសម្នាក់នៅនឹងចង្កេះ បាននិយាយបន្ទរពីក្រោយថា គាត់ [លោក ផល្លា] ឈប់ធ្វើប៉ូលិសដោយសារអត់ខ្នង អត់ខ្សែ។
ប៉ះកង់លត? តាមពិតអក្សរមានន័យថា ប៉ះកង់ចល័ត
លោក ផល្លា និងភរិយា មានកូន៦នាក់ (ប្រុស៤ ស្រី២) ប៉ុន្តែកូនទាំងនោះសុទ្ធតែនៅក្រៅបន្ទុក ចំណែកកូនប្រុសពៅអាយុជាង២០ឆ្នាំ ដែលរស់នៅជាមួយពួកគាត់ នឹងចូលរោងការនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ខាងមុខ។
ទាក់ទងនឹងការប៉ះរថយន្តចល័ត លោក ផល្លា បញ្ជាក់ថា តម្លៃប្រែប្រួលទៅតាមទីកន្លែង និងពេលវេលា។ លោកពន្យល់ថា៖ « បើប៉ះនៅកន្លែង មួយបំណះតម្លៃ១ម៉ឺនរៀល ប៉ុន្តែបើសេវាចល័តវិញ ខ្ញុំអាចទារថ្លៃរហូតដល់១០ដុល្លារ ឬច្រើនជាងហ្នឹង ជាពិសេសចាប់ពីម៉ោង១០យប់ទៅ។ ជាធម្មតា ខ្ញុំហត់នឿយពេញមួយថ្ងៃ ដូច្នេះបើការហៅទៅខាងក្រៅ និងពេលយប់ព្រលប់ ខ្ញុំត្រូវតែទាមទារថ្លៃសេវាកម្មបន្ថែម ដែលនេះជារឿងធម្មតាទៅហើយ»។
ជាការងារនឿយហត់? សម្រាប់លោក ផល្លា ដែលមានអាយុជាង៥០ឆ្នាំទៅហើយនោះ ពិតជាទទួលស្គាល់យ៉ាងដូច្នេះ ប៉ុន្តែសំណាងល្អ គាត់មានជំនួយដ៏ធំពីកូនប្រុសពៅរបស់ខ្លួន។ លោកបញ្ជាក់ថា៖ «ភាគច្រើនខ្ញុំធ្វើការនៅផ្ទះ រីឯសេវាចល័ត ជាបន្ទុករបស់កូនប្រុសខ្ញុំ»។ និយាយមិនទាន់ចប់ផង ភរិយាគាត់បានស្រែកពីក្រោយថា ៖ «ក្នុងមួយថ្ងៃ គាត់លើកតែ៤ ទៅ៥កង់ [កង់រថយន្ត] ប៉ុណ្ណោះ ក៏ចាប់ផ្តើមហត់ទៅហើយ»។
អ្វីដែលគួរឲ្យកត់សម្គាល់នោះ លោក ផល្លា មិនមែនរកស៊ីតែម្នាក់ឯងនោះឡើយ។ កូនរបស់លោកពីរនាក់ទៀត ក៏នៅបន្តរកស៊ីប៉ះកង់រថយន្តចល័តនេះផងដែរ ដោយពួកគេបោះទីតាំងនៅម្តុំផ្សារកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
កូនៗរបស់លោក ផល្លា សុទ្ធតែមានដីឡូតិ៍ ធ្វើតូបផ្ទាល់ខ្លួន ខណៈទីតាំងរបស់លោកបច្ចុប្បន្ន គឺជួលដីគេក្នុងតម្លៃ១០០ដុល្លារអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក ផល្លា អះអាងថា លោកអាចរ៉ាប់រងបាន បើផ្អែកតាមចំណូលជាប្រចាំពី៣០ទៅ៤០ម៉ឺនរៀលក្នុង១ថ្ងៃ។
ដីដែលលោកជួល មានលក្ខណៈធំទូលាយ ដែលអាចថតរថយន្តបានច្រើនគ្រឿង។ នៅក្រោយផ្ទះឈរប្របទឹក លោក ផល្លា សាងសង់រោងមួយទៀត ដែលនៅទីនោះ គេសង្កេតឃើញ ម៉ូតូ Zoomer និងរថយន្តចាស់មួយគ្រឿងសំចតចោល រួមទាំងកង់រថយន្តចាស់ៗជាច្រើនផងដែរ។
លោក ផល្លា បានបញ្ជាក់ថា៖ «ធម្មតាភ្ញៀវមិនដែលយកកង់ឡានចាស់របស់ខ្លួនទៅឡើយ ដូច្នេះខ្ញុំសន្សំកង់ទាំងនោះ ដើម្បីលក់បន្ត ដោយពីមុនមួយតម្លៃជាង១ម៉ឺនរៀល ប៉ុន្តែសព្វថ្ងៃ តម្លៃធ្លាក់មកត្រឹមតែ១ដុល្លារប៉ុណ្ណោះ»។
ទាក់ទងនឹងការប្រកួតប្រជែង លោក ផល្លា លើកឡើងថា មានកាន់តែច្រើន ប៉ុន្តែលោកមិនព្រួយបារម្ភឡើយ ពីព្រោះម៉ូយជាច្រើនមានលេខទូរសព្ទលោក និងកូនៗលោកស្រាប់។ លោកនិយាយដោយលើកនាមបណ្ណដែលមានលេខទូរសព្ទជាច្រើន រីឯភ្នែកសំឡឹងទៅកាន់រថយន្តរបស់ខ្លួនដែលមានលេខទូរសព្ទផងដែរ។
បន្ថែមពីលើនេះ លោក ផល្លា ត្រៀមលក្ខណៈរួចរាល់ហើយ ប្រសិនបើរបរនេះ លែងត្រូវប៉ាន់នាពេលអនាគត។ លោកបន្ថែមថា៖ «ទៅថ្ងៃខាងមុខ ខ្ញុំអាចបើកហាងលក់កង់ឡាន ឬគ្រឿងឡានវិញ»។
ដល់ម៉ោងល្មមដែលក្រុមអ្នកទេសចរពីសារព័ត៌មាន ThmeyThmey ត្រូវឡើងរថយន្តបន្តដំណើរទៅខេត្តកែប និងកំពត។ ប៉ុន្តែមុននឹងទទួលពាក្យលា លោក ផល្លា បានឆ្លៀតស្រែកប្រាប់ថា លោកក៏ជាអតីតអ្នកសារព័ត៌មានម្នាក់ផងដែរ....៕