ពីនេះ ពីនោះ
«ជំរុញ» និង«ជម្រុញ» ឬ«ជំងឺ» និង«ជម្ងឺ» ជាព្យាង្គរាយ ឬព្យាង្គតម្រួត?
× ស្មេរខ្លះនៅតែទាន់ច្បាស់ថា តើ«ជំរុញ»,«ជម្រុញ» ឬ «ជំងឺ» និង«ជម្ងឺ» គួរសរសេរមួយណាទើបត្រឹមត្រូវនៅឡើយ។ ពាក្យដែលគួប្បីសរសេរជាព្យាង្គរាយគឺ«ជំរុញ» ឬ«ជំងឺ» ។ បើស្មេរទាំងអស់សរសេរ«ជម្រុញ» ឬ«ជម្ងឺ» ជាព្យាង្គតម្រួត ពិតជាប្រាសចាកពីវចនានុក្រមខ្មែរជាមិនខាន។
លើកលែងតែពាក្យមួយចំនួន ដែលរក្សានៅធាតុដើមមានដូចជា៖ ជំរុញ មិនមែនជម្រុញ, ជំងឺ មិនមែន ជម្ងឺ, សំរាម មិនមែន សម្រាម, កំណើត ក៏មិនមែនកម្ណើតដែរ។
ស្មេរទូទៅច្រឡំពាក្យខ្លះ សរសេរជាព្យាង្គតម្រួត ដោយសារតែឃើញមានពាក្យជាច្រើន សរសេរជាព្យាង្គតម្រួត ពាក្យទាំងនោះមានដូចជា៖ តំរូវ ទៅជាតម្រូវ, សំរាប់ ទៅជាសម្រាប់, គំរោង ទៅជាគម្រោង, សំលាប់ ទៅជាសម្លាប់, សំឡាញ់ ទៅជាសម្លាញ់, សំរួល ទៅជាសម្រួល, ចំលើយ ទៅជាចម្លើយ, សំដី ទៅជាសម្តី, សំគាល់ ទៅជាសម្គាល់, សំដែង ទៅជាសម្តែង, សំបូរ ទៅជាសម្បូរ, សំភី ទៅជាសម្ភី ជាដើម។
ហេតុដូច្នេះ ស្មេរខ្លះគិតថាពាក្យ «ជំរុញ» ឬ«ជំងឺ» ទាំងនេះប្រហែលជាប្តូរពីព្យាង្គរាយ ទៅព្យាង្គតម្រួតដែរហើយ។ ការពិតទៅ ពាក្យ«ជំរុញ» និង«ជំងឺ» នេះសម្តេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានធ្វើការកែសម្រួលឱ្យនៅដូចដើម ដោយត្រូវសរសេរជាព្យាង្គរាយដដែល។ ការបកស្រាយខាងលើនេះ ដោយយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត៕
© រក្សាសិទ្ធិដោយ thmeythmey.com