ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជន ចាប់ផ្ដើម​យល់ដឹង​ច្រើន​ពី «​ល្ខោនខោល​»
22, Dec 2018 , 9:59 am        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ជា​ផ្លួ​វ​ការ ក្នុង​កម្រិត​សង្គ្រោះបន្ទាន់ យុវជន​កាន់តែ​យល់​ពី​តម្លៃ​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះ​។ នៅក្នុង​កម្មវិធី​បាឋកថា​មួយ​ស្ដីពី “​ល្ខោនខោល និង​មុខ​ខ្មុក​នៅ​ស្រុក​ខ្មែរ​” កាលពីពេល​កន្លងទៅ មាន​យុវជន​ជាច្រើន​បាន​ចូលរួម​ស្វែងយល់​ពី​ប្រវត្តិ​ល្ខោន​នេះ​។ បាឋកថា​បានបង្ហាញ​ឯកសារ​ស្រាវជ្រាវ ពី​ចម្លាក់ សិលា​ចារិក គំនូរ ពាក់ព័ន្ធ​នឹង​ល្ខោនខោល​ដែល​កើតមាន​តាំង​ពីមុន​សម័យអង្គរ​រហូតដល់​បច្ចុប្បន្ន​។

 
​ជា​អ្នកចូលរួម​ក្នុង​បាឋកថា​តាំងពីដើម​រហូតដល់​ចប់ កញ្ញា សេក ដាលីន បាន​តាមដាន​យ៉ាង​យកចិត្ត​ទុក​ពី​របៀប​ដែល​ខ្មែរ​បុរាណ​បង្កើត​ល្ខោនខោល និង​ភាព​អស្ចារ្យ​របស់​ដូនតា  ដែល​បាន​បន្សល់ទុក​មរតក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ រហូតដល់​បច្ចុប្បន្ន តាមរយៈ​បាឋកថា​ស្ដីពី​ល្ខោនខោល​។ ដោយសារ​ចិត្ត​រំជើបរំជួល​នឹង​ប្រវត្តិ​ដ៏​ល្អ​ឥតបី របស់​ល្ខោនខោល​ខ្មែរ​ដែល​ដូនតា​បន្សល់ទុក​នោះ និស្សិត​វ័យ​១៨​ឆ្នាំ​រូបនេះ តាំងចិត្ត​រួមចំណែក​ផ្សព្វផ្សាយ​ពី​ទម្រង់​សិល្បៈ​ល្ខោន​មួយ​នេះ ដោយ​ការនាំ និង​ពន្យល់​មិត្ត​ឱ្យទៅ​ចូលរួម​ការសម្ដែង​ផ្សេងៗ​ទៀត​។​
 
​ដាលីន បញ្ជាក់ ៖« បានដឹង​ពី​ការបង្កើត​ល្ខោនខោល​ដោយ​របៀប​ណា ពី​ការថែរក្សា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​រហូតមកដល់​ប​ច្ចុ​ប្បន្ន​។ បានដឹងថា​ដូនតា​ខ្មែរ​មាន​ភាព​អស្ចារ្យ​យ៉ាងណា ដែល​គាត់​អាចបង្កើត​សិល្បៈ និង​មរតក​ជាច្រើន​ទៀត​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​គឺ​ការ​បបួល​មិត្ត​ឱ្យទៅ​មើល​ការសម្ដែង​សិល្បៈ​បុរាណ និង​ពន្យល់​ពី​តម្លៃ​របស់​សិល្បៈ​ខ្មែរ​»​។


 
​លោក ងួន សា​ខេន វ័យ​២២​ឆ្នាំ គឺជា​នាដក​ល្ខោនខោល​មួយរូប​ដែល​ទើបតែ​ហាត់រៀន​របាំ​នេះ​បាន​៣​ឆ្នាំ​។ តាមពិតទៅ​សា​ខេន គឺជា​និស្សិត​ផ្នែក​ស្ថាបត្យកម្ម តែ​ដោយ​ក្ដី​ស្រឡាញ់​សិល្បៈ​តាំងពីក្មេង ទើបបានជា​លោក​សម្រេចចិត្ត​ចូល​ហាត់​របាំ​នៅ​អាយុ​១៩​ឆ្នាំ​។ បាន​ទៅ​ចូលរួម​ក្នុង​បាឋកថា​រហូតដល់​ចប់​កម្មវិធី សា​ខេន ដែលមាន​មាឌ​ធាត់​រាង​ខ្ពស់ សម្បុរ​ស ឆ្លៀត​បញ្ជាក់​ពីស​ម្ទុះ​នៃ​ការគាំទ្រ​សិល្បៈ​បុរាណ​របស់​យុវជន​កន្លងមក​ថា​មិន​ទៀងទាត់​។​
 
​នាដក​រូបនេះ​ពិតជា​រីករាយ​ពេលដែល​ល្ខោនខោល​ខ្មែរ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​។ ស្របពេល​ខោល​ចុះ​ក្នុង​បញ្ជី​ត្រូវ​សង្គ្រោះបន្ទាន់ សា​ខេន យល់ថា​នេះ​ជា​សារ​មួយ​ដាស់តឿន​ស្មារតី​ខ្មែរ ឱ្យ​យកចិត្តទុកដាក់​ពី​សិល្បៈ​របស់ខ្លួន​។ «​សិល្បៈ​គឺជា​គ្រឿង​លម្អ​របស់​ប្រទេសមួយ ដូចជា​មនុស្ស​ស្រី​ដែល​ត្រូវការ​គ្រឿងអលង្ការ​លម្អ​ខ្លួន ជាតិ​យើង​មាន​សិល្បៈ​ជា​គ្រឿង​លម្អ​ដែរ ទៅដល់​ទីណា​គេ​គ្រាន់តែ​ឃើញ​ខោល​គេ​ស្គាល់​បាន​ថា​ជា​ខ្មែរ​។ សិល្បៈ​គឺជា​គ្រឿង​សម្គាល់​ពី​អត្តសញ្ញាណ​ជាតិ​មួយផ្នែក​ដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ងួន សា​ខេន​។


 
​ក្នុងនាម​ជា​នាដក​មួយរូប  សា​ខេន មានតែ​ការ​ខំ​ហាត់រៀន​របាំ​បន្ត និង​ទៅ​សម្ដែង​នៅ​កន្លែង​ផ្សេងៗ​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​បន្ត​។​
 
​មិន​ខុសគ្នា​ដែរ​កញ្ញា ប្រាក់ ស្រី​ណែ​ត គឺជា​និស្សិត​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក៏​រីករាយ ដែល​ល្ខោនខោល​ខ្មែរ​បាន​ចុះបញ្ជី​ក្នុង​សម្បត្តិ​វប្បធម៌​ពិភពលោក​នេះ​។ នារី​រូបនេះ​យល់ឃើញថា ការដាក់​ប​ញ្ជូ​ល​នេះ​គឺជា​ការប្រកាស​ប្រាប់​ពិភពលោក ឱ្យជួយ​ថែរក្សា​របាំ​របស់​ខ្មែរ​។​
 
​មិន​ភ្លេច​រម្លឹក​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ដូនតា​ខ្មែរ​គ្រប់​ជំនាន់​តាំង​ពីមុន​សម័យអង្គរ ដែល​បន្ត​ថែរក្សា​ទម្រង់​សិល្បៈ​មួយ​ប្រភេទ​នេះ​រហូតដល់​បច្ចុប្បន្ន​ដែល កញ្ញា ប្រាក់ ស្រី​ណែ​ត បានដឹង​តាមរយៈ​បាឋកថា​របស់​អ្នកជំនាញ​។ នាង​បញ្ជាក់​យ៉ាង​ដូច្នេះ ៖« ល្ខោនខោល​ត្រូវបាន​ដូនតា​ខ្មែរ​ថែរក្សា​បន្តបន្ទាប់​គ្នា រហូតមកដល់​ពេលបច្ចុប្បន្ន គឺជា​រឿង​អស្ចារ្យ​ណាស់​។ ខ្ញុំ​យល់ថា​ការចុះបញ្ជី​នេះ បានប្រកាស​ប្រាប់​ប្រទេស​លើ​ពិភពលោក ឱ្យ​ចូលរួម​ថែរក្សា​ជាមួយនឹង​ខ្មែរ​ដែរ​»​។


 
​ថ្លែង​ក្នុង​បាឋកថា លោក ព្រាប ចាន់​ម៉ា​រ៉ា ព្រឹទ្ធបុរស​រង​មហាវិទ្យាល័យ​បុរាណវិទ្យា បានបង្ហាញ​ភស្តុតាង​ជាច្រើន​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​សិលា​ចារិក ចម្លាក់​តាម​ជញ្ជាំង​ប្រាសាទ​ជាច្រើន​រាប់មិនអស់ និង​គំនូរ​បុរាណ តាំង​ពីមុន​សម័យអង្គ​រ​និង​សម័យ​ក្រោយៗ​មកទៀត រហូតដល់​បច្ចុប្បន្ន ពី​ជីវិត​សិល្បៈ​ល្ខោនខោល ក្នុង​ជីវភាព​របស់​ប្រជាជន​ខ្មែរ​។ លោ​កថា​មាន​ឯកសារ​ស្រាវជ្រាវ​មួយចំនួន បានបង្ហាញ​ពី​ការសម្ដែង​ល្ខោនខោល​នៅក្រៅ​ប្រទេស ជាពិសេស​ប្រទេស​បារាំង ដែល​វិចិត្រករ​បាន​គូររូប​ល្ខោនខោល គ្រា​ដែល​ទៅ​សម្ដែង​នៅ​ប្រទេស​របស់ខ្លួន​។



​លោក ព្រាប ចាន់​ម៉ា​រ៉ា បាន​បញ្ជាក់ថា បាឋកថា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ពី  ប្រវត្តិ និង​ទម្រង់​សិល្បៈ​ល្ខោនខោល ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​សិក្សា​ស្វែងយល់​ឱ្យ​កាន់តែច្បាស់​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ ៖«​តាំងពី​បុរាណ​ដូនតា​អាចបង្កើត​និង​ថែរក្សា​ល្ខោន​នេះ​បាន ក្មេងជំនាន់ក្រោយ​ក៏មាន​កាតព្វកិច្ច​ថែរក្សា​បន្ត​ដែរ​។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ពី​ប្រវត្តិ និង​ការថែរក្សា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ឱ្យ​ក្មេងជំនាន់ក្រោយ​ដឹង​។ គេ​ពីមុន​អាច​រក្សាបាន​រាប់រយ​រាប់ពាន់​ឆ្នាំ ចុះ​យើង​ឥឡូវ​គ្រាន់តែ​ថែ​ក៏​មិនបាន​អី​ក៏​ចោលម្សៀត​ម្ល៉េះ​»​។


 
​ពី​ដើម​ល្ខោនខោល​មាន​សម្ដែង​ក្នុង​ព្រះ​រាជពិធី​ឡើង​សោយរាជ្យ ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម ព្រះរាជ​ពិធីបុណ្យ​តាំងតុ (​ឥឡូវ​ធ្វើ​ច្រត់ព្រះនង្គ័ល​) ព្រះរាជ​ពិធីបុណ្យ​អំ​ទូក ព្រះ​រាជពិធី​ចម្រើន​ព្រះកេសា (​កោរ​ជុក​) ព្រះរាជបុត្រ ក្បួន​ព្រះ​រាជពិធី​ហែ​ព្រះ​បរមសព ព្រះរាជ​ពិធីបុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព និង​ព្រះរាជ​ពិធីបួងសួង​ផ្សេងៗ ។​ល​។ ទាំងនេះ​សុទ្ធសឹង​ជា​ពិធី​របស់​ព្រះ​ប​ហា​ក្សត្រ​។​
 
​ចំណែក​ទំនៀម​អ្នកស្រុក​ទូទៅ​វិញ គេ​សម្ដែង​ក្នុង​ពិធីបុណ្យ​បញ្ចុះសីមា​ឆ្លង​ព្រះវិហារ បុណ្យចម្រើនព្រះជន្ម​ព្រះសង្ឃរាជ ឬ​ចៅអធិការ​វត្ត បុណ្យ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​សម្ដេចព្រះសង្ឃរាជ បុណ្យ​រំលាយ​ព្រះ​សព​ព្រះចៅអធិការ​វត្ត​។ រីឯ​បុណ្យ​ភូមិ​សម្ដែង​ដើម្បី​សុំ​ទឹកភ្លៀង បណ្ដេញ​ចង្រៃ ឬ​ជំងឺ​រាតត្បាត​.... ពិធី​ថ្វាយ​អ្នកតា (​អស់លោក​បង់ បទ​..) ពិធីបួងសួង​បន់ស្រន់​ផ្សេងៗ និង​ពិធី​សំពះគ្រូ​។​ល​។ នេះ​បើ​យោងតាម​ឯកសារ​ស្រាវជ្រាវ ដែល​លោក ព្រាប ចាន់​ម៉ា​រ៉ា ប្រមូលបាន និង​បានបង្ហាញ​ក្នុង​បាឋកថា​នៅ​ថ្ងៃទី​៦​ខែ​ឆ្នូ​ឆ្នាំ​២០១៨៕


 

Tag:
 ភ្នំពេញ​
  ល្ខោនខោល​
  សិល្បៈ​
  របាំ​
  បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​
© រក្សាសិទ្ធិដោយ thmeythmey.com