កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez ឈ្នះ​២៥០០០​ដុល្លារ​ពី Rojo ដែល​ភ្នាល់​ថា Man Utd បណ្តេញ Mourinho
21, Dec 2018 , 4:59 pm        
រូបភាព
Alexis Sanchez បានឈ្នះ​ការ​ភ្នាល់​ជា​ទឹកប្រាក់ ២​ម៉ឺន​ផោន (២៥០០០​ដុល្លារ​អាមេរិក​) ជាមួយ​មិត្ត​រួម​ក្រុម Marcos Rojo ជុំវិញ​ការបណ្តេញ​លោក Jose Mourinho ពី​តំណែង​អ្នកចាត់ការ Manchester United​។ នេះ​បើ​យោងតាម​កាសែត Metro​។​

 
​ខ្សែបម្រើ​សញ្ជាតិ​ស៊ី​លី វ័យ​៣១​ឆ្នាំ​រូបនេះ បាន​ផ្ញើរ​សារ​ទៅក្នុង WhatApp នៃ​ក្រុម (Group) កីឡាករ Man Utd ដោយ​អបអរ​ពី​ការចាកចេញ​របស់លោក Mourinho និង​ថែមទាំង​បាន​អះអាងថា​ពេលនេះ​មាន​ខ្សែការពារ​ម្នាក់​បាន​ជំពាក់​នេះ​លុយ​រូបគេ​ហើយ​។​
 
​យោងទៅតាម​កាសែត The Sun សារ​នោះបាន​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​បាន​ប្រាប់​អ្នក​ដូច្នេះ (Mourinho នឹងត្រូវ​បណ្តេញចេញ​) !! ការអត់ធ្មត់​គឺជា​អ្វីដែល​ត្រូវធ្វើ​។ Rojo អ្នក​ជំពាក់​ខ្ញុំ 20k ផោន​»​។ Sanchez បាន​ភ្នាល់​ជាមួយ Rojo ខ្សែការពារ​អន្តរជាតិ​អា​ហ្ស​ង់​ទីន​ដោយ​ដាក់​លុយ​២៥០០០​ដុល្លារ ថា​ក្លិប​នឹង​បញ្ចប់ Mourinho ពី​តំណែង​។​


 
Sanchez ត្រូវបាន​អ្នកចាត់ការ​រហស្សនាម Special One យកមក​រួម​ក្រុម កាលពី​ខែមករា​ឆ្នាំ​មុខ ដោយ​ផ្តល់ប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Premier League រហូតដល់​ជាង​៦​សែន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។ ប៉ុន្តែ​ចាប់តាំងពី​ផ្លាស់​មក ពី​ទឹកដី Old Trafford រូបគេ​នៅ​មិនទាន់​បានបង្ហាញ​ភាពលេច​ធ្លោ​ណាមួយ​ឲ្យ​សម​នឹង​តម្លៃ​ខ្លួន​នៅឡើយ​ទេ​។​
 
​អតីត​សមាជិក Arsenal រូបនេះ ក៏​ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ថ្លៃៗ​ផ្សេងទៀត​ដែល​បរាជ័យ និង​ធ្លាក់​ទម្រង់​លេង​នៅក្រោម​ការដឹកនាំ​របស់​លោក Mourinho ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ដរ​៕

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com