ONE Championship
កីឡាជាតិ
ជាតិ
ដោយខ្លាចចាញ់គូប្រកួត គង់ សំបូរ តែងត្រូវបានឪពុកម្តាយជំរុញឲ្យបង្កើនការហ្វឹកហាត់
×
ដោយ៖ Matias Andres
អ្នកគុនចម្រុះ គង់ សំបូរ តែងតែទទួលបានការលើកទឹកចិត្ត និងជំរុញឲ្យបង្កើនការហ្វឹកហាត់ពីក្រុមគ្រួសារ ពិសេសឪពុកម្តាយ មុនឡើងសង្វៀនប្រកួត ព្រោះពួកគេមិនចង់ឃើញការបរាជ័យ។ គង់ សំបូរ ដែលទើបចុះកុងត្រាជាមួយ ONE Championship នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ ONE: Super Series នៅឆ្នាំនេះ។ កីឡាករវ័យ២៣ឆ្នាំរូបនេះ រំភើបស្ទើរហួសថ្លែង ក្រោយរូបគេទទួលបានការទុកចិត្តពីស្ថានប្រដាល់លំដាប់ពិភពលោក តាមរយៈការផ្តល់កិច្ចសន្យាថ្មី។
«ខ្ញុំសប្បាយចិត្ត ស្ទើរនិយាយមិនចេញ! បើម៉ាក់ខ្ញុំ ពេលគាត់លឺថា ខ្ញុំបានទៅវាយនៅស្រុកក្រៅ គាត់យំតែម្តង។ ម៉ាក់ជាមួយប៉ា គាត់តែងលើកទឹកចិត្តខ្ញុំរហូត ទោះខ្ញុំវាយជាមួយអ្នកណាក៏ដោយ គាត់តែងប្រាប់ឲ្យខ្ញុំប្រឹងហាត់ប្រកួតឲ្យបានល្អ កុំឲ្យចាញ់គេ»។ នេះជាការបង្ហាញអារម្មណ៍របស់កីឡាករ គង់ សំបូរ ក្រោយទទួលបានកិច្ចសន្យាឲ្យឡើងប្រកួតពី ONE Championship។
ក្រោយទទួលបានកិច្ចសន្យាថ្មី គង់ សំបូរ ត្រូវបានស្ថាប័នប្រដាល់ ONE Championship ដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ ONE: Super Series ដែលជាការប្រកួតប្រមូលផ្តុំដោយជើងខ្លាំងមកពីទូទាំងពិភពលោក។ សំបូរ បានអះអាងថា រូបគេចូលចិត្ត និងមើលកីឡាប្រដាល់តាំងពីនៅក្មេង ពិសេសចូលចិត្តមើលការប្រកួតអន្តរជាតិរបស់លោក អេ ភូថង និង ធន់ សុភា។
«កាលនៅពីតូចខ្ញុំស្រលាញ់ប្រដាល់! ពីជំនាន់នោះមានលោកគ្រូ អេ ភូថង និង ធន់ សុភា ជាដើម ពួកគាត់ល្បីពេលឡើងវាយតាមទូរទស្សន៍ កាលនោះយូរៗមានប្រដាល់អន្តរជាតិម្តង។ ខ្ញុំចូលចិត្តមើលពួកគាត់ប្រដាល់ណាស់ ហើយក្នុងចិត្តខ្ញុំស្រម៉ៃចង់ហាត់ដូចពួកគាត់ដែរ»។ នេះជាការបន្ថែមរបស់ គង់ សំបូរ។
កីឡាករ គង់ សំបូរ ដែលចូលហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរតាំងពីឆ្នាំ២០០២ បានអះអាងថា ការចូលរួមជាមួយស្ថាប័ន ONE ព្រោះរូបគេចង់ផ្សព្វផ្សាយ និងបង្ហាញពីក្បាច់គុនខ្មែរឲ្យពិភពលោកស្គាល់កាន់តែច្បាស់ថែមទៀត។ ម្យ៉ាងរូបគេចង់ឲ្យអ្នកដែលធ្លាប់មើលស្រាលកាលពីពេលកន្លងមកដឹងថា រូបគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងបង្ហាញនៅលើឆាកអន្តរជាតិ។
ទោះជាមានការគាំទ្រច្រើនពីសំណាក់គ្រួសារបងប្អូនជាហូរហែក៏ដោយ តែរូបគេក៏ធ្លាប់ទទួលបានការសើចចំអកពីអ្នកដទៃផងដែរ។ «ខ្ញុំចង់ឲ្យអ្នកដែលធ្លាប់មើលងាយខ្ញុំពីមុនទទួលស្គាល់ថា ខ្ញុំអាចមានសមត្ថភាពអាចទៅវាយក្រៅប្រទេស។ គេថា ខ្ញុំគ្មានសំណាងបានទៅប្រកួតនៅក្រៅដូចគេទេ ឥឡូវក្តីស្រមៃខ្ញុំក្លាយជាការពិតហើយ»។ នេះជាការបន្ថែមរបស់ សំបូរ។
ថ្វីបើពេលនេះ គេមិនទាន់បានដំណឹងច្បាស់ថា ត្រូវបង្ហាញខ្លួនប្រកួតពេលណា តែកីឡាកររូបនេះ ខិតខំហ្វឹកហាត់ត្រៀមកម្លាំងរួចជាស្រេចក្នុងការទទួលស្វាគមន៍គូប្រកួតរបស់គេ៕
Tag:
ONE Championship
គង់ សំបូរ
© រក្សាសិទ្ធិដោយ thmeythmey.com